គ្រូ Liverpool, Man City និង Spurs ស្ថិតក្នុង​ចំណោម​បេក្ខជន​១០​នាក់​សម្រាប់​ពាន​គ្រូបង្វឹក​ឆ្នើម​
កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Liverpool, Man City និង Spurs ស្ថិតក្នុង​ចំណោម​បេក្ខជន​១០​នាក់​សម្រាប់​ពាន​គ្រូបង្វឹក​ឆ្នើម​
01, Aug 2019 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក Pep Guardiola លោក Jurgen Klopp និង លោក Mauricio Pochettino ដែល​កំពុង​ដឹកនាំ​ក្លិប​រៀងៗ​ខ្លួន​នៅ​ក្របខណ្ឌ Premier League ស្ថិតក្នុង​ជម្រើស​ដំបូង​១០​នាក់​សម្រាប់​ពាន Best FIFA Men’s Coach of the Year (​ឆ្នាំ​២០១៩)​។ នេះ​បើ​យោងតាម​បញ្ជី​ដែល​ប្រកាស​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) កាលពី​ថ្ងៃ​ពុធ ទី​៣១ ខែកក្កដា​។​

 
​លោក Pep Guardiola គ្រូបង្វឹក​អេ​ស្ប៉ា​ញ ជា​មនុស្ស​ដំបូង​ដែល​បាន​ដឹកនាំ Manchester City ឈ្នះ​ពាន​បី​នៅ​អង់គ្លេស​ក្នុង​ឆ្នាំ​តែ​១ ដែល​ក្នុងនោះ​មាន Premier League, League Cup និង FA Cup និង​ឈានដល់​វគ្គ​១/៤​នៃ​ក្របខណ្ឌ Champions League​។ 
 
​គ្រូបង្វឹក​អាល្លឺម៉ង់ លោក Jurgen Klopp បាន​នាំ Liverpool ឈ្នះ​ពាន Champions League និង​បញ្ចប់​លេខ​២​នៅ Premier League ជាមួយនឹង​៩៧​ពិន្ទុ ដោយ​ចាញ់​តែ​១​ប្រកួត​ប៉ុណ្ណោះ​។​
 
​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន លោក Mauricio Pochettino នាំ Tottenham Hotspur ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ជា​ប្រវត្តិសាស្ត្រ បញ្ចប់​លេខ​៤​នៅ Premier League និង​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ League Cup​។​
 
​លោក Didier Deschamps គ្រូបង្វឹក​បារាំង បាន​នាំ​ក្រុម​ជម្រើសជាតិ​ឈរលើ​កំពូល​តារាង​ក្នុង​វគ្គ​ជម្រុះ EURO 2020 ជាមួយនឹង​ជ័យជម្នះ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​លើ​ហូ​ឡង់ និង​អាល្លឺម៉ង់​។ បច្ចុប្បន្ន បារាំង​ឈរ​លេខ​២​នៅ FIFA World Ranking​។​
 
​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អាល់​ហ្សេ​រី លោក Djamel Belmadi នាំ​ក្រុម​ឈ្នះ​ពាន CAF Africa Cup of Nations លើក​ទី​ពីរ​ជា​ប្រវត្តិសាស្ត្រ ហើយ​ក្រុម​ធ្លាយ​គ្រាប់​បាល់​តែ​ពីរ​គ្រាប់​ប៉ុណ្ណោះ ក្នុង​ដំណើរ​ទៅកាន់​ជើងឯក​។​
 
​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន លោក Marcelo Gallardo បាន​នាំ River Plate ឈ្នះ​ពាន Copa Libertadores ឆ្នាំ​២០១៨ ហើយ​បាន​លេខ​៣​ក្នុង​ពាន FIFA Club World Cup​។​
 
​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន លោក Ricardo Gareca បាន​នាំ​ប៉េ​រូ​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ Copa America ជាមួយនឹង​ជ័យជម្នះ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​លើ​បូ​លី​វី និង​ស៊ី​លី​។ នេះ​ជា​មេដាយប្រាក់​ប្រចាំ​ទ្វីប​លើកដំបូង​របស់​ប៉េ​រូ បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៧៥​មក​។​
 
​លោក Fernando Santos បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​របស់ខ្លួន​ឈ្នះ​ពាន UEFA Nations League​។ ចន្លោះ​ពីថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ ដល់​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ ព័រ​ទុយ​ហ្គា​ល់ មិន​ស្គាល់​ចាញ់​ទាល់តែសោះ​ក្នុង​១០​ប្រកួត​។​
 
​គ្រូបង្វឹក​ហូ​ឡង់ លោក Erik ten Hag បាន​នាំ Ajax ឈ្នះ​ពាន​ក្នុងស្រុក Eredivisie, KNVB Cup និង Johan Cruyff Shield​។ Ajax ឈានទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League ដ៏​គួរ​ឲ្យ​កត់សម្គាល់​បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩៧​មក​។ 
 
​គ្រូបង្វឹក​ប្រេ​ស៊ី​ល លោក Tite បាន​នាំ​ក្រុម​ជម្រើសជាតិ​ឈ្នះ Copa America ឆ្នាំ​២០១៩ ហើយ​ចាញ់​តែមួយ​ប្រកួត​ប៉ុណ្ណោះ ក្នុង​ដំណើរ​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​។​
 
​លទ្ធផល​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​២៣ ខែកញ្ញា នៅ​ក្រុង Milan ប្រទេស​អ៊ីតាលី​៕
 

Tag:
 Coach of the Year
© រក្សាសិទ្ធិដោយ thmeythmey.com