អន្តរជាតិ
UN ស្នើ​ដាក់ទណ្ឌកម្ម​ជំនួញ​ក្រុម​យោធា​មី​យ៉ាន់​ម៉ា​ដែល​ផ្គត់ផ្គង់​យុទ្ធនា​ការបំពាន​សិទ្ធិមនុស្ស​
06, Aug 2019 , 8:19 pm        
រូបភាព
​ដោយ​៖ ងួន សុ​ភាវ​ត្តី 
 
​បេសកកម្ម​ស្វែងរក​ការពិត​របស់​អង្គ​សហប្រជាជាតិ ជំរុញ​ឲ្យ​មានការ​ពិចារណា​ដាក់ទណ្ឌកម្ម​កាត់ផ្តាច់​លំហូរ​ហិរញ្ញវត្ថុ​នៃ​ជំនួញ​ធំៗ​របស់​ក្រុម​យោធា​មី​យ៉ាន់​ម៉ា​។ នេះ​ដោយសារ​គេ​រកឃើញថា អាជីវកម្ម​របស់​ក្រុមហ៊ុន​ដែលមាន​យោធា​នៅ​ពីក្រោយ​នេះ ក៏​ស្ថិតនៅ​ពីក្រោយ​អំពើហិង្សា​ប្រឆាំង​ជនជាតិភាគតិច​ផ្សេង ជាពិសេស​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នៅ​រដ្ឋ Rakhine ។​


 
​ក្រុម​ស៊ើបអង្កេត​អង្គ​សហប្រជាជាតិ តាមរយៈ​របាយការណ៍​ស្វែងរក​ការពិត​មួយ បាន​អំពាវនាវ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​ប្រឆាំង​ក្រុមហ៊ុន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​យោធា​មី​យ៉ាន់​ម៉ា និង​ហាមឃាត់​មិនអោយ​មានការ​លក់​អាវុធ​ទៅអោយ​មី​យ៉ាន់​ម៉ា​ទៀត​។ 
 
​ក្រុម​នេះ​បាន​បន្តថា ប្រាក់ចំណូល​ដែល​បានមកពី​អាជីវកម្ម​ក្នុង​និង​ក្រៅ​ស្រុក បាន​ជួយ​ពង្រឹងសមត្ថភាព​យោធា​មី​យ៉ាន់​ម៉ា​ក្នុង​ការបន្ត​ប្រព្រឹត្ត​ហិង្សា​ប្រដាប់អាវុធ​ប្រឆាំង​សិទ្ធិមនុស្ស​។ 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ AFP របាយ​ណ៍រ​បស់​អង្គ​សហប្រជាជាតិ​កម្រាស់ ១១១ ទំព័រ បង្ហាញថា អង្គភាព​ចំនួន ៤៥ នៅ​មី​យ៉ាន់​ម៉ា​ដែល​បាន​ផ្ដល់ជំនួយ​ដល់​យោធា​មី​យ៉ាន់​ម៉ា​ក្នុង​ទំហំ​ទឹកប្រាក់​ជាង ១០​លាន​ដុល្លារ​នៅក្នុង​ខែសីហា ២០១៧​។ បន្ទាប់ពី​មានការ​ផ្តល់ជំនួយ​នេះ យោធា​មី​យ៉ាន់​ម៉ា​ចាប់ផ្តើម​ធ្វើ​សកម្មភាព​ហិង្សា​ផ្សេងៗ​នៅ​រដ្ឋ​Rakhine តែម្ដង​។  
 
​របាយ​ណ៍​នោះបាន​បញ្ជាក់ថា មាន​ក្រុមហ៊ុន​យ៉ាងតិច ៥៩ រួមមាន ក្រុមហ៊ុន​បារាំង បែលហ្ស៊ិក ស្វ៊ី​ស ហុងកុង និង​ចិន គឺជា​ដៃគូ​ជាមួយ​សហគ្រាស​ដែលមាន​យោធា​មី​យ៉ាន់​ម៉ា​នៅ​ពីក្រោយ​។ របាយ​ណ៍​នោះ​ក៏បាន​លើកឡើង​អំពី​ប្រទេស​យ៉ាងតិច ១១ ដែល​បាន​លក់​អាវុធ​ដល់​មី​យ៉ាន់​ម៉ា​មានដូចជា អ៊ីស្រាអែល ឥណ្ឌា កូរ៉េខាងត្បូង និង​ចិន​ជាដើម​។​
 
​លោក Marzuki Darusman អ្នកដឹកនាំ​បេសកម្ម​របស់​អង្គ​សហប្រជាជាតិ​បាន​និយាយថា ការឆ្លើយតប​របស់​អា​ស៊ាន​ទៅ​បញ្ហា​នៅ​រដ្ឋ Rakhine គឺមាន​ការយឺតយ៉ាវ​ណា​ស់​។ លោក​បាន​បន្តថា ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក​គួរតែ​ព្យាយាម​កាត់បន្ថយ​ជំនួយ​ដល់​យោធា​មី​យ៉ាន់​ម៉ា​តាម​ការដាក់ទណ្ឌកម្ម និង​ជំរុញ​មិន​ឲ្យ​មាន​ការធ្វើ​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន​របស់​ពួកយោធា​។​
​ការបញ្ចេញ​របាយការណ៍​ស្វែង​អង្គការសហប្រជាជាតិ​នេះ​ធ្វើឡើង​បន្ទាប់ពី​អាមេរិក​ប្រកាស​ដាក់ទណ្ឌកម្ម​ហាមឃាត់​ការធ្វើដំណើរ​ប្រឆាំង​មេដឹកនាំ​យោធា​របស់​មី​យ៉ាន់​កាលពី​ខែ​មុន​។ វា​ជា​វិធានការ​ក្តៅ​បំផុត​មួយ​ប្រឆាំង​ក្រុម​យោធា​មី​យ៉ាន់​ម៉ា រាប់​ចាប់តាំងពី​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​កើតឡើង​ក្នុង​ឆ្នាំ ២០១៧​។​
 
​សព្វថ្ងៃ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក៏​នៅ​បន្ត​នីតិវិធី​ស៊ើបអង្កេត​លើ​បញ្ហា​រំលោភសិទ្ធិ​ធ្ងន់ធ្ងរ និង​បទឧក្រិដ្ឋ​មនុស្សជាតិ​ប្រឆាំង​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​នៅ​មី​យ៉ាន់​ម៉ា​៕

Tag:
 មី​យ៉ាន់​ម៉ា​
  UN
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com