គិរីដងរែក ជាក្លិបបាល់ទាត់ពាក់កណ្តាលអាជីពមួយមានមូលដ្ឋាននៅខេត្តសៀមរាប ដែលបង្កើតឡើងដោយអ្នកស្រលាញ់បាល់ទាត់មួយក្រុម។ ទោះបីមិនទាន់វិវត្តខ្លួនទៅជាក្លិបអាជីព តែក្លិបនេះបានរៀបចំហេដ្ឋារចនាសម្ព័ន្ធយ៉ាងល្អ តាមរយៈការសាងសង់ទីលានបាល់ទាត់កម្រិតស្តង់ដារមានតម្លៃប្រមាណកន្លះលានដុល្លារ ដែលគ្រោងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២០។ នេះបើតាមការបញ្ជាក់របស់លោក លី សេងហួរ ប្រធានក្លិបគិរីដងរែក។ ពាក់ព័ន្ធគុណភាពទីលាន លោក ប៊ួយ ដារី ដែលជាអ្នកសាងសង់ទីលាននេះបានអះអាងថា ទីលាននេះមានគុណមិនចាញ់ទីលានរបស់ក្លិបអាជីពនោះទេ គឺសាងសង់ដោយប្រើស្មៅធម្មជាតិមានគុណភាពខ្ពស់ និងប្រព័ន្ធស្រោចទឹក ដែលជាបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។
កីឡដ្ឋានរបស់ក្លិបបាល់ទាត់ពាក់កណ្តាលអាជីពគិរីដងរែក ស្ថាបនារួចរាល់បានប្រមាណ៧០ភាគរយហើយ ដោយបច្ចុប្បន្នបានក្រាលស្មៅនិងបំពាក់ប្រព័ន្ធស្រោចទឹករួចរាល់ហើយ នៅតែបំពាក់គ្រឿងបរិក្ខាមួយចំនួន និងសាងសង់កន្លែងអង្គុយសម្រាប់ទស្សនិកជនតែប៉ុណ្ណោះ។ ក្រៅពីទីលានធំក្រាលស្មៅធម្មជាតិ ដែលអាចផ្ទុកអ្នកទស្សនាពី៥ទៅ៦ពាក់នាក់ ក៏មានទីលានក្រាលស្មៅសិប្បនិម្មិត សម្រាប់បម្រើឲ្យការហ្វឹកហាត់កម្តៅសាច់ដុំ ក៏ដូចជាជួលឲ្យមហាជនលេងដើម្បីសុខភាពមួយទៀតផងដែរ។
លោក លី សេងហួរ ប្រធានក្លិបគិរីដងរែកបានបញ្ជាក់ថា កីឡដ្ឋានដែលចាប់ផ្តើមសាងសង់ក្នុងអំឡុងខែមករា ឆ្នាំ២០១៩ មួយនេះ គ្រោងចំណាយថវិកាប្រមាណ៥០ម៉ឺនដុល្លារ ដោយគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅដើមឆ្នាំ២០២០។ អ្នកជំនួញវ័យក្មេងរូបនេះបានបន្ថែមថា មុនឈានដល់សម្រេចសាងសង់ទីលានស្តង់ដារដូចបច្ចុប្បន្ន ទីលាននេះបានឆ្លងកាត់២ដំណាក់ គឺការចាក់ដីដាំស្មៅគ្រាន់តែឲ្យយុវជនហ្វឹកហាត់ បន្ទាប់មកក៏បានវិវត្តទៅទីលានដែលអាចរៀបចំការប្រកួតបាន។
ពាក់ព័ន្ធគោលបំណងនៃការសាងសង់ទីលានស្តង់ដារនេះ លោក លី សេងហួរ បានបញ្ជាក់ដូច្នេះថា៖«ការសាងសង់ទីលាននេះ គឺកើតចេញពីទឹកចិត្តស្រលាញ់បាល់ទាត់ ហើយគោលបំណងរបស់យើង គឺចង់ជួយបណ្តុះបណ្តាលក្មេងៗ លើកស្ទួយនិងអភិវឌ្ឍវិស័យកីឡាបាល់ទាត់។ យើងមិនទាន់គិតពីបញ្ហាប្រាក់ចំណូលនោះទេ គឺយើងផ្តោតសំខាន់លើការអភិវឌ្ឍបាល់ទាត់សិន»។
