បន្ទប់សណ្ឋាគារគ្មានមនុស្សស្នាក់នៅ, ហាងទំនិញគ្មានមនុស្សដើរទិញ ហើយសូម្បីតែទីតាំងកម្សាន្តដ៏ធំប្រចាំទីក្រុង ហុងកុង «Disneyland» ក៏ពុំសូវមានអ្នកទៅលេងកម្សាន្តផងដែរ។ ទន្ទឹមគ្នានេះដែរ ប្រជាជនហុងកុងកាន់តែច្រើន ពិចារណាផ្លាស់ប្តូរទីលំនៅ ហើយសិង្ហបុរី ជាគោលដៅពួកគេ។ បញ្ហាដែលកើតពីបាតុកម្មរាប់ខែក្នុងទីក្រុងនេះ កំពុងជះផលអវិជ្ជមានធ្ងន់ធ្ងរដល់សេដ្ឋកិច្ច។
ប្រធានប្រតិបត្តិទីក្រុង ហុងកុង លោកស្រី Carrie Lam បានព្រមាន នៅថ្ងៃទី៩ ខែសីហា ថា ហុងកុង ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ កំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចអាក្រក់បំផុតពុំធ្លាប់មាន។ បើធៀបនឹងការដាំក្បាលចុះនៃសេដ្ឋកិច្ចហុងកុង ដែលបង្កឡើងដោយការរាតត្បាតនៃជំងឺ SARS នៅឆ្នាំ២០០៣ ឬ វិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ លោកស្រី អះអាងថា «ស្ថានភាពពេលនេះ មានសភាពធ្ងន់ធ្ងរជាងផង»។
វិស័យឯកជន ជាពិសេស ឧស្សាហកម្មទេសចរណ៍ បានផ្តើមគិតគូរថ្លៃខូចខាត ដែលបណ្តាលមកពីការធ្វើបាតុកម្មអូសបន្លាយពេលជាង ២ខែមកនេះ។ ដំបូងឡើយ បាតុកម្មនេះ មានគោលដៅប្រឆាំងនឹងសេចក្តីព្រាងច្បាប់ស្តីពីការធ្វើបត្យាប័នជាមួយចិន ប៉ុន្តែវាពង្រីកខ្លួនកាន់តែធំទៅជាចលនាដើម្បីលទ្ធិប្រជាធិបតេយ្យ។
ជារឿងប្រកែកមិនបាន តួលេខការកក់សណ្ឋាគារជាក្រុមពីសំណាក់ភ្ញៀវទេសចរបរទេស បានធ្លាក់ចុះ ៥០ភាគរយ ខណៈការមកដល់នៃភ្ញៀងវទេសចរក្នុងខែកក្កដា ក៏ធ្លាក់ចុះយ៉ាងគំហុកផងដែរ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ប្រធានការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង លោក Edward Yau គូសបញ្ជាក់ថា អ្វីដែលបានកើតឡើងក្នុងក្រុង ហុងកុង នាប៉ុន្មានខែចុងក្រោយនេះ ពិតណាស់ កំពុងគំរាមកំហែងជីវភាពប្រជាជនហុងកុង ក៏ដូចជា សេដ្ឋកិច្ចផងដែរ។
«ខ្ញុំ គិតថា ស្ថានភាពក្នុងទីក្រុងហុងកុង កាន់តែធ្ងន់ធ្ងរទៅ ពីមួយថ្ងៃទៅមួយថ្ងៃ»។ លោក Jason Wong ប្រធានក្រុមប្រឹក្សាឧស្សាហកម្មទេសចរណ៍ហុងកុង បញ្ជាក់បែបនេះ ដោយសង្កត់ធ្ងន់ថា ដោយសារតែផលប៉ះពាល់ពីបាតុកម្មនេះ ភ្នាក់ងារទេសចរណ៍ជាច្រើន ពិចារណាបញ្ឈប់បុគ្គលិកខ្លួនជាបណ្តោះអាសន្នដោយគ្មានប្រាក់ឈ្នួល ដើម្បីដោះទ័លមួយគ្រាសិន រង់ចាំស្ថានភាពធូរស្រាល។
រូបភាពជាច្រើនបង្ហាញពីការប៉ះទង្គិចយ៉ាងហិង្សារវាងបាតុករហុងកុង និងកម្លាំងប៉ូលិស ដែលបាញ់ផ្លោងឧស្ម័នបង្ហូរទឹកភ្នែកលើដងផ្លូវនៃក្រុងហុងកុង ត្រូវបានចុះផ្សាយនៅទំព័រមុខស្ទើរគ្រប់សារព័ត៌មានអន្តរជាតិធំៗ នៅជុំវិញសាកលលោក។ ក្នុងសន្និសីទព័ត៌មានមួយ កាលពីថ្មីៗនេះ ក្រុមបាតុករហុងកុង ក៏បានប្រកាសបន្តការធ្វើបាតុកម្មដែលនឹងអូសបន្លាយពេញមួយខែសីហានេះ ខណៈពួកគេចង់ឲ្យរដ្ឋបាលក្រុងហុងកុងស្តាប់ការទាមទារពួកគេ។
ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP អ្នកនាំពាក្យគណៈកម្មការទេសចរណ៍ហុងកុង បញ្ជាក់ឲ្យដឹងថា តួលេខនៃភ្ញៀវទេសចរកក់សំបុត្រយន្តហោះ និងសណ្ឋាគារ ក្នុងខែសីហា និងកញ្ញា បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដោយអះអាងថា ការប៉ះពាល់នៃសេដ្ឋកិច្ចបែបនេះ នឹងអូសបន្លាយយូរអង្វែងទៀត។ ម្យ៉ាងវិញទៀត ការចេញសេចក្តីព្រមានស្តីពីការធ្វើដំណើរទៅកាន់ទីក្រុងហុងកុង ពីសំណាក់សហរដ្ឋអាមេរិក អូស្ត្រាលី និងជប៉ុន ក៏ទំនងដាក់បន្ទុកកាន់តែធ្ងន់ធ្ងរថែមទៀត លើឧស្សាហកម្មទេសចរណ៍នេះផងដែរ។
ការធ្លាក់ចុះនៃការមកដល់របស់អ្នកដំណើរ ប៉ះពាល់ដល់ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំប្រចាំក្រុងហុងកុង Cathay Pacific ដែលត្រូវបង្ខំលុបជើងហោះហើរមួយចំនួនកាលពីសប្តាហ៍មុន។ ការសម្រេចបែបនេះ ធ្វើឡើងខណៈបាតុកម្មដែលកំពុងបន្ត បង្កភាពចលាចលកាន់តែខ្លាំងក្នុងទីក្រុង។
សូម្បីតែទីតាំងកម្សាន្ត Disneyland របស់ហុងកុង ក៏រងផលប៉ះពាល់ផងដែរ ដោយនាយកប្រតិបត្តិ លោក Bog Iger លើកឡើងថា ក្រុមហ៊ុនលោក ទទួលស្គាល់ពីឥទ្ធិពលអវិជ្ជមាននៃបាតុកម្មនេះ ។ ចំណែក វិស័យលក់រាយ ក៏មិនខុសគ្នាប៉ុន្មានដែរ ព្រោះលែងសូវមានមនុស្សដើរទិញទំនិញ ហើយពេលខ្លះ ហាងទំនិញជាច្រើន ត្រូវបង្ខំចិត្តបិទទ្វារ កាលណាបាតុកម្មមានសភាពហិង្សាខ្លាំង។
លើសពីនេះ ចំនួនប្រជាជនហុងកុងកាន់តែច្រើន កំពុងសម្លឹងរកទិញផ្ទះក្នុងប្រទេសសិង្ហបុរី និងចុះឈ្មោះកូនៗពួកគេឲ្យចូលរៀននៅទីនោះផងដែរ។ សកម្មភាពនេះ កើតឡើងស្របពេលដែលវិបត្តិនយោបាយក្នុងទីក្រុងនេះកាន់តែផុងជ្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រាប់កាសែតហុងកុង South China Morning Post លោក Clarence Foo អនុប្រធានភ្នាក់ងារអចលទ្រព្យ OrangeTee & Tie បានបញ្ជាក់ថា ការស្នើសុំទិញផ្ទះពីប្រជាជនហុងកុង បានកើនឡើងប្រមាណ ៣០ ទៅ ៤០ភាគរយ ក្នុងរយៈពេល២ខែចុងក្រោយនេះ ។
ជាយូរមកហើយ ប្រទេសសិង្ហបុរី គឺជាទីតាំងពេញនិយមបំផុតមួយក្នុងចំណោមប្រជាជនហុងកុង ព្រោះវានៅជិតគ្នា។ ប៉ុន្តែ បាតុកម្មផ្ទួនៗនៅហុងកុង ដែលអូសបន្លាយជាច្រើនសប្តាហ៍កន្លងទៅ ជះឥទ្ធិពលលើពលរដ្ឋរស់នៅទីនោះ ដោយពួកគេពិចារណាផ្លាស់ប្តូរទីលំនៅ។ នេះបើតាមការបញ្ជាក់របស់លោក Foo ដែលបច្ចុប្បន្នទទួលបានអតិថិជនចំនួន៥នាក់មកពីទីក្រុង ហុងកុង។ លោក បន្ថែមថា អ្នកទាំងនោះ រាប់បញ្ចូលទាំងមនុស្សមានគ្រួសារ និងនៅលីវ ដែលកំពុងស្វែងរកទីកន្លែងរស់នៅថ្មី ឬទុកជាផ្លូវក្រោយសម្រាប់ពេលនេះ ៕