អន្តរជាតិ
លោក​ត្រាំ ថា ហ្គេម​និង​បញ្ហា​ផ្លូវចិត្ត ជា​មូលហេតុ​នៃ​ការបាញ់រះ តែ​អ្នកជំនាញ​ចង្អុល​ទៅ​«​ច្បាប់​គ្រប់គ្រង​កាំភ្លើង​»
06, Aug 2019 , 10:19 pm        
រូបភាព
ដោយ:
​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៥ ខែសីហា បាន​អះអាងថា សេចក្តី​ស្អប់ វីដេអូ​ហ្គេម​បែប​ហិង្សា និង​បញ្ហា​ផ្លូវចិត្ត ជា​កត្តា​ដែល​ជំរុញ​ឲ្យ​បង្កើត​ការបាញ់រះ​ក្នុង​សហរដ្ឋអាមេរិក​។  លោក​ត្រាំ លើកឡើង​បែបនេះ ក្រោយពី​ផ្ទុះ​ហេតុការណ៍​បាញ់សម្លាប់​រង្គាល​ចំនួន​២​ករណី ត្រឹម​ពេល​តែមួយ​សប្តាហ៍​ប៉ុណ្ណោះ​។​

 
​ផ្ទុយ​ពី​ប្រធានាធិបតី ដូ​ណា​ល ត្រាំ អ្នកជំនាញ​ជាច្រើន បកស្រាយ​ថា បើ​ផ្អែកលើ​ព្រឹត្តិការណ៍​បាញ់រះ ២៥៥​ករណី​កើតឡើង​ក្នុង​ឆ្នាំ​២០១៩  កត្តា​ទាំងបី​ដែល​លោក​ត្រាំ​លើកឡើង​នេះ ពុំ​ត្រឹមត្រូវ​ទាំងស្រុង​ឡើយ​។ ពុំមែន​គ្រប់​ហេតុការណ៍​បាញ់រះ បង្ហាញ សញ្ញា​នៃ​បញ្ហា​ផ្លូវចិត្ត ឬ​ការលេង​វីដេអូ​ហិង្សា ឬ​គំនុំ​គំ​គួ​នន​យោ​បាយឡើយ​។ ប៉ុន្តែ កត្តា​មួយ​ដែល​គេ​ដឹងលឺ​គ្រប់ទិសទី គឺ «​ភាព​ធូររលុង​នៃ​ការទិញ​កាំភ្លើង​»​។​
 
​ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​សេត​វិមាន​អាមេរិក​នៅ​ថ្ងៃទី​៥ ខែសីហា លោក ត្រាំ បញ្ជាក់ថា​៖«​យើង​ត្រូវ​បញ្ឈប់​ការលើកស្ទួយ​អំពើហិង្សា​ក្នុងសង្គម​។ នេះ គឺ​រាប់បញ្ចូល​វីដេអូ​ហ្គេម​ដ៏​ព្រឺព្រួច និង​គួរ​ឲ្យ​ខ្ពើម ដែល​បច្ចុប្បន្ន​ត្រូវបាន​គេ​ចាត់ទុក ជា​រឿង​ធម្មតា​»​។  មេដឹកនាំ​រូបនេះ សង្កត់ធ្ងន់ថា យុវជន សព្វថ្ងៃ ហ៊ុមព័ទ្ធ​ដោយ​វប្បធម៌​សាទរ​អំពើហិង្សា​។   
 
