EPL៖ Man Utd បំបាក់ Chelsea ដល់​ទៅ ៤-០ ក្រោម​ការដឹកនាំ​ដំបូង​របស់ Lampard
កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Man Utd បំបាក់ Chelsea ដល់​ទៅ ៤-០ ក្រោម​ការដឹកនាំ​ដំបូង​របស់ Lampard
12, Aug 2019 , 1:33 pm        
រូបភាព
Manchester United ទទួលបាន​កត់ត្រា​ជ័យជម្នះ​នៅ Old Trafford ដ៏​លើសលុប​ចាប់តាំងពី​ឆ្នាំ ១៩៦៥ ក្រោយ​ឈ្នះ Chelsea ៤-០ ក្នុងជំនួប​បើកឆាក Premier League នៅ​យប់​ថ្ងៃទី​១១ ខែសីហា​។ នេះ​ជាការ​ចាប់ផ្តើម​រដូវ​កាល​ដ៏​ល្អ​ក្រោម​ការដឹកនាំ​របស់លោក Ole Gunnar Solskjær ខណៈ Frank Lampard ទទួល​មេរៀន​ឈឺចាប់​ក្នុងនាម​អ្នកចាត់ការ​ថ្មី​របស់​តោ​ខៀវ​។



​ខ្សែប្រយុទ្ធ​ឆ្នើម Marcus Rashford ស៊ុត​បាន​ពីរ​គ្រាប់​ម្នាក់ឯង​នៅ​នាទី (១៨, ៦៧) សម្រាប់​ជំនួប​បើក​រដូវ​កាល​ថ្មី ស្របពេល Anthony Martial រកបាន​១​គ្រាប់​ដែរ (៦៥) ក្រោយ​ទទួលបាន​ស្លាក​ចាស់​អាវ​លេខ​៩​របស់គេ ពី Romelu Lukaku ដែល​លក់​ទៅ​ឲ្យ Inter Milan នោះ​។​

​សមាជិក​ថ្មី Daniel James ដែល​ផ្លាស់​ចូល​នៅ​តង់​ទី​២​ក៏​រកបាន​មួយ​គ្រាប់​សម្រាប់​ក្រុម​ថ្មី​របស់គេ​ដែរ ដែល​សម្រេចបាន​នៅ​នាទី​៨១​។​



ជ័យជម្នះ​ដែល​គ្មាន​របូត​គ្រាប់​បាល់​នេះ កើតឡើង​ស្របពេល​បិសាច​ក្រហម​បាន​ចំណាយ​ប្រាក់​ដ៏​ច្រើនសន្ធឹក​រហូត​១៥៦​លាន​ដុល្លារ​ដើម្បី​ទិញយក​ខ្សែការពារ​ចំនួន​ពីររូប​។ ទាំងពីរ​រូបនោះ​រួមមាន ខ្សែការពារ​ស្លាប​ស្តាំ Aaron Wan-Bissaka ទិញ​ពី Crystal Palace តម្លៃ​៦០​លាន​ដុល្លារ និង​ខ្សែការពារ​កណ្តាល Harry Maguire ក្នុងតម្លៃ​បំបែក​កំណត់ត្រា​ខ្សែការពារ​ថ្លៃ​បំផុត​លើ​លោក ៩៤​លាន​ដុល្លារ​ពី Lecister City​។​

លទ្ធផល ៤-០ ក្នុង​ប្រកួត​ដំបូង​ក្នុង​លី​គ​កំពូល​អង់គ្លេស​នៅ Old Trafford បានធ្វើ​ឲ្យ​អ្នកចាត់ការ​ថ្មី Chelsea លោក Frank Lampard ចាប់ផ្តើម​ទទួល​សម្ពាធ​បណ្តើរៗ​ហើយ​។ តោ​ខៀវ​បាន​បាត់បង់​ខ្សែបម្រើ​ឆ្នើម Eden Hazard ទៅ Real Madrid ព្រមទាំង​លក់​ខ្សែការពារ David Luiz ទៅ​ឲ្យ Arsenal ថែមទៀត​។ ខ្សែការពារ Kurt Zouma ដែល​មក​ជំនួស Luiz ហាក់​មិនបាន​បំពេញ​តួនាទី​បានល្អ​សម្រាប់​តំបន់​នេះឡើយ​។​



ក្រៅពី Man Utd មាន​ក្រុម​ចំនួន​៦​ផ្សេងទៀត​ក៏​ទទួលបាន​៣​ពិន្ទុ​សម្រាប់​ជំនួប​បើកឆាក​ដែរ ដែល​រួមមាន Manchester City, Liverpool, Brighton & Hove Albion, Burnley, Tottenham Hotspur និង Arsenal៕

លទ្ធផល​ទាំង​១០​គូ​នៅ Premier League សប្តាហ៍​ទី​១៖
-​    ​Liverpool ៤ – ១ Norwich City
-​    ​West Ham United ០ – ៥ Manchester City
-​    ​AFC Bournemouth ១ – ១ Sheffield United
-​    ​Burnley ៣ – ០ Southampton
-​    ​Crystal Palace ០ - ០ Everton
-​    ​Watford ០ - ៣ Brighton & Hove Albion
-​    ​Tottenham Hotspur ៣ – ១ Aston Villa
-​    ​Leicester City ០ – ០ Wolverhampton Wanderers
-​    ​Newcastle United ០ – ១ Arsenal
-​    ​Manchester United ៤ – ០ Chelsea



Tag:
 បាល់ទាត់​
  Premier League
  Manchester United
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម