ដាំ​កូនឈើ ដើម្បី​អនាគត​ជំនាន់​ក្រោយ​របស់​យើង​
អត្ថបទពាណិជ្ជកម្ម
ដាំ​កូនឈើ ដើម្បី​អនាគត​ជំនាន់​ក្រោយ​របស់​យើង​
13, Aug 2019 , 4:25 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​៖ បម្រែបម្រួល​អាកាសធាតុ គឺជា​បញ្ហា​ប្រឈម​មួយ ដែល​ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់ ទាំង​ក្នុងប្រទេស​កម្ពុជា ក៏ដូចជា​សាកលលោក​ទាំងមូល នៅ​អំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ជាការ​ពិតណាស់ ព្រៃឈើ គឺជា​ចលករ​ទប់ស្កាត់​បញ្ហា​បម្រែបម្រួល​អាកាសធាតុ និង​ថែរក្សា​ភពផែនដី​បាន​យ៉ាង​ល្អប្រសើរ ព្រមទាំង​ផ្តល់នូវ​ភាពស្រស់​បំព្រង ដល់​ជីវិត​ក្នុង​លោក​យើង​ទាំងអស់​ផងដែរ​។ ហេតុនេះហើយ ទើប​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (​ធនាគារ CIMB) បានសម្រេច​រួមចំណែក ដល់​កម្មវិធី​ដាំ​កូនឈើ នៅ​វិទ្យាល័យ ឧដុង្គ ដោយមាន​ការចូលរួម​ពី​គណៈ​គ្រប់គ្រង រួមមាន​ប្រធាន​នាយក​ប្រតិបត្តិ និង​បុគ្គលិក​ធនាគារ​ទាំងមូល កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៩ កន្លងទៅនេះ​។​
 
​កម្មវិធី​នៃ​ការទទួលខុសត្រូវ ចំពោះ​សង្គម របស់​ធនាគារ CIMB លើក​នេះ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង ក្រោម​ប្រធានបទ «​ដាំ​កូនឈើ ដើម្បី​អនាគត​ជំនាន់​ក្រោយ​របស់​យើង​។ លើសពី​ការដាំ​ដើមឈើ​ជាង ២០០​ដើម ធនាគារ CIMB ក៏បាន​រៀបចំ​ការលែង​កូន​ត្រី​ជាង ៣០០​ក្បាល ទៅក្នុង​ស្រះ​របស់​វិទ្យាល័យ ឧដុង្គ ក៏ដូចជា​បរិច្ចាគ​សម្ភា​រៈ​កសិកម្ម សម្រាប់​ថែទាំ​ង​កូនឈើ និង​ប្រើប្រាស់​ផ្សេងៗ រួមមាន​ម៉ាស៊ីនបូមទឹក និង​ម៉ាស៊ីន​កាត់​ស្មៅ​ជាដើម​។​


 
​ថ្លែង​ក្នុងឱកាស​ដាំ​កូនឈើ​នេះ លោក​ប៊ុន យីន ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ CIMB បាន​មានប្រសាសន៍ថា​៖ «​កម្មវិធី​នៃ​ការទទួលខុសត្រូវ ចំពោះ​សង្គម របស់​ធនាគារ CIMB រួមមាន​សកម្មភាព​ចូលរួមចំណែក​ការកសាង​ជាមួយ​មូលដ្ឋាន នូវ​វិស័យ​នានា ដូចជា​ការសិក្សាអប់រំ សុខុមាលភាព សង្គមកិច្ច និង​បរិស្ថាន​។ ហើយ​ថ្ងៃនេះ ធនាគារ​យើងខ្ញុំ​ចូលរួម​ការងារ​បរិស្ថាន ដោយ​ការដាំ​កូនឈើ​។ យើងខ្ញុំ​ជ្រើស​យក​វិទ្យាល័យ ឧដុង្គ សម្រាប់​សកម្មភាព​ដាំ​កូនឈើ​នេះ ដោយ​យើង​ចង់បាន​កូនឈើ​ទាំងនេះ នឹង​បានការ​បីបាច់​ថែរក្សា ពី​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ទាំងឡាយ ដើម្បី​ធានា​ឲ្យ​ដើមឈើ​ទាំងនេះ​នឹង​គង់វង្ស​ស្ថិតស្ថេរ​ចេរកាល​»​។​
 
​ជា​ផ្នែក​មួយ​របស់​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដែលមាន​វត្ត​មាននៅ​ទូទាំង​តំបន់​អាស៊ាន ធនាគារ CIMB ដែល​ត្រូវបាន​ដឹកនាំ និង​បម្រើ​ការងារ ដោយ​ជនជាតិខ្មែរ ១០០% តែងតែ​រួមចំណែក ដល់​ការអភិវឌ្ឍ ក្នុងប្រទេស​កម្ពុជា​។ លោក​ប៊ុន យីន បាន​បន្ថែមទៀតថា ស្របតាម​ចក្ខុវិស័យ​របស់​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ចំពោះ​ការជួយ​ត្រឡប់ ទៅកាន់​សហគមន៍ ដែល​ខ្លួន​កំពុង​ប្រកប​អាជីវកម្ម ធនាគារ​មាន​គោលដៅ​បរិច្ចាគ​ទឹកប្រាក់ ១% នៃ​ប្រាក់ចំណេញ​ប្រចាំឆ្នាំ​របស់ខ្លួន សម្រាប់​កម្មវិធី​ទំនួល​ខុសត្រូវ ជា​រៀងរាល់ឆ្នាំ​។ ដើម្បី​សម្រេច​នូវ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​របស់​យើង​នេះ ធនាគារ​នឹង​បន្ត​សហការ​ជាមួយ​វិទ្យាល័យ ឧដុង្គ ក្នុងការ​ពិនិត្យ​ទៅលើ​ការថែរក្សា និង​ប្រើប្រាស់​ជំនួយ​ឧបត្ថម្ភ​របស់​យើង ហើយ​ធនាគារ​នឹង​បន្ត​ឧបត្ថម្ភ​បន្ថែមទៀត នាពេល​អនាគត ទៅលើ​ភាពចាំបាច់​ផ្សេងៗ​របស់​សាលា​។ 


 
​ស្ថិតក្នុង​ទឹកមុខ​រីករាយ​ស្រស់ស្រាយ លោក​ឡៃ គួ​ង នាយក​វិទ្យាល័យ ឧដុង្គ បាន​មានប្រសាសន៍ថា​៖ «​សកម្មភាព​សប្បុរ​ធម៌​របស់​ធនាគារ CIMB នាពេលនេះ ពិតជា​បានរួម​ចំណែក​ដល់​ការអភិវឌ្ឍ​សាលា​មួយកម្រិត​ទៀត​។ ដោយសារ​សាលា​របស់ខ្ញុំ ផ្តោតលើ​ការថែរក្សា​បរិស្ថាន ដូច្នេះ​សកម្មភាព​ដាំ​កូនឈើ​របស់​ធនាគារ CIMB បាន​ជួយ​ឲ្យ​សាលា​របស់​យើង កាន់​តែមាន​ភាពស្រស់​បំព្រង​បន្ថែមទៀត និង​ជម្រុញ​ឲ្យ​សិស្សានុសិស្ស​របស់​យើង បាន​ស្គាល់ និង​យល់ដឹង ពី​ដើមឈើ​ប្រណីត ដែល​បាន​ដាំ​នា​ថ្ងៃនេះ​។ ហើយ​ការបរិច្ចាគ​សម្ភារៈ​កសិក​ម្ម​ទៀតសោត ក៏បានផ្តល់​នូវ​មធ្យោបាយ​កាន់តែ​ប្រសើរ ឲ្យ​ពួកយើង​អាច​ប្រើប្រាស់ ដែលជា​ប្រយោជន៍ នៅក្នុង​វិទ្យាល័យ ឧដុង្គ​ទាំងមូល​។ តាងនាម​ឲ្យ​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុស្សិស​ទាំងអស់ ខ្ញុំ​សូម​ថ្លែងអំណរគុណ ដល់​គណៈ​គ្រប់គ្រង និង​បុគ្គលិក​របស់​ធនាគារ CIMB ដែល​បាន​ដំណើរ​មក​ដោយផ្ទាល់ និង​ឧបត្ថម្ភ ដល់​សាលា​យើងខ្ញុំ​»​។​