​វា ជាការ​ពិត​ដែល​ហេតុការណ៍​បាញ់រះ​មួយចំនួន ដែល​បាន​កើតឡើង​នាពេល​កន្លងមក ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឈ្លក់​វង្វេង​នឹង​ការលេង​ហ្គេម​បែប​ហិង្សា​។ ជាក់ស្តែង ខ្មាន់កាំភ្លើង​ឈ្មោះ Adam Lanza ដែល​បាន​បាញ់សម្លាប់​សិស្ស និង​បុគ្គលិក ២៦​នាក់ នៅ​សាលាបឋមសិក្សា Sandy Hook Elementary School ក្នុង​រដ្ឋ Connecticut សហរដ្ឋអាមេរិក កាលពី​ឆ្នាំ​២០១២ មាន​ទម្លាប់​ចំណាយពេល​រាប់​ម៉ោង​ក្នុង​មួយថ្ងៃ​លេង​វីដេអូ​ហ្គេម​ហិង្សា ដែល​ក្នុងនោះ​មាន​ហ្គេម​មួយ​ឈ្មោះថា «School Shooting » ឬ​ជា​ភាសា​ខ្មែរ «​ការបាញ់​កាំភ្លើង​នៅ​សាលារៀន​» ។​
 
​មួយ​ករណី​ទៀត បាន​កើតឡើង​ក្នុង​ឆ្នាំ​២០១៨​។ កាលនោះ យុវជន​ម្នាក់​អាយុ ២០​ឆ្នាំ ឈ្មោះថា Nikolas Cruz ដែល​បាន​បាញ់សម្លាប់​មនុស្ស ១៧​នាក់​ក្នុង​វិទ្យាល័យ​មួយកន្លែង ក្នុង​រដ្ឋ Florida សហរដ្ឋអាមេរិក ត្រូវបាន​រាយការណ៍​ថា បាន​ចំណាយពេល​លេង​ហ្គេម​ហិង្សា​ដល់​ទៅ ១៥​ម៉ោង​ក្នុង​មួយថ្ងៃ​។ ទាក់ទិន​នឹង​ករណីនេះ សមាគម​ខាង​ចិត្តសាស្ត្រ​អាមេរិក (APA) បាន​រកឃើញ​ទំនាក់ទំនង​រវាង​វីដេអូ​ហ្គេម​ហិង្សា និង​ការកើនឡើង​នៃ​ឥរិយាបថ​ហិង្សា​ក្នុងចំណោម​កុមារ​។   
 
​និយាយ​ទៅដល់​បញ្ហា​សុខភាព​ផ្លូវចិត្ត​វិញ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក៏បាន​ភ្ជាប់​ការបាញ់រះ​នេះ​ទៅនឹង​បុគ្គល​មាន​វិបត្តិ​ផ្លូវចិត្ត​ដែល​ពុំគួរ​មាន​សិទ្ធិ​កាន់កាប់​កាំភ្លើង​។ ត្រង់ចំណុច​នេះ លោក អះអាង​បែប​ថា​៖«​បញ្ហា​ផ្លូវចិត្ត និង​ការ​ស្ព​ប់​ខ្ពើម ជា​អ្នក​កេះកៃ ពុំមែន​កាំភ្លើង​នោះឡើយ​»​។​
 
​ករណីខ្លះ អាច​បញ្ជាក់បាន​ថា ការលើកឡើង​របស់លោក​ត្រាំ​គឺ​ត្រឹមត្រូវ​។ កង​ម៉ា​រី​ន​ជាន់ខ្ពស់​អាមេរិក​ម្នាក់ ឈ្មោះថា Ian David Long   វ័យ ២៨​ឆ្នាំ ដែល​បាន​បាញ់សម្លាប់​មនុស្ស ១២​នាក់ នៅ​តៀមស្រា​មួយកន្លែង​នៅ​រដ្ឋ California កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៨ ត្រូវគេ​ជឿជាក់ថា មាន​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ (Post-traumatic stress disorder) ។​
 
​ចំណែក យុវជន​វ័យ ២៤​ឆ្នាំ Connor Betts ដែល​បាន​បាញ់សម្លាប់​មនុស្ស​៩​នាក់ កាលពី​ថ្ងៃអាទិត្យ ទី​៤ ខែសីហា នៅ​តៀមស្រា​មួយកន្លែង នៅ​រដ្ឋ Ohio ត្រូវបាន​រាយការណ៍  បានបង្ហាញ «​និន្នាការ​គ្រោះថ្នាក់​» ដែល​ចូលចិត្ត​ធ្វើ​រឿង​អាក្រក់ៗ​ក្នុងសង្គម កាល​ខ្លួន​រៀន​នៅ​វិទ្យាល័យ​។ ខ្មាន់កាំភ្លើង​ឈ្មោះ Cruz ដែល​បាន​បាញ់ប្រហារ​នៅ​វិទ្យាល័យ​ក្នុង​រដ្ឋ Florida ក៏​ធ្លាប់មាន​បញ្ហា​ផ្លូវចិត្ត​ពីមុនមក​។ 
 
