កីឡាជាតិ
ជាតិ
ក្រុមកីឡា​ការិនី​តា​អុង​រុងរឿង ដណ្តើមបាន​លេខ​១​លើក​ទី​៣ ពី​ក្រុម​កីឡាការិនី​មកពី​វិទ្យាល័យ​សម្តេច ជួន ណាត​
11, Aug 2019 , 5:11 pm        
រូបភាព
ដោយ:
​កំពង់ចាម​៖ ក្រុមកីឡា​ការិនី​តា​អុង​រុងរឿង ឈរ​នៅ​តំណែង​លេខ​១​ដដែល ក្រោយយកឈ្នះក្រុម​វិទ្យាល័យ​សម្តេច ជួន ណាត ក្នុងលទ្ធផល ២-១ ក្នុងវគ្គផ្តាច់ព្រាត់​។ ការ​ប្រ​កួត​បាល់ទាត់​នារី​នេះ គឺជា​ការ​ប្រ​គួ​ត​លក្ខណៈ​មិត្តភាព​ដែល​រៀបចំឡើង​ដោយ​ក្រុមយុវជន​ស្ម័គ្រចិត្ត​របស់​អង្គការ​តម្លាភាព​កម្ពុជា​។ ការ​ប្រ​គួ​ត​នេះ​ផងដែរ រៀបចំឡើង​ក្នុង​គោលបំណង​ពង្រឹង​សិទ្ធិអំណាច​ស្ត្រី ឲ្យ​មាន​ភាពក្លាហាន​ក្នុងការ​ចូលរួម​សកម្មភាព​នានា​នៅក្នុង​សង្គម ដូចជា​បុរសៗ​ដែរ តួរ​យ៉ាងដូច​ជាការ​ប្រ​គួ​ត​បាល់ទាត់​ជាដើម​។


 
​ក្នុង​ព្រឹត្តិការណ៍​ប្រ​គួ​ត​បាល់ទាត់​នារី​ដណ្តើម​ពានរង្វាន់​ជើងឯក​ដែលមាន​ការចូលរួម​ពី​បណ្តាល​វិទ្យាល័យ​ចំនួន​៧ រួមមាន ៦​វិទ្យាល័យ​ក្នុង​ខេត្តកំពង់ចាម និង​១​វិទ្យាល័យ​ទៀត មកពី​ខេត្ត​ត្បូងឃ្មុំ​។  លោក ជា សុ​ទ្ធី ជា​គ្រូបង្វឹក​របស់​ក្រុម​តា​អុង​រុងរឿង​បាន​សម្តែង​ក្តី​រីករាយ​ជាខ្លាំង​ក្រោយ​ដណ្តើមបាន​ជ័យជម្នះ​លេខ​១​ជា​លើក​ទី​៣ ពី​ដៃគូ​ប្រ​គួ​ត​ចាស់​របស់ខ្លួន​។ គ្រូបង្វឹក​ដដែល​បាន​បន្ថែមថា លោក​បាន​បង្វឹក​សិស្ស​ដែលជា​កីឡាការិនី​បម្រុង​នឹង​ត្រៀម​ប្រ​គួ​ត​ទាំងអស់​នៅ​ម៉ោង​ដែល​ពួកគាត់​ទំនេរ​ពី​ការសិក្សា​ដើម្បី​ឲ្យ​ពួកគាត់​ជោគជ័យ​ដូច​ថ្ងៃនេះ​។ 
​ទន្ទឹមនឹងនេះ​ផងដែរ កីឡាការិនី លន់ សុគន្ធា ដែលជា​អ្នករក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​នៅក្នុង​ក្រុម បានបង្ហាញ អារម្មណ៍​សប្បាយរីករាយ​ជាខ្លាំង    ដែល​ក្រុម​អាច​យក​ពានរង្វាន់​ត្រឡប់​ទៅកាន់​វិទ្យាល័យ​របស់ខ្លួន​វិញ​។ សុគន្ធា បាន​ថ្លែងថា​កម្មវិធី​នេះ​បានធ្វើ​ឲ្យ​ស្ត្រី​អាច​អភិវឌ្ឍ​ខ្លួន​ចេញពី​ការរើសអើង​ភេទ​រវាង​បុរស និង​ស្ត្រី ព្រោះ​ជាក់ស្តែង​ស្ត្រី​ក៏​អាចធ្វើ​បាន​ដូចជា​បុរស​ដែរ​។ កីឡាការិនី​ដដែល បន្ថែមថា រយៈពេល​ពីរ​ថ្ងៃនេះ ខ្លួន បានទទួល​បទពិសោធ​ន៍​ជាច្រើន​ពី​មិត្ត​រួម​ក្រុម​។  


