ជាតិ
បារាំង និងជប៉ុន សោកស្ដាយចំពោះមរណភាពលោក នួន ជា មុនដំណើរការក្តីបញ្ចប់
× ភ្នំពេញ៖ ស្ថានទូតបារាំង និងជប៉ុនប្រចាំកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍រួមគ្នាមួយ បានសម្ដែងការសោកស្ដាយចំពោះមរណភាពរបស់លោក នួន ជា អតីតមេដឹកនាំនៃរបបខ្មែរក្រហម កាលពីថ្ងៃទី៥ សីហា។
ភាគីបារាំង និងជប៉ុន ដែលជាសហប្រធានក្រុមមិត្តរបស់តុលាការកាត់ក្តីខ្មែរក្រហម បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី៦ សីហា ថា៖«យើងមានការសោកស្ដាយចំពោះជនជាប់ចោទ(នួន ជា) ដែលបានស្លាប់បាត់បង់ជីវិត មុនពេលបញ្ចប់ដំណើរការកាត់ក្តី។
បន្ថែមពីនេះស្ថានទូតបារាំង និងជប៉ុន យល់ឃើញថា មរណភាពរបស់លោក នួន ជា នេះ វាក៏ជាសញ្ញាបន្ទាន់មួយ ដែលជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធនៃតុលាការកាត់ក្តីខ្មែរក្រហម ត្រូវប្រញាប់បំពេញដំណើរការកាត់ក្តីលើជនជាប់ចោទខ្មែរក្រហមសំខាន់ៗ ដោយយុត្តិធម៌ និងប្រសិទ្ធភាពយ៉ាងឆាប់រហ័ស ដើម្បីផ្ដល់ភាពយុត្តិធម៌ពិតប្រាកដដល់ប្រជាជនកម្ពុជា ដែលកំពុងរង់ចាំការពិត។
លោក នួន ជា ដែលជាបងធំទី២នៃរបបខ្មែរក្រហម បានទទួលមរណភាព ក្នុងវ័យ៩៣ កាលពីថ្ងៃទី៥ សីហា ។ សពលោក ត្រូវបានគេបញ្ជូនទៅធ្វើបុណ្យនៅខេត្តប៉ៃលិន។ មុនពេលស្លាប់ លោក នួន ជា ស្ថិតនៅក្រោមបទចោទនៅក្នុងសំណុំរឿង ០០២/០២ គឺឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ១៩៤៩ ។
បច្ចុប្បន្នជនជាប់ចោទ ដែលជាអតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម ដែលកំពុងដំណើរការកាត់ក្តីនោះ មានលោក ខៀវ សំផន និងលោក កាំង ហ្កេចអ៊ាវ ហៅ ឌុច រួមទាំងកម្មាភិបាលសំខាន់ៗមួយចំនួនទៀត។ លោក ខៀវ សំផន អតីតគណៈប្រធានរដ្ឋ នៃរបបខ្មែរក្រហម ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសជាប់ពន្ធនាគារមួយជីវិត កាលពីថ្ងៃទី១៦ វិច្ឆិកា ២០១៨ នោះ ស្ថិតនៅក្នុងសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងការបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្ស៊ឺណែវ (Geneva) ។
ចំណែកអតីតប្រធានមន្ទីរសន្តិសុខ ស-២១ ឬគុកទួលស្លែង លោក កាំង ហ្គិចអ៊ាវ ហៅឌុច ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសជាប់ពន្ធនាគារមួយជីវិតដែរនោះ ស្ថិតក្រោមសំណុំរឿង ០០១ ពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំពើមនុស្សឃាត និងទារុណកម្ម។ អ្នកទោសនៅមន្ទីរស-២១ ឬគុកទួលស្លែងយ៉ាងតិច១២៣៨០នាក់ ត្រូវបានធ្វើទារុណកម្មយ៉ាងព្រៃផ្សៃមុននឹងត្រូវសម្លាប់ចោលនៅក្រោមការគ្រប់គ្រងរបស់លោក កាំង ហ្កិចអ៊ាវ ហៅឌុច ចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
ក្នុងដំណើរការជំនុំជម្រះក្តីរយៈពេលជាង ១០ឆ្នាំមកនេះ តុលាការខ្មែរក្រហមបានចំណាយថវិកាអស់ជិត ៣០០លានដុល្លារអាមេរិក ដោយកាត់ទោសបានអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ៣រូប ក្នុងសំណុំរឿង ៣ ដាច់ដោយឡែកពីគ្នាខាងលើនេះ។
Tag:
នួន ជា
ខ្មែរក្រហម
បារាំង
ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com