លោក ប៊ួយ ដារី អ្នកគ្រប់គ្រងទូទៅប្រចាំ Sports Field Constructor ដែលជាអ្នកជំនាញសាងសង់ទីលានបានអះអាងថា គុណភាពទីលានរបស់កីឡដ្ឋានគីរីដងរ៉ែកមិនចាញ់ក្លិបអាជីពធំៗនៅកម្ពុជានោះទេ ព្រោះទីលាននេះបានប្រើស្មៅធម្មជាតិ ដែលធន់ឲ្យការប្រកួតនិងហ្វឹកហាត់ និងសមស្របជាមួយអាកាសធាតុនៅកម្ពុជា។ ពិសេសប្រើប្រព័ន្ធស្រោចស្រពទឹក ដែលជាបច្ចេកវិទ្យារបស់អាមេរិក ដោយគ្រាន់តែចុចកុងតាក់ភ្លើងវានឹងស្រោចទឹកដោយស្វ័យប្រវត្តិ។ ប្រព័ន្ធស្រោចទឹកនេះ ចំណាយពេលត្រឹមតែ២០ទៅ៣០នាទីប៉ុណ្ណោះក្នុងការស្រោចស្រព។
«បើនិយាយពីគុណភាព គឺយើងចង់ធ្វើទីលានមួយដែលគុណភាព និងស្តង់ដារលើគេនៅស្រុកខ្មែរ។ ពាក់ព័ន្ធការជ្រើសរើសស្មៅ សូម្បីស្មៅក៏យើងត្រូវគិតគូដែរ ព្រោះយើងដឹងហើយថានៅស្រុកយើងអត់សូវមានទីលានច្រើនោះទេ ដូច្នេះយើងត្រូវប្រើស្មៅមួយមានគុណភាពល្អ ដែលធន់នឹងការប្រកួតនិងហ្វឹកហាត់»។ នេះជាការលើកឡើងរបស់លោក ប៊ួយ ដារី។
លោកបានបន្ថែមថា៖«សម្រាប់ខ្ញុំប្រភេទស្មៅ Zoysia ល្អបំផុតសម្រាប់លក្ខខណ្ឌដូចកម្ពុជាអត់សូវសំបូរទីលាន ទាំងការប្រកួតនិងហ្វឹកហាត់ស្មៅ Zoysia គឺសាកសមបំផុត។ សម្រាប់ការស្រោចស្រពយើងប្រើប្រព័ន្ធ Irrigation System ដែលងាយស្រួល មានន័យថាយើងបើកតែម្តង គឺក្បាលទាំង១៥បើកតែម្តង ដូច្នេះអត់ពិបាកទេ តែកន្លះម៉ោងរួចហើយ»។
ទោះក្លិបបាល់ទាត់គីរីដងរ៉ែកមានទីលានស្តង់ដារនាអនាគតដ៏ខ្លីខាងមុខក៏ដោយ លោក លី សេងហួរ បានអះអាងថា លោកមិនទាន់មានគម្រោងអភិវឌ្ឍន៍ខ្លួនឈានទៅរកកម្រិតអាជីពនោះទេ ដោយពួកគេផ្តោតសំខាន់លើការអភិវឌ្ឍយុវជនថ្នាល។ ប៉ុន្តែបើសិនទៅថ្ងៃអនាគតមានដៃគូសហការ និងឧបត្ថម្ភ ក្លិបនេះនឹងវិវត្តខ្លួនទៅជាក្លិបអាជីព ដើម្បីប្រជែងដណ្តើមជើងឯកក្នុងពានរង្វាន់លីគកំពូល និងពានរង្វាន់សម្តេច ហ៊ុន សែន ជាដើម។
បើតាមលោក អេង ស៊ីនតារា ដែលប្រធានក្លិបទី២និងជាគ្រូបង្វឹកផងនោះ បច្ចុប្បន្នក្លិបគីរីដងរ៉ែងកំពុងបណ្តុះបណ្តាលក្រុមយុវជនអាយុក្រោម១៣ឆ្នាំ ១៦ឆ្នាំ ១៧ឆ្នាំ និង១៨ឆ្នាំ។ ដោយពួកគេធ្លាប់ចូលរួមប្រកួតក្នុងពានរង្វាន់សហភាពសហព័ន្ធយុវជនកម្ពុជា និងពានរង្វាន់ Tiger Street ជាដើម។ ក្រោយទីលានសាងសង់រួចរាល់ គីរីដងរ៉ែក មានមហិច្ឆតាចង់ចូលរួមប្រជែងក្នុងពានរង្វាន់ពាក់កណ្តាលអាជីព KMH Cup ឬ KMH Champion League និងពាន Real Estate ជាដើម។
ជាក្លិបពាក់កណ្តាលអាជីពក៏ពិតមែន តែក្លិបបាល់ទាត់គីរីដងរ៉ែកបានជួយបណ្តុះបណ្តាលយុវជនយ៉ាងច្រើនឲ្យក្លាយជាកីឡាករអាជីពរួមមានកីឡាករ ឈុង ប៊ុនណាត, ពេជ្យ សុវណ្ណខេមរិន្ទ, តាំង ពិសី, ថន សីហា, ហម បញ្ញា, ស៊ឹង ណារិទ្ធិ, ដោរ រ៉ូសាន់ និង លី វាសនា ជាដើម។
ក្លិបបាល់ទាត់គីរីដងរ៉ែកបានបង្កើតឡើងដោយអ្នកស្រលាញ់បាល់ទាត់មួយក្រុមនៅឆ្នាំ២០១៣នៅខេត្តឧត្តរមានជ័យ។ បន្ទាប់មកក្លិបនេះក៏បានផ្លាស់មកកាន់ខេត្តសៀមរាបនៅឆ្នាំ២០១៤៕