នាវេលាម៉ោងប្រមាណ៦ល្ងាច នៅវិចិត្រសាលក្បាច់ បរិវេណមជ្ឈមណ្ឌល Factory Phnom Penh គេឃើញមានរដ្ឋមន្ត្រីក្រសួងព័ត៌មាន តារាសម្ដែង និងតន្ត្រីករ នាទសវត្សរ៍ទី៦០ រួមទាំងស្ថាបត្យករខ្មែរមួយចំនួនទៀត ចូលរួមទស្សនា ការតាំងពិព័រណ៍រូបថតអគារបេតិកភណ្ឌ៣សម័យកាល។ គឺសម័យបារាំង សង្គមរាស្ត្រនិយម និងសម័យមុនសង្គ្រាម ប៉ុល ពត។ កម្មវិធីនេះថែមទាំងមានការបង្ហាញសិល្បៈចម្រុះ ដូចជាការសម្ដែងល្ខោនទោល ឬហៅថាការនិទានរឿង ការបង្ហាញពីសិល្បៈខ្មែរ ព្រមទាំងការដើរបង្ហាញម៉ូដសម្លៀកបំពាក់ច្នៃពីកន្ទេលកក់ថែមទៀតផង។ អ្វីដែលពិព័រណ៍ចង់បង្ហាញ គឺទេពកោសល្យ និងអត្តសញ្ញាណខ្មែរ ដែលមានជាប់ជាមួយសំណង់អគារ សម្លៀកបំពាក់ រួមទាំងសិល្បៈគ្រប់ទម្រង់របស់ខ្មែរ។
កញ្ញា ឡូញ ម៉ាឡែន មកពីខេត្តព្រៃវែង ជក់ចិត្តនិងការដើរទស្សនាពិព័រណ៍អគារបេតិកភណ្ឌនេះ។ និស្សិតផ្នែកស្ថានបត្យកម្មវ័យ២២ឆ្នាំរូបនេះ ចាប់អារម្មណ៍ខ្លាំងលើអគារដែលសង់ពីឈើហើយមានអាយុកាលយូរដូចជាអគារថ្មនោះ៖«ពិព័រណ៍នេះទាក់ទងនឹងខ្ញុំរៀន។ កម្មវិធីនេះល្អព្រោះគាត់បានទៅថតយករូបភាព ស្រាវជ្រាវពីអាយុកាលរបស់អគារ។ ខ្ញុំចាប់អារម្មណ៍អគារសង់ពីឈើ ព្រោះចំណុចពិសេសគឺអាយុកាលរបស់វាបានយូរដូចអគារសង់ពីថ្មដែរ»។
អង្គុយនៅក្បែរ ម៉ាឡែន យុវជន លុន គីមស័រ ក៏ជានិស្សិតផ្នែកស្ថាបត្យកម្មដែរ។ អង្គុយមើល ការសម្ដែងនៅលើឆាក គីមស័រ ស្ងើចសរសើរចំពោះស្ថាបត្យកម្មខ្មែរដែលបានបង្ហាញក្នុងពិព័រណ៍។ ហើយលោកពន្យល់ដូច្នេះ៖«មូលហេតុដែលខ្ញុំចាប់អារម្មណ៍មកពីខ្ញុំជានិស្សិតផ្នែកស្ថាបត្យកម្ម។ ខ្ញុំចាប់អារម្មណ៍សំណង់បេតិកភណ្ឌគ្រប់សម័យកាលទាំងអស់។ អគារកាលពីមុនអស្ចារ្យខ្លាំងទៅលើស្ថាបត្យកម្ម សិល្បៈ និងក្បាច់ផ្សេងៗ។ ពីសម័យមុនការច្នៃម៉ូដនីមួយៗសុទ្ធតែបានគិតពីព្រលឹង ហើយនិងសិល្បៈឱ្យកាន់តែមានសោភ័ណភាព»។ រូប២
