ជាតិ
លោក ឆាយ សុផល វ័យ​៥១​ឆ្នាំ​ហើយ តែ​កំពុង​រៀន​ថ្នាក់បណ្ឌិត ព្រោះ​...
17, Aug 2019 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក ឆាយ សុផល គឺជា​សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌មាន និង​ជា​អ្នកនិពន្ធ​សៀវភៅ​មួយរូប​ផង​។ មាន​វ័យ​៥១​ឆ្នាំ​ទៅហើយ លោក ឆាយ សុផល កំពុង​សិក្សា​ថ្នាក់បណ្ឌិត​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ នៅ​រាជបណ្ឌិត្យសភាកម្ពុជា​។ បើតាម​លោក ឆាយ សុផល ការរៀន​ឲ្យ​ចប់​ថ្នាក់បណ្ឌិត គឺជា​ក្តី​បំណង​របស់លោក តាំងតែ​ពី​យុវវ័យ​។ តើ​មាន​មូលហេតុ​អ្វីខ្លះ បានជា​អ្នកកាសែត​ជើងចាស់​រូបនេះ ចង់យក​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​?



​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង លោក រ៉ឹ​ម ភា​រី អ្នកសារព័ត៌មាន​នៃ​គេហទំព័រ​ថ្មីៗ ជាមួយ លោក ឆាយ សុផល ដូចតទៅ​៖ 



 
«​ការរៀនសូត្រ គឺ​មិន​ហួសពេល​ទេ ឲ្យ​តែមាន​ការតាំង​ចិត្ត មាន​កម្លាំង និង​លទ្ធភាព ព្រោះ ការសិក្សា​នឹងធ្វើ​ឲ្យ​ជីវិត​របស់​យើង​កាន់តែ​ប្រសើរ​»​។ នេះ​ជាការ​បរិយាយ​របស់លោក ឆាយ សុផល ដែល​កំពុង​សិក្សា​ថ្នាក់បណ្ឌិត​ទាំង​លោក​មាន​វ័យ​៥១​ឆ្នាំ​ទៅហើយ​។ ដ្បិត​មាន​វ័យចាស់​បន្តិច​មែន ប៉ុន្តែ​លោក​នៅតែ​ប្រាថ្នា​យក​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​។ ទន្ទឹមគ្នា​នឹង​ការបង្រៀន​នៅ​សាកល​វិ​ទ្យ​ល័យ លោក​ក៏​ផ្តើម​ចូលរៀន​ថ្នាក់បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ នៅ​រាជបណ្ឌិត្យ​កម្ពុជា បាន​រយៈពេល​កន្លះ​ឆ្នាំ​មកហើយ​។ 
 
​លោក ឆាយ សុផល បានបញ្ចប់​បរិញ្ញាបត្រ​អក្សរសាស្ត្រ​អង់គ្លេស​នៅ​កម្ពុជា និង​ថ្នាក់អនុបណ្ឌិត​ផ្នែក​សារព័ត៌​មាននៅ​ប្រទេស​ហ្វីលីពីន​។ ក្រោយមក​លោក​បាន​ធ្វើជា​សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌​មាននៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ បន្ទាប់ពី​បង្រៀន​និស្សិត​អស់​ពេល​ជាច្រើន​ឆ្នាំ រហូត​មាន​និស្សិត​របស់ខ្លួន​មួយចំនួន សុទ្ធ​តែមាន​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​ទៅហើយនោះ លោក​ក៏​កើត​គំនិត​ចង់​រៀន​ថ្នាក់បណ្ឌិត​ដែរ ដើម្បី​ឲ្យ​ស្របតាម​បរិបទ​សង្គម ដែល​ឲ្យ​តម្លៃ​លើ​អ្នកមាន​សញ្ញាបត្រ​ខ្ពស់​។ 
 
​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ដោយសារ​ខ្ញុំ​ប្រឡូក​ក្នុង​វិស័យ​អប់រំ ហើយ​ខ្ញុំ​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​ច្រើន ទាំង​ទៅ​ស្តាប់​គេ និង​ទៅធ្វើ​បទ​បង្ហាញ​ផងដែរ​ បរទេស គេ​ដាក់ Social Title ឬ​គេ​ហៅថា ងារ​សង្គម​របស់គេ គេ​ដាក់​សុទ្ធតែ​បណ្ឌិត តែ​យើង​គេ​ដាក់ថា Mr.​។ ពួកគេ ក៏​ប្រកាន់​ជំនាញ និង​កម្រិត​អប់រំ​របស់គេ​ដែរ​។ សម្រាប់​យើង គេ​ដាក់ Mr. ដ្បិត​មិនមាន​ការរើសអើង​មែន ប៉ុន្តែ គេ​មើល​មក​យើង យើង​ត្រឹមតែ​កម្រិត Mr. តែ​គេ​វិញ​មាន​កម្រិត Ph.D​។ មួយទៀត ខ្ញុំ​បង្រៀន​នៅ​សាកលវិទ្យាល័យ​ដល់​ទៅ​ពីរ​ឯណោះ​។ អ្នក​ដែល​ខ្ញុំ​បង្រៀន គឺមាន​រហូតដល់​រាប់ម៉ឺន​នាក់​។ និស្សិត​របស់ខ្ញុំ​កាលពីមុន ពួកគាត់​មាន​កម្រិត​ថ្នាក់បាក់ឌុប ហើយ​មក​រៀន​ជាមួយ​ខ្ញុំ នៅក្នុង​ចំណោម​នៃ​និស្សិត​រាប់ម៉ឺន​នាក់​នោះ ពួកគេ​ទទួលបាន Ph.D តែ​ខ្ញុំ​ជា​គ្រូ នៅតែ​កម្រិត​គ្រូ​ដដែល​។ សម្រាប់​ខ្ញុំ ខ្ញុំ​គិតថា ខ្ញុំ​គួរតែ​អភិវឌ្ឍន៍​ខ្លួន​»​។ 
 
