Brown ដៃគូ Maradona ដែល​ជួយ​អា​ហ្ស​ង់​ទីន​ឈ្នះ World Cup ស្លាប់​នៅ​អាយុ​៦២​ឆ្នាំ​
កីឡាអន្តរជាតិ
អន្តរជាតិ
Brown ដៃគូ Maradona ដែល​ជួយ​អា​ហ្ស​ង់​ទីន​ឈ្នះ World Cup ស្លាប់​នៅ​អាយុ​៦២​ឆ្នាំ​
13, Aug 2019 , 9:39 pm        
រូបភាព
​លោក Jose Luis Brown ដែល​ស៊ុត​មួយ​គ្រាប់​ក្នុង​ជ័យជម្នះ​របស់​អា​ហ្ស​ង់​ទីន​លើក​ក្រុម​អាល្លឺម៉ង់​ខាងលិច ៣-២ ដើម្បី​លើក​ពាន​កីឡាបាល់ទាត់​ពិភពលោក World Cup ឆ្នាំ​១៩៨៦ បានទទួល​មរណភាព​នៅ​អាយុ​៦២​ឆ្នាំ​។​


 
​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​នៅ​ថ្ងៃទី​១៣ ខែសីហា​នេះ សហព័ន្ធ​កីឡាបាល់ទាត់​អា​ហ្ស​ង់​ទីន​បានបញ្ជាក់​ពី​ការស្លាប់​របស់​អតីត​ខ្សែការពារ​កណ្តាល​រូបនេះ​នៅលើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ពួកគេ​។ អតីត​ខ្សែប្រយុទ្ធ​ឆ្នើម Gabriel Batistuta ក៏បាន​សរសេរ​សារ​ចូលរួម​រំលែក​ទុក្ខ​ពី​ការស្លាប់​នេះ​ផងដែរ​។​


 
Brown ដែលមាន​រហស្សនាម​ថា «Tata» ធ្លាប់បាន​ចំណាយពេល ៨​រដូវ​កាល​ក្នុងនាម​ជា​កីឡាករ​របស់​ក្លិប​ក្នុងស្រុក Estudiantes ពោលគឺ​ចាប់ពី​ឆ្នាំ​១៩៧៥ ដល់ ១៩៨៣ ដោយ​បង្ហាញខ្លួន​២៩១ និង​ស៊ុត​បាន​២៥​គ្រាប់​។ ក្រៅពីនេះ លោក​ក៏​លេង​ឲ្យ​ក្រុម​ជាច្រើន​ទៀត​ដែរ ហើយ​ក្រុម​ចុងក្រោយ​សម្រាប់​អាជីព​កីឡាករ​បាល់ទាត់​គឺ​នៅ​ក្លិប Racing Club នា​ឆ្នាំ​១៩៨៩​។​
 
​អតីត​ជំនួយការ​ក្រុម Boca Juniors រូបនេះ ស្ថិតក្នុង​ជម្រើស​១១​ដំបូង​ជាមួយ​ប្រធាន​ក្រុម Diego Maradona សម្រាប់​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ World Cup ឆ្នាំ​១៩៨៦ ដែល​រៀបចំ​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។ Brown ក្នុងនាម​ជា​ខ្សែការពារ​បាន​រក​គ្រាប់​បាល់​នាំមុខ​ឲ្យ​អា​ហ្ស​ង់​ទីន ក្នុង​ជ័យជម្នះ ៣-២ លើ​គូប្រជែង​អាល្លឺម៉ង់​ខាងលិច​។ 
 
​មរណភាព​របស់លោក Brown មិនមាន​ប្រភព​ច្បាស់ការ​ណា​ចេញមក​បញ្ជាក់ថា​បណ្តាល​មកពី​ជំងឺ ឬ​យ៉ាងណា​នៅឡើយ​នោះទេ​៕
 

Tag:
 Jose Luis Brown
  World Cup
  អា​ហ្ស​ង់​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com