អន្តរជាតិ
លោក ត្រាំ ភ្ជាប់បាតុកម្មហុងកុងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន
× ចិនចង់បានកិច្ចព្រមព្រៀង តែទុកឲ្យពួកគេដោះស្រាយបញ្ហាហុងកុងសិន។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសបែបនេះតាមបណ្ដាញសង្គម Twitter នៅថ្ងៃទី១៤ ខែសីហា ។ លោក ត្រាំ ក៏ចង់ជួបប្រធានាធិបតីចិន ស៊ី ជិនភីង ដោយផ្ទាល់ដើម្បីដោះស្រាយបញ្ហានៅហុងកុងផងដែរ។ ការប្រកាសរបស់លោក ត្រាំ ធ្វើឡើងស្របពេលដែលមានការបារម្ភថា ចិនអាចអន្តរាគមន៍ដោយផ្ទាល់ដើម្បីបញ្ចប់បាតុករនៅហុងកុង។
វត្តមានប៉ូលិសប្រដាប់អាវុធចិននៅក្បែរហុងកុង ពិតជាធ្វើឲ្យអាមេរិកព្រួយខ្លាំង និងបារម្ភថា ប៉េកាំងអស់ភាពអំណត់ ហើយត្រៀមចូលអន្តរាគមន៍ដោយផ្ទាល់ដើម្បីបញ្ចប់បញ្ហាឲ្យដាច់ស្រេច។ ពីទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្ញើសារតាមបណ្ដាញសង្គម Twitter ដោយភ្ជាប់សំណើចង់ជួបប្រធានាធិបតីចិន ដូណាល់ ត្រាំ ដើម្បីរកដំណោះស្រាយសមស្របសម្រាប់ការតវ៉ានៅហុងកុង ដែលធ្វើឡើងជាងពីរខែមកហើយ។
អ្វីគួរឲ្យកត់សម្គាល់នោះ លោក ត្រាំ បែរជាភ្ជាប់ការតវ៉ានៅហុងកុងទៅនឹងការចរចាដើម្បីរកកិច្ចព្រមព្រៀងជាមួយចិនទៅទៀត។ ក្នុងសំណេរជាច្រើនលើ Twitter ប្រធានាធិបតីអាមេរិករូបនេះ អះអាងថា ចិនបានបាត់ការងាររាប់លានទៅឲ្យប្រទេសដែលមិនរងពន្ធ ខណៈក្រុមហ៊ុនរាប់ពាន់ក៏ដើរចេញពីចិនផងដែរ។ ទំនងដោយសារផលអវិជ្ជមាននៃការដំឡើងពន្ធបែបនេះ លោក ត្រាំ យល់ថា ចិនពិតជាចង់កិច្ចព្រមព្រៀងមែនទែន។
«ទុកឲ្យពួកគេដោះស្រាយបញ្ហានៅហុងកុងជាមួយក្ដីមេត្ដាជាមុនសិន។» នេះជាការនិយាយចំៗលើកដំបូងរបស់លោក ត្រាំ រវាងបាតុកម្មនៅហុងកុង និងជម្លោះពាណិជ្ជកម្ម។ លោក ត្រាំ ទំនងចង់ប្រាប់ចិនថា លទ្ធផលនៃការចរចាទៅជាយ៉ាងណា អាចអាស្រ័យនឹងចំណាត់ការរបស់ចិនលើបញ្ហានៅហុងកុង។
ជាមួយគ្នានេះ លោក ត្រាំ ក៏ជឿជាក់ថា បញ្ហានៅហុងកុងនេះ អាចចប់ភ្លាមៗដោយគ្មានគ្រោះថ្នាក់ឡើយ បើលោក ស៊ី ចង់ធ្វើដូចនោះមែន។ ក្នុងសំណេរបន្តទៀត ប្រធានាធិបតីអាមេរិកដែលកំពុងរងការរិះគន់ពីអ្នកនយោបាយក្នុងស្រុកជុំវិញជំហរទន់ភ្លន់ដាក់ចិន ក៏បានសរសើរប្រធានាធិបតីចិនដែលលោកចាត់ទុកជាមេដឹកនាំដ៏អស្ចារ្យ ហើយមានការគោរពយ៉ាងខ្លាំងពីសំណាក់ប្រជាជនចិន និងពូកែដោះស្រាយបញ្ហាផងដែរ។
នៅបន្ទាប់ពីការលើកឡើងរបស់លោក ត្រាំ ដែលចង់ឃើញចិនដោះស្រាយបាតុកម្មនៅហុងកុងដោយក្ដីសណ្ដោសនោះ នៅឯទីក្រុងស៊ិនជិនវិញ ប៉ូលិសប្រដាប់អាវុធចិនក៏បញ្ចេញសកម្មភាពរបស់ខ្លួនដែរ។ ក្នុងរូបថតដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី១៥ ខែសីហា ប៉ូលិសប្រដាប់អាវុធចិន បានគ្រវីទង់ជាតិចិន និងដើរក្បួននៅកីឡដ្ឋានមួយកន្លែងដែលនៅមិនឆ្ងាយពីទឹកដីហុងកុង។ នៅក្បែរនោះ គេឃើញមានរថពាសដែក និងរថយន្តបាញ់ទឹកជាច្រើនគ្រឿងផងដែរ៕
Tag:
អាមេរិក
ចិន
ហុងកុង
ដូណាល់ ត្រាំ
ស៊ី ជិនភីង
© រក្សាសិទ្ធិដោយ thmeythmey.com