រថយន្ត
អន្តរជាតិ
ទំនាស់​ពាណិជ្ជកម្ម បណ្តាល​ឲ្យ​ការលក់​រថយន្ត​ជប៉ុន​នៅ​កូរ៉េខាងត្បូង​ធ្លាក់ចុះ​
05, Aug 2019 , 7:39 pm        
រូបភាព
ប្រភពរូប៖ Japan Times
ប្រភពរូប៖ Japan Times
ដោយ:
​ការលក់​រថយន្ត​រប​ស់ជ​ប៉ុន ក្នុងប្រទេស​កូរ៉េខាងត្បូង បាន​ធ្លាក់ចុះ​យ៉ាងគំហុក កាលពី​ខែកក្កដា ខណៈ​ទំនាស់​ពា​ណិ​ជ្ចក​ម្មរ​វាង​ប្រទេស​ទាំង​ពិ​ី​រ បង្ក​ឲ្យ​មានការ​ប្រតិកម្ម​ពី​សំណាក់​អ្នកប្រើប្រាស់​កូរ៉េ​។

 
​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃទី ៣ ខែសីហា បុគ្គលិក​ក្រុមហ៊ុន Honda ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​ម្នាក់ បាន​បញ្ជាក់ថា ការ​ចូលមក​ទស្សនារ​ថ​យន្ត​នៅ​ទីស្នាក់ការ​ផ្ទាល់ ចាប់ផ្តើម​ធ្លាក់ចុះ​ជាខ្លាំង ខណៈ​អតិថិជន ពន្យារពេល​ការចុះកិច្ចសន្យា​ទិញ​រថយន្ត​។ 
 
​តាម​ទិន្នន័យ​ឧស្សាហកម្ម ដែល​សារព័ត៌មាន BBC ទទួលបាន ការលក់​រថយន្ត​ម៉ាក Toyota បាន​ធ្លាក់ចុះ ៣២​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ខណៈ​ការលក់​រថយន្ត​ម៉ាក Honda ថយចុះ ៣៤​ភាគរយ​។ ការ​ថមថយ​នៃ​ការលក់​រថយន្ត​របស់​ជប៉ុន​នេះ កើតឡើង​ស្រប​ពេលដែល​ប្រជាជន​កូរ៉េខាងត្បូង បានធ្វើ​ពហិការ​ទំនិញ និង​សេវាកម្ម​ជប៉ុន រួមមាន រថយន្ត ស្រា​បៀរ និង​ដំណើរ​កម្សាន្ត​ទៅកាន់​ជប៉ុន​ជាដើម​។ 
 
​ប្រតិកម្ម​របស់​អ្នកប្រើប្រាស់​កូរ៉េ​នេះដែរ បាន​ផ្ទុះឡើង​ដោយសារតែ​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ កាលពី​ខែកក្កដា បានប្រកាស​រឹតត្បិត​ការនាំចេញ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​សម្រាប់​សារធាតុ​គីមី​សំខាន់ៗ ដែល​យកទៅ​ប្រើប្រាស់​ដើម្បី​ផលិត​ឈី​ប និង​ទូរ​សព្ទ​ឆ្លាត​វៃ​ជាដើម​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ជម្លោះ ចាប់ផ្តើម​តានតឹង​កាន់តែខ្លាំង កាលពី​សប្តាហ៍​មុន ពោលគឺ​នៅពេល​ជប៉ុន បានប្រកាស​ដកហូត​កូរ៉េខាងត្បូង​ចេញពី​បញ្ជី​ដៃគូ​ពាណិជ្ជកម្ម​ដែល​ទុកចិត្តបាន​។ 
 
​ដើម្បី​វាយបក​នឹង​ការដកហូត​ចេញពី «​ប​ញ្ចី​ស​» នេះ រដ្ឋាភិបាល​ក្រុង សេ​អ៊ូ​ល នៅ​ថ្ងៃ​ចន្ទ ទី ៥ សីហា បានដាក់​ចេញ​ផែនការ​វិនិយោគ​ប្រមាណ ៦,៥​ពាន់​លាន​ដុល្លារ ដើម្បី​ព្យាយាម​អភិវឌ្ឍ​ផលិតផល និង​វត្ថុធាតុដើម ដែល​ខ្លួន​បច្ចុប្បន្នកំពុង​ទិញ​ពី​ជប៉ុន​។ 
 
«​យើង​ចង់​ប្រែក្លាយ​វិបត្តិ​ឲ្យ​ទៅ​កាលានុវត្តភាព​សម្រាប់​ឧស្សាហកម្ម​វត្ថុធាតុដើម ផ្នែក និង​ឧបករណ៍​»​។  រដ្ឋមន្ត្រី​ឧស្សាហកម្ម​កូរ៉េខាងត្បូង លោក Sung Yun-mo បញ្ជាក់ថា​បែបនេះ​។​
 
​សូមបញ្ជាក់ថា ទំនាស់​ពាណិជ្ជកម្ម​រវាង​កូរ៉េខាងត្បូង និង​ជប៉ុន បាន​ឆាបឆេះ​ឡើង​ក្រោយ​តុលាការ​កូរ៉េខាងត្បូង កាលពី​ឆ្នាំមុន បានសម្រេច​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​សង​ថ្លៃ​ជំងឺ​ចិត្ត​ដល់ក​ម្មករ​កូរ៉េខាងត្បូង​ដែល​រង​ការបង្ខំ​ឲ្យ​ធ្វើការ​ធ្ងន់​កាលពី​សម័យ​សង្គ្រាម​។​
 
​ការសម្រេចចិត្ត​នេះ ទទួលរង​ប្រតិកម្ម​ជាខ្លាំង​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង តូ​ក្យូ  ដោយ​ខ្លួន​បាន​អះអាងថា ជម្លោះ​នេះ ត្រូវបាន​ដោះស្រាយ​រួចរាល់ កាលពី​ឆ្នា​១៩៦៥ ពោលគឺ​នៅពេល​ចំណងទាក់ទង​ការទូត​រវាង​ប្រទេស​ទាំងពីរ មាន​ភាពល្អប្រសើរ​៕

Tag:
 ជប៉ុន​
  កូរ៉េខាងត្បូង​
  រថយន្ត​
  ទំនាស់​ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com