លោក កែវ រតនៈ ថា គីឡូ​អគ្គិសនី​កើនឡើង ដោយសារ​បញ្ហា​៣​ចំណុច​
ជាតិ
លោក កែវ រតនៈ ថា គីឡូ​អគ្គិសនី​កើនឡើង ដោយសារ​បញ្ហា​៣​ចំណុច​
08, Aug 2019 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ ពលរដ្ឋ​ភាគច្រើន​តែងតែ​រអ៊ូ ពី​បញ្ហា​អគ្គិសនី​ដាច់​ញឹកញាប់​ហើយ ប៉ុន្តែ​គីឡូ​អគ្គិសនី​បែ​ជា​ឡើង​ខុសធម្មតា​ទៅវិញ​។ បញ្ហា​នេះ ត្រូវបាន​ពួកគេ ដាក់​ការសង្ស័យថា វា​អាច​បណ្ដាលមកពី​ករណី​បុក​ឡើង​គីឡូ​នៃ​ចរន្តអគ្គិសនី ឬ​មកពី​កុង​ទ័​រ​អគ្គិសនី​មាន​បញ្ហា​។ ប៉ុន្តែ​ការធ្វេសប្រហែស​របស់​អ្នកប្រើប្រាស់ ក៏​អាចជា​បញ្ហា​នៃ​ការកើនឡើង​នៃ​គីឡូ​អគ្គិសនី​ដែរ​។ តើ​បញ្ហា​ឡើង​គីឡូ​អគ្គិសនី មកពី​មូលហេតុ​អ្វី​ឱ្យ​ច្បាស់​ពិតប្រាកដ​?



​លោក កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទទួលបន្ទុក​អគ្គនាយក​អគ្គិសនី​កម្ពុជា ចេញមុខ​បកស្រាយ​ថា ការកើនឡើង​គីឡូ​អគ្គិសនី ខណៈ​ដាច់​ចរន្ត​ភ្លើង​ញឹកញាប់​នោះ វា​មិនមែន​មកពី​បញ្ហា​កុង​ទ័​រ ឬ​ការបុក​ឡើង​គីឡូ​អគ្គិសនី​ឡើយ​។ សម្រាប់​លោក កែវ រតនៈ បញ្ហា​អ្នកប្រើប្រាស់​អាចជា​ដើមចម​ចម្បង ដែលនាំឱ្យ​អគ្គិសនី​កើនឡើង​។​




​ក្នុងន័យនេះ​លោក កែវ រតនៈ បាន​អះអាងថា កុង​ទ័​រ​អគ្គិសនី ដែល​ចេញពី​អាជ្ញាធរ​អគ្គិសនី គឺមាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ ពី​អ្នកជំនាញ​បរទេស មុននឹង​យកទៅ​ដាក់ឱ្យ​ពលរដ្ឋ​ប្រើប្រាស់ ដូច្នេះ​វា​គ្មាន​មូលហេតុ​អ្វីដែល​ធ្វើឱ្យ​គីឡូ​អគ្គិសនី​ឡើង​នោះទេ​។

​ងាក​មក​និយាយ​ពី​បញ្ហា​ដាច់​ចរន្តអគ្គិសនី ហើយ​បុក​ឡើង​គីឡូ​ភ្លើង នៅពេល​ដែលមាន​អគ្គិសនី​ដំណើរការ​វិញ​នោះ ត្រូវបាន​លោក កែវ រតនៈ អះអាងថា រដ្ឋាភិបាល​គ្មាន​គំនិត​ទុច្ចរិត កេងចំណេញ​ពី​ពលរដ្ឋ​តាមរយៈ​វិធី​បែប​នេះឡើយ​។ អះអាង​បែបនេះហើយ អគ្គនាយក​អគ្គិសនី​កម្ពុជា​រូបនេះ បាន​បកស្រាយ​នៅក្នុង​សន្ន​សីទ​ស្តីពី​«​ចម្ងល់​ពាក់ព័ន្ធ​នឹង​កុង​ទ័​រ​អគ្គិសនី​» ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃទី​៨ សីហា​នេះ​ថា បញ្ហា​អគ្គិសនី​កើនឡើង ស្របពេល​ដាច់​ចរន្ត​ញឹកញាប់ មកពី​បញ្ហា​៣​ចំណុច រួមមាន បញ្ហា​អាកាសធាតុ , ការប្រើ​ថាមពល​ខ្ជះខ្ជាយ និង​បញ្ហា​សម្ភារៈប្រើប្រាស់ ឬ​ឧបករណ៍​អគ្គិសនី​ចាស់ៗ​។​

​ត្រង់ចំណុច​នេះ​លោក កែវ រតនៈ បាន​ពន្យល់ថា ដ្បិត​អគ្គិសនី​ឧស្សាហ៍​ដាច់​ញឹក​មែន ប៉ុន្តែ​នៅពេល​អគ្គិសនី​ដំណើរការ​វិញ ស្របពេល​អាកាសធាតុ​ក្តៅ​នោះ វា​នឹង​ធ្វើឱ្យ​ពលរដ្ឋ​ប្រើប្រាស់​ឧបករណ៍​ត្រជាក់​ដើម្បី​កាត់​បន្ថយកំដៅ ដូច​ម៉ាស៊ីនត្រជាក់ កង្ហារ រួមទាំង​សម្ភារៈ​អគ្គិសនី​ខ្លាំង​ជាង​មុន ដែលជា​មូលហេតុ​នាំឱ្យ​អគ្គិសនី​កើនឡើង​។​

​ចំណែក​ការប្រើប្រាស់​សម្ភារៈ​ក្នុងផ្ទះ ដោយ​ការ​ដោត​ខ្សែ​ចរន្តអគ្គិសនី​ទុកចោល ដូចជា​ខ្សែ​ទូរទស្សន៍ ទូរ​ទឹកកក ទូរ​សព្ទ និង​គ្រឿង​ម៉ាញ៉េ​ទស្សន៍​ផ្សេង ក៏​ជា​ដើមចម​នៃ​ការកើនឡើង​គីឡូ​ដែរ​។​

​បើតាម​លោក រតនៈ ក្នុងករណី​ពលរដ្ឋ​សង្ស័យថា គីឡូ​អគ្គិសនី​ឡើង បណ្ដាលមកពី​កុង​ទ័​រ​នោះ ពួកគាត់​អាច​ហៅ​អ្នកជំនាញ​ពី​ខាង​អាជ្ញាធរ​អគ្គិសនី​ទៅពិនិត្យ ដើម្បី​បង្ហាញ​ការពិត​ជាក់ស្ដែង​បាន​។​

Tag:
 ​កែវ រតនៈ
  ផៃ ស៊ី​ផាន​
  អគ្គិសនី​
© រក្សាសិទ្ធិដោយ thmeythmey.com