ជាតិ
សង្គមជាតិ
អាជ្ញាធរ បន្តស្តារសំរាមចេញពីលូបឹងត្របែក ដើម្បីបញ្ចៀសទឹកជំនន់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះមកត្រួតពិនិត្យមើលប្រឡាយលូបឹងត្របែក នាព្រឹកថ្ងៃទី៦ ខែសីហា
× ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអាជ្ញាធរស្តារសំរាមនិងដីភក់ ចេញពីប្រឡាយលូទឹកស្អុយបឹងត្របែក ដើម្បីបញ្ចៀសទឹកជំនន់នៅក្នុងរាជធានីភ្នំពេញ។
ពេលលោក ចុះទៅត្រួតពិនិត្យផ្ទាល់នៅតាមបណ្តាញប្រឡាយលូបឹងត្របែក នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ លោក ឃួង ស្រេង ប្រាប់អ្នកកាសែតថា សំរាមនិងដីភក់ជាង៦ពាន់ម៉ែត្រគុបហើយ ដែលអាជ្ញាធរបានកាយចេញពីប្រឡាយលូទឹកស្អុយបឹងត្របែក។ លោក បន្តថា ប្រតិបត្តិស្តារសំរាមនិងដីភក់នេះ នឹងបន្តឲ្យបាន៥ទៅ៦ម៉ឺនម៉ែត្រគុប។
ប្រតិបត្តិការស្តារសំរាមនិងដីភក់នេះ ចាប់ផ្តើមតាំងពីថ្ងៃទី១២ ខែកក្កដាមក។ លោកអភិបាល បានដាក់គ្រឿងចក្រនិងឡាន សម្រាប់កាយសំរាមនិងភក់ឲ្យទាន់ពេលវេលា និងទាន់សភាពការណ៍ ដើម្បីបញ្ចៀសទឹកជំនន់។ លោក បញ្ជាក់ថា សាលារាជធានីភ្នំពេញ បានដំឡើងម៉ូទ័របូមទឹក១១គ្រឿង នៅស្ថានីយនៅបឹងត្របែក និងបានជួសជុលប្រព័ន្ធលូ សម្រាប់ឲ្យទឹកហូរចូលក្នុងស្ថានីយ ដើម្បីបូមទៅស្ថានីយបឹងជើងឯកវិញ។
ដើម្បីដោះស្រាយបញ្ហាជន់លិចទឹកនៅក្នុងរាជធានីភ្នំពេញ ឃួង ស្រេង បានស្នើឲ្យពលរដ្ឋ ចូលរួមទុកដាក់ និងវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ។ លោកយល់ឃើញថា ការទុកដាក់សំរាមមិនមានសណ្តាប់ធ្នាប់ គឺជាដើមហេតុដែលនាំឲ្យកក់ស្ទះលូ ដែលមិនអាចហូរបានទាន់ពេលវេលា ទើបបណ្តាលឲ្យជន់លិច។
បើតាមលោក ឃួង ស្រេង សំរាមដែលបានកាយនោះនឹងយកទៅចាក់ចោលនៅទីលានសំរាមបឹងជើងឯក ចំណែកដីភក់ នឹងត្រូវបញ្ជូនទៅដីឡូត៍ខណ្ឌដង្កោ។ ជាមួយគ្នានេះ លោក បានសរសើរ «ក្រុមយុវជនសំរាម» ដែលបាននាំគ្នាបណ្តុះស្មារតីឲ្យពលរដ្ឋស្រឡាញ់បរិស្ថាន និងគិតគូរពីការទុកដាក់សំរាម។
នៅកម្ពុជា មានសំរាម៤លានតោន ក្នុងមួយថ្ងៃ ដោយនៅក្នុងនោះ សំរាមប្រមាណ៥៦ភាគរយ ត្រូវបានដឹកយកទៅទីលានសំរាម។ បើតាមលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងចំណាមសំរាមទាំង៤លានតោននោះ មានសំរាមប្លាស្ទិក២០ភាគរយ ដែលគេយកទៅច្នៃប្រើប្រាស់ឡើងវិញ និង២០ភាគរយទៀតត្រូវបានពលរដ្ឋយកទៅបោះចោលនៅទីសាធារណៈ។
លោក នេត្រ ភក្ត្រា បានឲ្យដឹងថា ក្នុងមួយថ្ងៃ សំរាម ដែលមានច្រើនជាងគេ គឺនៅរាជធានីភ្នំពេញ ដែលមាន៣ពាន់តោន ខេត្តសៀមរាប មាន៣៨០តោន និង ខេត្តព្រះសីហនុមានប្រមាណ៧០០តោន៕
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះមកត្រួតពិនិត្យមើលប្រឡាយលូបឹងត្របែក នាព្រឹកថ្ងៃទី៦ ខែសីហា
Tag:
ឃួង ស្រេង
សំរាម
បឹងត្របែក
លូ
ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com