ជាតិ
យុវតីវ័យក្មេងកម្ពុជា ត្រៀមយក App ដែលជំនួយដល់ការនិពន្ធកំណាព្យខ្មែរ ទៅប្រកួតនៅអាមេរិក
× ភ្នំពេញ៖យុវតីកម្ពុជាវ័យក្មេងមួយក្រុម នឹងយកកម្មវិធីទូរសព្ទដៃមួយ (App) ឈ្មោះថា «ណែងណង» ទៅចូលរួមប្រកួតនៅក្នុងកម្មវិធី Global Technovation ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ សីហា នៅ Silicon Valley ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក។ យុវតីវ័យក្មេងកម្ពុជានេះ ឈ្មោះថា Liter Tree បានរួមគ្នាបង្កើតកម្មវិធីទូរសព្ទដៃ«ណែងណង»សម្រាប់ជំនួយដល់ការតែងនិពន្ធកំណាព្យជាភាសាខ្មែរ ក្នុងរយៈពេលតែ ៣ខែប៉ុណ្ណោះ។
យុវតីឆ្នើមៗ ក្រុម Liter Tree ប្រាប់សារព័ត៌មានថ្មីៗថា ពួកគេសម្រេចបង្កើតកម្មវិធី«ណែងណង»នេះឡើង ដើម្បីផ្តល់ជាជំនួយដល់ស្មារតីដល់សិស្ស ក្នុងការសរសេរកំណាព្យឲ្យបានងាយស្រួល អភិរក្សកំណាព្យខ្មែរ និងលើកស្ទួយវិស័យវប្បធម៌ខ្មែរ។ បើតាមក្រុម Liter Tree «ណែងណង» មានមុខងារជំនួយជាច្រើន ដូចជា ការផ្ដល់មតិយោបល់ទៅលើប្រធានបទ ការស្វែងរកពាក្យចួន ការអាន និងសរសេរកំណាព្យ ព្រមទាំងបណ្ដុំមេរៀនកំណាព្យផ្សេងៗទៀត។ ក្រុម Liter Tree បានប្រាប់ថ្មីៗដូច្នេះថា៖«ស្ត្រីក៏អាចចូលរួមក្នុងវិស័យបច្ចេកវិទ្យាបានដូចគ្នា។ បុរសអាចបង្កើតប្រព័ន្ធបច្ចេកវិទ្យាបាន ស្ត្រីក៏អាចបង្កើតបានដូចគ្នា»។
សូមទស្សនាវីដេអូបទសម្ភាសរវាងកញ្ញា ញឹក ស្រល័ក្ខ នៃសារព័ត៌ថ្មីៗ និងក្រុម Liter Tree៖
ចំណាយពេលវេលាទាំងថ្ងៃ ទាំងយប់ សរសេរកម្មវិធីទូរសព្ទដៃ«ណែងណង»ក្រុម Liter Tree បានអះអាងទៀតថា ពួកគេ ក៏ទទួលបានការផ្តល់យោបល់ពីលោកគ្រូ បង្រៀនអក្សរសាស្ត្រខ្មែរ នៃសាលាភាពជាអ្នកដឹកនាំឡៃហ្គឺដែរ។ បច្ចុប្បន្ន ក្រុម Liter Tree កំពុងពង្រឹងចំណេះដឹង និងពង្រឹងទំនុកចិត្តបន្ថែមទៀត ពីគ្រូបង្គោល មុននឹងចូលរួមប្រកួតនៅសហរដ្ឋអាមេរិក ជាមួយ ក្រុមវ័យក្មេង ១១ក្រុមទៀត មកពីបណ្តាប្រទេសនានាទូទាំងពិភពលោក៕
ក្រុម Liter Tree និងអ្នកគ្រូបង្គោលនៃសាលាភាពជាអ្នកដឹកនាំឡៃហ្គឺ
Tag:
បច្ចេកវិទ្យា
កំណាព្យ
Naeng_Norng
© រក្សាសិទ្ធិដោយ thmeythmey.com