ជាតិ
សង្គមជាតិ
ក្មេងស្រី ដែលបាត់ខ្លួនដោយសារលិចទូកនៅរតនគិរី បានស្លាប់
09, Aug 2019 , 2:53 pm        
រូបភាព
នៅម៉ោងប្រមាណ២កន្លះ នារសៀលថ្ងៃទី៩ ខែសីហានេះ កម្លាំងសមត្ថកិច្ច បានរកឃើញសាកសពក្មេងស្រី ដែលបាត់ខ្លួន ដោយសារលិចទូកដរឆ្លង នៅភូមិជ័យឧត្តម ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។ នេះបើតាមលោក នាង សំអាត នាយករដ្ឋបាលខេត្តរតនគិរី ដែលបានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ។



លោក នាង សំអាត មិនទាន់ដឹងអត្តសញ្ញាណលម្អិតអំពីក្មេងស្រីនោះទេ ដោយលោក គ្រាន់តែដឹងថា នាងមានអាយុ១៥ឆ្នាំ។ លោក បន្តថា កាលពីព្រឹកមិញ នាង បានជិះទូកជាមួយអ្នកភូមិ ឆ្លងពីភូមិម្ខាងទៅភូមិម្ខាង ហើយដោយសារទឹកហូរខ្លាំងពេក ក៏កួចទូកតែម្តង។ លោក និយាយដូច្នេះថា៖«នាងស្លៀកពាក់ខោ-អាវក្រាស់ៗ ហើយក៏ប្រហែលមិនចេះហែលដែរ ហើយដោយសារទឹកកួចខ្លាំងផង ទើបនាង មិនអាចមកដល់គោកជាមួយគេ»។

នាយករដ្ឋបាលរូបនេះ អះអាងថា សពក្មេងស្រី បានប្រគល់ជូនក្រុមគ្រួសារហើយ។ លោក បន្ថែមថា លោក គន់ គីម អនុប្រធានទីមួយនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលកំពុងដឹកនាំកម្លាំងជួយប្រជាជនចេញពីទឹកជំនន់ក្នុងខេត្តរតនគិរី នឹងទៅជួបក្រុមគ្រួសាររបស់ក្មេងស្រីនោះ៕   

© រក្សាសិទ្ធិដោយ thmeythmey.com