កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយអ្នកគាំទ្រលើកបដាដេញ Neymar គ្រូ PSG ថាក្លិបកំពុងចរចាជាមួយ Real និង Barca
× អ្នកចាត់ការទូទៅ Paris Saint-Germain លោក Thomas Tuchel បានចេញមកបញ្ជាក់ច្បាស់ថាក្លិបម្ចាស់ជើងឯក Ligue 1 បារាំងមួយនេះកំពុងបើកការចរចារជាមួយក្លិបយក្សពីអេស្ប៉ាញចំនួនពីរ ជុំវិញការផ្ទេរខ្សែប្រយុទ្ធឆ្នើម Neymar Jr។
Neymar បានបង្ហាញអារម្មណ៍ចង់វិលត្រឡប់ទៅកាន់ La Liga វិញឲ្យបានមុនថ្ងៃទីផ្សារដោះដូរកីឡាករបិទទ្វារនៅថ្ងៃទី២ ខែកញ្ញា ហើយទាំងក្លិប Real Madrid និង Barcelona សុទ្ធតែចង់បានកីឡាករប្រេស៊ីលរូបនេះដូចគ្នា។
ក្នុងជំនួបបើកឆាកការប្រកួតដណ្តើមពាន Ligue 1 ដែល PSG យកឈ្នះ Nimes ៣-០ នៅរាត្រីថ្ងៃទី១១ ខែសីហា អ្នកគាំទ្ររបស់ក្លិបយក្សបារាំងនេះបានលើកបដាដេញ Neymar ចេញពីក្លិប។ ទង្វើរបស់អ្នកគាំទ្របែបនេះ ទំនងពួកគេបានដឹងរួចទៅហើយថាខ្សែបម្រើសញញ្ជាតិប្រេស៊ីល វ័យ២៧ឆ្នាំរូបនេះច្បាស់ជាចេញពីក្រុមមិនខាន។
ផ្ទាំងបដាដែលសរសេរអក្សរថា«Neymar ចេញឆ្ងាយទៅ»ត្រូវបានអ្នកគាំទ្រលើកក្នុងកីឡដ្ឋាន Le Parc des Princes ជាមួយនឹងសំឡេងស្រែកដេញផង។ យ៉ាងណាក៏ដោយក្នុងចំណោមក្លិបយក្សអេស្ប៉ាញទាំងពីរដែលចង់បានអតីតសមាជិក Santos ក្លិបអ្នកមានបុណ្យត្រូវបានគេផ្តល់លក្ខខណ្ឌមួយចំនួនសម្រាប់ការយក Neymar ត្រឡប់ទៅ Nou Camp វិញ។
បើយោងតាមការចេញផ្សាយរបស់កាសែតកីឡាអេស្ប៉ាញ មានការអះអាងថា PSG ចង់បានខ្សែបម្រើ Philippe Coutinho ខ្សែការពារ Nelson Semedo រួមទាំងលុយ ១១២លានដុល្លារអាមេរិកផងដើម្បីប្តូរយក Neymar។ ប៉ុន្តែលក្ខខណ្ឌនេះ Barca មិនយល់ព្រមឡើយដ្បិតពួកគេមិនចង់ឲ្យ Semedo ចេញពីក្រុមឡើយ។
ស្របតាមការចង់ចាកចេញរបស់ Neymar លោក Tuchel ក៏មិនបង្ខំអ្វីនោះដែរ។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះបញ្ជាក់ថា៖«ការពិតណាស់យើងត្រូវតែរកដំណោះស្រាយផ្សេងទៀតនៅពេលគ្មាន Neymar។ វាពិតជាពិបាកនៅពេលបាត់បង់ Neymar ហើយត្រូវរកកីឡាករផ្សេងដែលមានសមត្ថភាពដូចគាត់។ ខ្ញុំក៏មិនទាន់ដឹងព័ត៌មានច្បាស់ដែរ អំពីអនាគតរបស់គាត់។ បើគាត់បន្តស្នាក់នៅជារឿងល្អ។ ប៉ុន្តែពេលនេះនៅមិនទាន់ប្រាកដទេ។ អ្វីៗស្ថិតក្នុងការចរចារវាង PSG និង Neymar រួមទាំងក្លិបផ្សេងទៀតប៉ុណ្ណោះ»។
យ៉ាងណាក៏ដោយមិត្តរួមក្រុម Neymar ដូចជា Kylian Mbappe និង Edinson Cavani ជាដើមពិតជាមិនចង់ឲ្យរូបគេចាកចេញឡើយ ដោយសង្ឃឹមថានឹងបន្តជួយ PSG ប្រជែងពាន Champions League រដូវកាលនេះជាមួយគ្នា៕
Tag:
Paris Saint-Germain
Neymar
Thomas Tuchel
© រក្សាសិទ្ធិដោយ thmeythmey.com