វិសាខា​ប្រជែង​ដណ្តើម​លេខ​រៀង​ទី​៣​ជាមួយ​អង្គរ​ថា​យ​ហ្គឺ​រ រីឯ​ទ័ព​សងសឹក​បឹងកេត ខណៈ​យុវជន​បាទី​ប៉ះ​កំពង់ចាម​
កីឡាជាតិ
ជាតិ
វិសាខា​ប្រជែង​ដណ្តើម​លេខ​រៀង​ទី​៣​ជាមួយ​អង្គរ​ថា​យ​ហ្គឺ​រ រីឯ​ទ័ព​សងសឹក​បឹងកេត ខណៈ​យុវជន​បាទី​ប៉ះ​កំពង់ចាម​
03, Aug 2019 , 11:14 am        
រូបភាព
​ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​បាន​ឈានដល់​សប្តាហ៍​ទី​១៨ ដោយនៅ​ថ្ងៃ​សៅរ៍ ទី​៣ សីហា នេះ មានការ​ប្រកួត​ដ៏​ជក់ចិត្ត​ចំនួន​ពីរ​គូ អមដោយ​ជំនួប​បង្គ្រប់កិច្ច​១​គូ​ទៀត​ផងដែរ​។ វិសាខា ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខ្លួន ជម្រះបញ្ជី​ចាស់​ជាមួយ​អង្គរ​ថា​យ​ហ្គឺ​រ រីឯ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ​ក្លាយជា​ទីតាំង​កាត់សេចក្តី​រវាង​បឹងកេត​ជាមួយ​ក្រសួងការពារជាតិ ខណៈ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​រំពឹង​យកឈ្នះ​កំពង់ចាម​ជា​លើក​ទី​២​។

 
​វិសាខា ប៉ះ អង្គ​រថា​យ​ហ្គឺ​រ វេលា​ម៉ោង​៦​ល្ងាច​នៅ​កីឡដ្ឋាន​វិសាខា​
 
​ក្រោយ​យកឈ្នះ​អគ្គិសនី​កម្ពុជា ៧-០ នៅ​សប្តាហ៍​មុន វិសាខា​រំពឹង​ប្រើ​ភាព​មានប្រៀប​ក្នុងនាម​ម្ចាស់ផ្ទះ​យកឈ្នះ​អង្គ​រថា​យ​ហ្គឺ​រ ដើម្បី​ឡើងទៅ​ឈរ​លេខ​រៀង​ទី​៣​បណ្តោះអាសន្ន​។ វា ក៏​ជា​ឱកាស​សម្រាប់​ក្រុម​ស្ថិតនៅ​លេខ​រៀង​ទី​៤​មាន​៣៧​ពិន្ទុ​មួយ​នេះ សងសឹក​អង្គ​រថា​យ​ហ្គឺ​រ ដែល​បាន​យកឈ្នះ​ពួកគេ ២-១ នៅ​ជើង​ទី​១​ផងដែរ​។ វា​នឹង​ក្លាយជា​ជំនួប​ដ៏​តានតឹង​និង​ជក់ចិត្ត​សម្រាប់​ទស្សនិកជន ដ្បិត​អង្គ​រថា​យ​ហ្គឺ​រ ត្រូវការ​វិសាខា​ដើម្បី​ទទួលបាន​៣​ពិន្ទុ​បន្ថែម សម្រាប់​ពង្រឹង​ទីតាំង​ដែល​ខ្លួន​កំពុង​ឈរ ក៏ដូចជា​បង្កើន​ក្តី​ឱកាស​ប្រជែង​ដណ្តើមពាន​នៅ​រដូវ​នេះ​។ បច្ចុប្បន្ន​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​មួយ​នេះ​ស្ថិតនៅ​លេខ​រៀង​ទី​៣​មាន​៣៧​ពិន្ទុ​ជាមួយ​ជ័យជម្នះ​១១​លើក ស្មើ​៤ និង​ចាញ់​២​។ 
 
​បឹងកេត ប៉ះ ក្រសួងការពារជាតិ វេលា​ម៉ោង​៣:៣០​នាទី​រសៀល​នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ​
 
​ក្រោយ​ស្មើ ១-១ ជាមួយ​អង្គរ​ថា​យ​ហ្គឺ​រ និង​យកឈ្នះ​កំពង់ចាម ៤-០ នៅ​សប្តាហ៍​មុន បឹងកេត​រំពឹង​បន្ត​យកឈ្នះ​ក្រសួងការពារជាតិ​ជា​លើក​ទី​២ ដើម្បី​បាន​៣​ពិន្ទុ​បន្ថែម សម្រាប់​ពង្រឹង​ទីតាំង​ដែល​ខ្លួន​កំពុង​ឈរ​លេខ​រៀង​ទី​៥​មាន​៣៤​ពិន្ទុ​។ វា​ក៏​ជាការ​ប្រកួត​ដ៏​តានតឹង​និង​ជក់ចិត្ត​ផងដែរ ដ្បិត​ក្រសួងការពារជាតិ​ត្រូវការ​ឈ្នះ ដើម្បី​សងសឹក​បឹងកេត ដែល​ធ្វើ​ឲ្យ​ពួកគេ​បាត់បង់​៣​ពិន្ទុ​លើទឹក​ដី​ខ្លួន​ជាមួយ​បរាជ័យ ២-០​។ បច្ចុប្បន្ន​ក្រុម​នេះ​ស្ថិតនៅ​លេខ​រៀង​ទី​៦​មាន​២៩​ពិន្ទុ​។  

​យុវជន​បាទី ប៉ះ កំពង់ចាម វេលា​ម៉ោង​៣:៣០​នាទី​រសៀល​នៅ​កីឡដ្ឋាន​សាលា​បាល់ទាត់​ជាតិ​បាទី​
 
​នេះ​ជា​ជំនួប​បង្គ្រប់កិច្ច​ដ្បិត​ក្រុម​ទាំងពីរ​សុទ្ធតែ​បាន​ធ្លាក់​ចេញពី​ពានរង្វាន់​នេះ ទោះបី​ពួកគេ​នៅសល់​៨​ប្រកួត​ក្នុង​ដៃ​ទៀត​ក៏ដោយ​តែ​យុវជន​បាទី​រំពឹង​អាច​ស្វែងរក​ជ័យជម្នះ​ជា​លើក​ទី​២​លើ​កំពង់ចាម ដែល​ពួកគេ​បាន​យកឈ្នះ ៣-០ នៅ​ជើង​ទី​១​។ បច្ចុប្បន្ន​យុវជន​បាទី​ស្ថិតនៅ​លេខ​រៀង​ទី​១៣​មាន​៣​ពិន្ទុ ខណៈ​កំពង់ចាម​ស្ថិតនៅ​បាត​តារាង​មាន​៣​ពិន្ទុ​ដូចគ្នា​៕ 
 

Tag:
 បាល់ទាត់​
  Cambodian League 2019
  វិសាខា​
  អង្គ​រថា​យ​ហ្គឺ​រ​
  ទ័ព បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com