ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សហព័ន្ធកីឡាបាល់ទាត់អាស៊ានអាយុក្រោម១៨ឆ្នាំ AFF U18 Championship 2019 ដែលវៀតណាមធ្វើម្ចាស់ផ្ទះត្រូវចាប់ផ្តើមប្រកួតនៅថ្ងៃទី៦ ខែសីហានេះ។ កម្ពុជា ដែលស្ថិតនៅពូល B ត្រូវប្រកួតបើកឆាកជាមួយអូស្ត្រាលីនៅថ្ងៃទី៧ សីហា។ គ្រូបង្វឹកកម្ពុជា ប្តេជ្ញានឹងព្យាយាមធ្វើឲ្យបានល្អ ទោះមានរយៈពេលខ្លីក្នុងការរៀបចំក្រុមក៏ដោយ។
លោក Gyotoku Koji គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម១៨ឆ្នាំកម្ពុជា ហាក់បង្ហាញក្តីកង្វល់ចំពោះការប្រកួតផ្តុំហ្វឹកហាត់ដែលមានរយៈពេលខ្លី។ តែគ្រូបង្វឹកជនជាតិជប៉ុនរូបនេះជឿជាក់ថា U18 កម្ពុជា ដែលមានកីឡាករភាគច្រើនជាយុវជនថ្នាលនៃសាលាបាល់ទាត់ជាតិបាទី នឹងបង្ហាញទម្រង់លេងមួយល្អ។
«យើងគ្មានពេលច្រើនក្នុងការរៀបចំក្រុមនោះទេ ប៉ុន្តែយើងសន្យាថា យើងនឹងផ្តល់ការប្រកួតមួយ ដែលមានទម្រង់លេងយ៉ាងល្អ។ កីឡាករយើងភាគច្រើន គឺមកពីយុវជន Academy»។ លោក Gyotoku Koji លើកឡើងបែបនេះក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩។
ដើម្បីត្រៀមប្រជែងក្នុងពានរង្វាន់នេះ ក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៨ឆ្នាំកម្ពុជា បានទៅបោះជំរំហ្វឹកហាត់ពង្រឹងសមត្ថភាពមុនមួយសប្តាហ៍នៅវៀតណាម ដើម្បីឲ្យកីឡាករសន្ស៊ាំខ្លួនជាមួយបរិយាកាសនៅទីនោះ។ ក្នុងអំឡុងពេលបោះជំរំហ្វឹកហាត់ ក្រុមកីឡាករកម្ពុជាបានប្រកួតមិត្តភាពដកស្រង់បច្ចេកទេសជាមួយក្រុមមួយចំនួនមានមូលដ្ឋាននៅវៀតណាមផងដែរ។
ក្រុម U18 កម្ពុជាត្រូវប្រកួតបើកឆាកទល់ជាមួយអូស្ត្រាលីនៅថ្ងៃទី៧ ខែសីហា ខណៈពានរង្វាន់ AFF U18 Championship ត្រូវប្រកួតបើកឆាកពូល នៅថ្ងៃទី៦ ខែសីហា ដោយមានការប្រកួតចំនួន៣គូ ក្នុងនោះ U18 ឡាវ ប៉ះ មីយ៉ាន់ម៉ា ខណៈឥណ្ឌូណេស៊ីជួបហ្វីលីពីននៅម៉ោង៣:៣០នាទីដូចគ្នា មុនទីម័រខាងកើតតទល់ជាមួយព្រុយណេនៅម៉ោង៦:៣០នាទីល្ងាច។
សម្រាប់ការប្រកួតនេះ កម្ពុជាជួបការលំបាកខ្លាំង ដ្បិតពួកគេស្ថិតនៅក្នុងពូល B ជាមួយអូស្ត្រាលី ថៃ វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី ខណៈពូល A មានមីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ហ្វីលីពីន ទីម័រខាងកើត ឡាវ និងព្រុយណេ។
កីឡាករកម្ពុជាទាំង២៣រូបរួមមាន ប៊ុនធឿន ប៊ុនណារ៉ុង, ជា សុខម៉េង, ជុង មករា, អ៊ាន ពិសី, កយ សាលីម, រី លាភផេង, សៀង ចន្ធា, ថា ច័ន្ទឬទ្ធី, ធី លៀង, អាត អូនតូច, ញឹម លីហួរ, ស រតនា, ទូច គឹមឆាយ, វីរៈ ដារ៉ា, វុធ តុលា, សឿត ណាវ៉ា, ចាន់ សុភា, កែវ ឧត្តម, មិត សាម៉ើយ, ទូច ណាឃីម, សៀន សុភ័ក្ត្រា, លឹម ពិសុទ្ធ និង មិន រតនៈ៕