 
​លោក ហ៊ូ នី​រ៉េ​ម៉ូ ជា​បុគ្គលិក​របស់​ធនាគារ CIMB ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ផ្ទាល់ បានបង្ហាញ​ពី​មតិយោបល់​របស់ខ្លួន​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​ថា សប្បាយចិត្ត ដែល​បាន​ជួយ​ដល់​បរិស្ថាន នា​ថ្ងៃមុខ​។ យើង​តែងតែ​គិតថា ២០​ឆ្នាំមុន យើង​ដាំ​ដើមឈើ ទើប​ថ្ងៃនេះ​បាន​ផល ប៉ុន្តែ​មិនទាន់​យឺត​ពេល​ទេ យើង​អាច​ដាំ​ថ្ងៃនេះ ដើម្បី​បាន​ផល​ទៅ​ថ្ងៃក្រោយ ដែល​ជួយ​ដល់​បរិស្ថាន បង្កើន​ភាព​បៃតង ទាំង​ក្នុង​ការរស់នៅ និង​ក្នុង​សាលារៀន ហើយ​ផ្តល់​សុខភាព និង​សោភណភាព ដល់​សិស្សសាលា និង​ក្មេងជំនាន់ក្រោយ​។ ហើយ​ខ្ញុំ​សូម​លើកទឹកចិត្ត​ឲ្យ​អ្នក​ទាំងអស់គ្នា ដាំ​កូនឈើ​ឲ្យ​បាន​ច្រើន មិន​ថា​ថ្ងៃនេះ ឬ​ថ្ងៃស្អែក ច្រើន ឬក៏​តិច​ឡើយ​»​។​
 
​សូមបញ្ជាក់​ផងដែរ​ថា ធនាគារ CIMB បានចាប់ផ្តើម​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន ក្នុងប្រទេស​កម្ពុជា នៅ​ចុងឆ្នាំ​២០១០ ហើយ​បច្ចុប្បន្ន​ធនាគារ​មាន​សាខា​ចំនួន​១៣ តាម​បណ្តា​រាជធានី និង​ខេត្ត​សំខាន់ៗ នៅក្នុង​ប្រទេស​។ ក្នុង​រយៈពេល​ជិត​១០​ឆ្នាំ​កន្លងមកនេះ ធនាគារ CIMB បាន​ចូលរួម​សកម្មភាព​សប្បុរសធម៌​ជាច្រើន ដែល​រួមមាន​វិស័យ​សំខាន់ៗ ដូចជា​វិស័យ​អប់រំ ដោយ​ធនាគារ​បាន​ឧបត្ថម្ភ​ដល់​សាលា​ដាច់​ស្រ​យ៉ា​ល​នានា ក្នុងប្រទេស​កម្ពុជា និង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​សិក្សា​នៅក្រៅ​ប្រទេស | វិស័យ​សុខាភិបាល ដោយ​ធនាគារ​បាន​បរិច្ចាគ​ឈាម និង​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យបង្អែក​បាទី​ជាដើម | វិស័យ​សង្គមកិច្ច ដោយ​ធនាគារ​បាន​ឧបត្ថម្ភ​ដល់​កាកបាទក្រហម និង​មជ្ឈមណ្ឌល​កុមារកំព្រា​នានា ព្រមទាំង​ផ្នែក​បរិស្ថាន ដោយ​ធនាគារ​បាន​ចូលរួម​ដាំ​កូនឈើ នៅ​វិទ្យាល័យ ឧដុង្គ​ជាដើម​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com