កីឡាអន្តរជាតិ
អន្តរជាតិ
Man City រួចផុត​ការហាម​ផ្ទេរ​កីឡាករ ក្រោយ​សារភាពថា​បាន​ទិញ​កីឡាករ​ក្រោម​អាយុ​១៨​ឆ្នាំ​
14, Aug 2019 , 10:47 am        
រូបភាព
Manchester City រួច​ផុតពី​ការដាក់ពិន័យ​ហាមឃាត់​ការផ្ទេរ​កីឡាករ បន្ទាប់ពី ម្ចាស់​ការពារ​ជើងឯក Premier League មួយ​នេះ​ព្រម​សារភាពថា​បាន​រំលោភ​លើ​ច្បាប់ FIFA ក្នុងការ​ទិញដូរ​កីឡាករ​វ័យក្មេង​។​

 
​បើ​ទោះ​រួច​ផុតពី​ការដាក់ពិន័យ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​នេះ​ក្តី ប៉ុន្តែ​ក្រុម​រហស្សនាម​មេឃ​ខៀវ​ត្រូវ​បង់ប្រាក់​ចំនួន ៣៧០០០០ ស្វ៊ី​ស​ហ្វ្រ​ង់ (៣៨០០០០​ដុល្លារ​អាមេរិក​) ជុំវិញ​ការបំពានច្បាប់​នេះ​។​
 
FIFA បង្ហាញ​ពី​ទោសកំហុស Man City ថា​បាន​រំលោភ​លើ​មាត្រា ១៩ នៃ​បទ​ប្បញ្ញត្តិ​របស់​ស្ថាប័ន​ខ្លួន អំពី​ការផ្ទេរ​យក​កីឡាករ​អន្តរជាតិ​ដែល​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​ទិញដូរ​កីឡាករ​ក្រោម​អាយុ ១៨ ឆ្នាំ​។ 
 
Man City ក៏បាន​សារភាព​ពី​ការបំពានច្បាប់​នេះ​ថា​ពួកគេ​បាន​ទិញ​ចូល​កីឡាករ​ក្មេងៗ​ទាំងនោះ​អំឡុងពេល​ប្រកួត​មិត្តភាព ប៉ុន្តែ​យ៉ាងណា​ក្លិប​អះអាងថា​បាន​គោរព​ច្បាប់​របស់ FIFA នេះ​យ៉ាង​ពេញលេញ​ចាប់តាំងពី​ពេល​នោះមក​។ ក្លិប​មាន​មូលដ្ឋាន​ក្នុង​ក្រុង Manchester នេះ​បន្ថែមថា ពួកគេ​បាន​សហការ​យ៉ាង​ខ្លាំងក្លា​ជាមួយនឹង​ការស៊ើបអង្កេត​របស់ FIFA ផង​លើក​ករណីនេះ​។​
 
​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក​មួយ​នេះ ទើបតែ​ដាក់ពិន័យ​ក្លិប​តោ​ខៀវ Chelsea មិន​ឲ្យ​ទិញ​កីឡាករ​ចូល​ពេញ​មួយ​រដូវ​កាល ២០១៩-២០ ក្រោយ​រកឃើញថា​បាន​បំពាន​ច្បាប់​លើ​ការទិញ​កីឡាករ​មិនទាន់​គ្រប់​អាយុ​៕

Tag:
 Manchester City
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com