ជាតិ
លោក លឹម គានហោ៖ ទឹកជំនន់នៅខេត្តព្រះសីហនុ មកពីបាតុភូតធម្មជាតិ ដែលនាំឱ្យភ្លៀង និងទីតាំងមិនសមតុល្យគ្នា
× ភ្នំពេញ៖ បញ្ហាទឹកជំនន់នៅខេត្តព្រះសីហនុ បណ្ដាលមកពីបាតុភូតនៃការប្រែប្រួលអាកាសធាតុ ដែលនាំឱ្យមានភ្លៀងធ្លាក់ច្រើនហួស ពីសមត្ថភាពគ្រប់គ្រងទឹក នៃតំបន់នោះ។ នេះជាការលើកឡើងរបស់លោក លឹម គានហោ រដ្ឋមន្ត្រីធនធានទឹក និងឧតុនិយម ឆ្លើយតបនឹងចម្ងល់របស់ពលរដ្ឋ ជុំវិញបញ្ហាទឹកជំនន់ទឹកធំជាងឆ្នាំមុនៗ នៅក្នុងខេត្តទេសចរណ៍មួយនេះ។
លោក លឹម គានហោ បកស្រាយថា បញ្ហាទឹកជំនន់ វាកើតឡើងដោយសារតែបញ្ហាចម្បងពីរធំៗ គឺមកពីភ្លៀងធ្លាក់ច្រើន និងទឹកទន្លេមេគង្គឡើង ពោលគឺគ្មានហេតុផលអ្វីផ្សេង ដែលនាំឱ្យមានទឹកជំនន់នោះទេ។ ក្នុងន័យនេះ រដ្ឋមន្ត្រីក្រសួងធនធានទឹករូបនេះ បានសង្កត់ធ្ងន់លើបញ្ហាជំនន់ទឹកភ្លៀង នៅខេត្តព្រះសីហនុថា បញ្ហាទឹកជន់នេះ បណ្ដាលមកពីបាតុភូតធម្មជាតិ នៃទឹកភ្លៀងធ្លាក់មកយ៉ាងគំហុក ដែលវាមិនសមតុល្យជាមួយទីតាំងខេត្ត។
ត្រង់ចំណុចនេះ លោក លឹម គានហោ បានឱ្យនិយមន័យជំនន់ទឹកភ្លៀងនេះថា ជាទឹកជំនន់លឿន (Fast Flood) និងស្រកទៅវិញលឿន។ «គ្រាន់តែភ្លៀងនៅក្នុងខេត្តព្រះសីហនុមួយសប្ដាហ៍នេះ មិនធម្មតាទេ ដោយក្នុងមួយថ្ងៃភ្លៀងធ្លាក់ ១៦០មីលីម៉ែត្រ…។ បើភ្លៀងម្លឹងៗ ពិបាកមែនទែន ចៀសការលិចលង់មិនបានទេ ហើយមិនមែនជាបញ្ហាខុសប្រក្រតីភាពធ្ងន់ធ្ងរនោះទេ។ (បញ្ហាទឹកជំនន់)នេះ កើតឡើងដោយសារបញ្ហាបាតុភូតធម្មជាតិទាំងអស់»។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីធនធានទឹក ដែលបានបន្ថែមថា ខេត្តព្រះសីហនុ មានភ្លៀងធ្លាក់២,៧៦៤ មីលីម៉ែត្រ ខណៈខេត្តកោះកុង ភ្លៀងធ្លាក់ជិត ៣,០០០មីលីម៉ែត្រ ទើបបង្កទៅជាគ្រោះទឹកជំនន់បែបនេះ។
ក្រៅពីបកស្រាយបញ្ហាទឹកជំនន់នេះ លោក លឹម គានហោ ក៏បានស្នើឱ្យពលរដ្ ឋឈប់រិះគន់ប្រទេសខ្លួនថា «កសិកម្មរំពឹងមេឃ»ទៀត ព្រោះប្រទេសណា ក៏រស់នៅរំពឹងមេឃដូចគ្នា។ ក្នុងន័យនេះ លោក លឹម គានហោ បានអះអាងថា រដ្ឋាភិបាលប្រឹងប្រែងរាល់បញ្ហាទឹកគ្រប់កាលៈទេសៈ មិនថាគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតឡើយ។
ថ្លែងក្នុងសន្និសីទកាសែត ស្តីពី«ស្ថានភាពទឹកជំនន់» នៅថ្ងៃទី១៥ សីហានេះ លោក លឹមគានហោ ដែលជារដ្ឋមន្ត្រីដំបូង ដែលចូលបកស្រាយផ្ទាល់លើបញ្ហានៃដែនសមត្ថកិច្ចខ្លួននេះ បាននិយាយដូច្នេះថា៖«អ៊ីចឹងជម្រាបជូនពេលនេះតែម្ដង គឺសូមពិចារណាលើការប្រើប្រាស់ពាក្យថា រស់នៅរំពឹងមេឃ កសិកម្មរំពឹងមេឃ ខ្ញុំសួរវិញថា តើរហូតមកដល់ថ្ងៃនេះ ពេលនេះ មហាប្រទេសណាដែលមិនរំពឹងមេឃ។ រំពឹងមេឃទាំងអស់គ្នា មិនមែនតែកម្ពុជាយើងទេ។ បើអត់មានទឹក ធ្វើយ៉ាងម៉េចទើបវារីអគ្គិសនីដើរកើត បើអត់មានទឹកធ្វើម៉េចអាងទឹក មានទឹក(ប្រើប្រាស់)បាន រហូតដល់ថា ជីកប្រឡាយអត់មានទឹក ។ប្រឡាយមិនដែលមានទឹកមកពីណា ប្រឡាយមានទឹកវាទាល់តែមេទឹករបស់វា ប្រភពទឹករបស់វា គឺអាងទឹក…។ ខ្ញុំមិនមែនព្យាយាមមិនទទួលស្គាល់នូវអ្វី ដែលជាការខ្វះខាតទេ ប៉ុន្តែយើងចូលរួមកែលម្អទាំងអស់គ្នា»។
ភ្លៀងធា្លក់ខ្លាំងជាប់គ្នាមួយសប្តាហ៍មកនេះ បានបង្កការប៉ះពាល់ដល់ប្រជាពលរដ្ឋជិត៨០០០គ្រួសារ និងផ្ទះសម្បែង៦៩០០ខ្នង (ខូចខាត២ខ្នង) នៅក្នុងខេត្តចំនួន៨ នៃប្រទេសកម្ពុជា ក្នុងនោះមាន ខេត្តព្រះសីហនុ កំពត កោះកុង កែប រតនគិរី មណ្ឌលគិរី បាត់ដំបង និងខេត្តកំពង់ធំ។ ចំណែកសន្ទូងស្រូវរងផលប៉ះពាល់ជាង៥០០០ហិកតា ដោយខូចខាត៣០០ហិកតា ។ រីឯដំណាំរួមផ្សំ២២៧៥ហិកតា បានខូចខាត៩៤០ហិកតា។ នេះបើតាមលោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានបន្ថែមថា ជំនន់ទឹកភ្លៀងកន្លងមកនេះ បានបណ្តាលឱ្យមនុស្ស៤នាក់ស្លាប់។ ក្នុងនោះមាន៣នាក់ នៅខេត្តព្រះសីហនុ និង១នាក់ទៀត នៅខេត្តរតនគិរី៕
Tag:
លឹម គានហោ
ធនធានទឹក
បាតុភូតធម្មជាតិ
ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com