 
​លោក ឡាយ ស៊ា​ង​ឡ​ន ជា​គ្រូបង្វឹក​ក្រុមកីឡា​ការិនី​ដែល​មកពី​វិទ្យាល័យ​សម្តេច ជួន ណាត បាន​និយាយថា លោក​ពិតជា​សោកស្តាយ​ដែល​ក្រុម​របស់លោក​មិន​ទទួលបាន​ជ័យជម្នះ​លេខ​១​។ តែ​លោក​ក៏មាន​ក្តី​រីករាយ​ដែល​បាន​ដឹកនាំ​សិស្សានុសិស្ស​មក​ប្រ​គួ​ត​នៅទីនេះ​។ ទោះបីជា​ទទួលបាន​ជ័យលាភី​លេខ​២​ជា​លើក​ទី​៣​នេះ​ក៏ដោយ ក៏​លោក​សូម​សំណូមពរ​ឲ្យ​មាន​កម្មវិធី​ប្រ​គួ​តបាល់​ទាត់​នារី​បែបនេះ​ជា​រៀងរាល់ឆ្នាំ​ដើម្បី​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​ទទួលបាន​ការហ្វឹកហាត់​បាន​ដិតដល់​ជាង​នេះ​។ ក្នុងពេល​នោះដែរ​គ្រូបង្វឹក​ដដែល​បាន​លើកឡើងថា ភាពបរាជ័យ​លើក​នេះ​ដោយសារ​ក្រុមកីឡា​ការិនី​ពុំមាន​ពេលវេលា​ហាត់​គ្រប់គ្រាន់​ព្រោះ​មុន​ការ​ប្រ​គួ​ត​ពីរ​ថ្ងៃ​កីឡាការិនី​ត្រូវ​ប្រឡង​បឋមភូមិ ។ គួ​រំលឹកថា កីឡាការិនី​ទាំងអស់​ភាគច្រើន​ជា​សិស្ស​រៀន​ថ្នាក់​ទី​៩​។ 
 
​លោកស្រី ស្តើង ភា​រ៉ុង ដែលជា​ប្រធាន​កម្មវិធី​ពង្រឹង​សិទ្ធិអំណាច​ស្ត្រី​និង​យុវជន​ក្នុង​ភាពជា​អ្នកដឹកនាំ​បាន​ថ្លែងថា​លោកស្រី​រីករាយ​នៅពេល​បានឃើញ​ក្រុមយុវជន​ដំណើរការ​គម្រោង​បាន​ជោគជ័យ​ហើយ​ស្របទៅនឹង​ការចង់បាន​និង​ការរំពឹងទុក​របស់រ​បស់​កម្មវិធី​នឹង​អ្នករៀបចំ​គម្រោង​។  មិនតែប៉ុណ្ណោះ​លោកស្រី​បាន​និយាយថា​នៅពេល​ត្រឡប់​ទៅវិញ​លោកស្រី​និង​ពិភាក្សាគ្នា​បន្តទៀត​អំពី​គម្រោង​បាល់ទាត់​នារី​នៅ​ឆ្នាំក្រោយៗ​ទៀត​៕ 















Tag:
 ពានរង្វាន់​
 ​នារី​
 ​កំពង់ចាម​
© រក្សាសិទ្ធិដោយ thmeythmey.com