​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Jeffrey Swanson សាស្ត្រា​ចារ​ផ្នែក​ចិត្តសាស្ត្រ​នៃ​សាលា​វេជ្ជសាស្ត្រ Duke University School of Medicine ពន្យល់ថា លោក ទទួលស្គាល់ថា បុគ្គល​ដែល​ធ្វើ​សកម្មភាព​បាញ់សម្លាប់​អ្នកដទៃ ពុំមែន​ជា​ទង្វើ​ដែល​កើតចេញពី​សុខភាព​ផ្លូវ​ល្អ​ឡើយ​។ សហរដ្ឋអាមេរិក  មាន​ប្រជាជន​ដែលមាន​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ដល់​ទៅ​១០​លាន​នាក់ ប៉ុន្តែ​ភាគច្រើន​លើសលប់​នៃ​ពួកគេ ពុំបាន​បញ្ចេញ​ឥរិយាបថ​ហិង្សា​នោះឡើយ​។ 
 
​ទោះជា​បែបនេះ​ក្តី អ្នកវិភាគ​ជាច្រើន នៅតែ​ទម្លាក់កំហុស​លើ «​ច្បាប់​កាំភ្លើង​» របស់​ក្រុង​វ៉ាស៊ីនតោន ដែលមាន​ភាព​ធូររលុង​ខ្លាំង​ដល់​ការទទួលបាន​សិទ្ធិ​ទិញ និង​កាន់កាប់​កាំភ្លើង​។  
 
​ខ្មាន់កាំភ្លើង Stephen Paddock ដែល​បាន​បាញ់សម្លាប់​មនុស្ស ៥៨​នាក់ និង​របួស​រាប់រយ​នាក់ ក្នុង​កម្មវិធី Concert មួយនា រដ្ឋ Las Vegas កាលពី​ឆ្នាំ​២០១៧ ត្រូវបាន​រាយការណ៍ បុរស​អាមេរិក​រូបនេះ ពុំមាន​បញ្ហា​ផ្លូវចិត្ត​, កត្តា​មនោគមន៍វិជ្ជា ឬ​ជា​អ្នកលេង​ហ្គេម​បែប​ហិង្សា​អ្វី​ឡើយ​។ លោក បាន​បើក​ការវាយប្រហារ​ដោយ​ប្រើប្រាស់​កាំភ្លើង​២​ដើម ក្នុងនោះ​មាន កាំភ្លើង​អឹម​សី​ប្រភេទ AR-15 ។​
 
​ដោយឡែក ខ្មាន់កាំភ្លើង​ម្នាក់ទៀត ឈ្មោះថា Robert Bowers ដែល​បាន​បាញ់សម្លាប់​មនុស្ស ១១​នាក់ ក្នុង​វិហារ​សម្រាប់​ជនជាតិ​ជ្វី​ស ក្នុង​រដ្ឋ Pennsylvania កាលពី​ខែតុលា ឆ្នាំ​២០១៨ បាន​ប្រើប្រាស់​កាំភ្លើង ៤ អំឡុង​ពេលធ្វើ​សកម្មភាព​បាញ់ប្រហារ ខណៈ​ខ្លួន​កាន់កាប់​កាំភ្លើង​ដោយ​ស្របច្បាប់​ដល់​ទៅ ២១​ដើម​ឯណោះ​៕

Tag:
 សហរដ្ឋអាមេរិក​
  ដូ​ណា​ល់​ត្រាំ​
  ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com