​ជា​កូនកំព្រា​ឪពុក​តាំងពី​អាយុ​១២​ឆ្នាំ បានធ្វើ​ឲ្យ​ជីវិត លោក ឆាយ សុផល ត្រូវ​ហែល​ឆ្លង​ការលំបាក​ជាច្រើន ដូចជា លោក​ត្រូវ​ស៊ីឈ្នួល​បេះដូង​ឲ្យ​គេ រុញ​រទេះ​លក់​ដូង លក់ដូរ​តាម​ចិញ្ចើមថ្នល់ និង​ធាក់​ស៊ីក្លូ​ជាដើម​។ លោក​ត្រូវ​អាក់ខាន​ក្នុងការ​សិក្សា​ជា​បន្តបន្ទាប់ ដោយសារ​រវល់​រកប្រាក់​ចិញ្ចឹម​ម្តាយ និង​ក្រុមគ្រួសារ​របស់លោក​។ ឆ្លងកាត់​ការតស៊ូ​ជាច្រើន​ឆ្នាំ លោក​បាន​រៀន​ចប់​អនុបណ្ឌិត និង​ធ្វើ​ការងារ​ជា​អ្នកកាសែត និង​សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌មាន ប៉ុន្តែ ជីវភាព​របស់លោក​នៅ​តែ​ខ្វះខាត​។ ភាពខ្វះខាត និង​រវល់​ធ្វើ​ការងារ​ចិញ្ចឹម​គ្រួសារ​នេះហើយ ទើប​បំណង​រៀន​ថ្នាក់បណ្ឌិត​របស់លោក​ក៏ត្រូវ​ពន្យា​ពេល​ជាង​១​ទសវត្សរ៍​។      
 
​បើតាម លោក ឆាយ សុផល ការសិក្សា​ថ្នាក់​វិទ្យាសាស្ត្រ​នយោបាយ​នេះ លោក​មិន​មានបំណង​ធ្វើជា​អ្នកនយោបាយ​នោះទេ​។ ប៉ុន្តែ អ្នកកាសែត​ដែល​បាន​សរសេរ​សៀវភៅ​ជាច្រើន​អំពី​អ្នកនយោបាយ​រូបនេះ ចង់​ត្រៀមខ្លួន​ចាប់​ឱកាស​ធ្វើ​ការងារ​ទាក់ទង​នឹង​ជំនាញ​នយោបាយ​នេះ​នៅ​ថ្ងៃក្រោយ​ទៀត​។    
 
​សម្រាប់​លោក ឆាយ សុផល ការសិក្សា​ថ្នាក់បណ្ឌិត​ទាំង​វ័យចាស់​នេះ លោក​មិនមាន​អារម្មណ៍​ខ្មាសអៀន​អ្វី​ឡើយ​។ ប៉ុន្តែ លោក​បាន​រៀប​រាប់ទាំង​មោទកភាព ថា ដ្បិត​មាន​វ័យចាស់​បន្តិច​មែន តែ​លោក​មានការ​ចងចាំ​ល្អ ដែល​អាច​បន្ត​ការសិក្សា​ថ្នាក់បណ្ឌិត​បាន​។ ការសិក្សា​ថ្នាក់បណ្ឌិត​នេះ លោក ឆាយ សុផល ក៏​ជួបប្រទះ​បញ្ហា​តិចតួច​ដែរ ដូចជា លោក​ត្រូវ​ប្តូរ​ពី​ការជួបជុំ​គ្រួសារ ឬ​មិត្តភក្តិ​នៅពេល​ចុង​សប្តាហ៍ មក​អង្គុយ​រៀន​ក្នុង​ថ្នាក់ និង​ត្រូវ​គ្រប់គ្រង​ពេលវេលា​ឲ្យ​បានល្អ ខណៈ​លោក​កំពុងធ្វើការ​ងារ​ជាច្រើន និង​មាន​បន្ទុក​ចិញ្ចឹម​ប្រពន្ធ​កូន​ផង​នោះ​។    
 
​ទន្ទឹមគ្នា​នឹង​ការសិក្សា​ថ្នាក់បណ្ឌិត លោក ឆាយ សុផល ចង់​ឲ្យ​យុវជន ដែល​បោះបង់​ការសិក្សា សូមកុំ​ខ្មាសអៀន ទោះបី​វ័យចាស់​បន្តិច​មែន ប៉ុន្តែ​សម្រាប់​ការសិក្សា គឺ​មិនចេះ​ហួសពេល​ឡើយ​។ លោក​ពន្យល់ថា បើសិន​អ្នកសិក្សា​បាន​កម្រិតណា នោះ​ការវិភាគ​របស់​អ្នក​បាន​ត្រឹម​កម្រិត​នោះ​។ ដូច្នេះ បើ​អ្នកសិក្សា​បាន​កាន់តែ​ខ្ពស់ នោះ​អ្នក​នឹងមាន​ការវិភាគ​បាន​ស៊ីជម្រៅ និង​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នកមាន​ភាពល្អប្រសើរ​ជា​ដរាប​៕              
 
 
 

Tag:
 ឆាយ សុផល​
 ​ការសិក្សា​
 ​បណ្ឌិត​
© រក្សាសិទ្ធិដោយ thmeythmey.com