ព្រមដោយស្នាមញញិមកញ្ញា ឡូញ ម៉ាឡែន មានចំណាប់អារម្មណ៍ចំពោះការតាំងពិព័រណ៍បែបនេះ៖«ការមកមើលនេះមានអត្ថប្រយោជន៍ច្រើន។ យើងអាចមើលឃើញពីចំណុចពិសេសរបស់អគារ ហើយយើងអាចយកទៅបញ្ចូលក្នុងគំនិតដែលយើងចង់បង្កើតថ្មី ដើម្បីឱ្យគំនិតរបស់យើងកាន់តែល្អ»។
ទោះជាយ៉ាងណានិស្សិតឆ្នាំទី៥ គីមស័រ ដែលភ្នែកសម្លឹងទៅមើលមនុស្សនៅចំពោះមុខខ្លួននោះ ថាស្ថាបត្យករតែងគិតពីបរិយាកាសនិងបរិស្ថាននៅជុំវិញខ្លួន មុននឹងសាងសង់អគារ ប៉ុនតែពេលខ្លះពួកគេក៏ត្រូវតម្រូរតាមចិត្តម្ចាស់ផ្ទះដែរ៖«ចំពោះយើងជាអ្នករៀនខាងស្ថាបត្យកម្ម យើងតែងតែផ្សារភ្ជាប់ជាមួយបរិយាកាសនិងបរិស្ថាននៅជុំវិញខ្លួន និងការរស់នៅជាមួយធម្មជាតិ។ ប៉ុន្តែពេលខ្លះយើងតម្រូវទៅតាមការចង់បានរបស់ភ្ញៀវ។ គាត់ឃើញថាស្អាតគាត់ចង់បាន ប៉ុន្តែគាត់មិនបានគិតទៅលើបរិស្ថាននិងការរស់នៅទេ។ បច្ចុប្បន្នភាគច្រើនគេប្រើម៉ាស៊ីនត្រជាក់ ដូច្នេះយើងប្រឈមនឹងហានិភ័យដែរនៅពេលដាច់ភ្លើង»។
លោកពន្យល់ពីអ្វីដែលលោកធ្លាប់រៀននិងធ្លាប់បានជួប៖«ផ្ទះខ្មែរសម័យមុនគេចូលចិត្តសង់ខ្ពស់ផុតពីដីដើម្បីចៀសវាងពីសត្វសាហាវ ម្យ៉ាងទៀតដើម្បីទុកលម្ហខាងក្រោមប្រើប្រាស់ជាប្រយោជន៍ផ្សេងៗ។
មិនចាប់អារម្មណ៍លើការសម្ដែង បុរសវ័យ២២ឆ្នាំដែលជាកូនច្បងក្នុងគ្រួសាររូបនេះ ប្រាប់ពីការសង្កេតឃើញរបស់ខ្លួនលើសំណង់ស្ថាបត្យកម្មសម័យបច្ចុប្បន្នថា៖«ភាគច្រើនអ្វីដែលខ្ញុំមើលឃើញអាចដើរទន្ទឹមគ្នា ដោយគាត់បានយករចនាបទខ្មែរនិងរចនាបទបរទេសរួមបញ្ចូលគ្នា ដោយភាគច្រើនយកពីប៉ែកអ៊ឺរ៉ុប»។
ចេញពីនិស្សិតទាំងពីខ្ញុំបានមកជួបអ្នកទស្សនាមួយរូបទៀត ខណៈពេលការបង្ហាញម៉ូដសម្លៀកបំពាក់កំពុងបន្ត។ អ្នកនាង ជិន ចាន់ គឺជាអ្នកធ្វើការក្នុងបណ្ណាល័យ។ ស្ថិតក្នុងទឹកមុខរីករាយ នារីសម្បុរស្រអែមរូបនេះ ថាខ្លួនមិនខកបំណងឡើងក្នុងការចំណាយពេលមកមើលពិព័រណ៍នេះ៖«ខ្ញុំយល់ថាកម្មវិធីនេះល្អ ដើម្បីឱ្យខ្មែរគាស់កកាយរបស់ចាស់ៗ ដែលអ្នកជំនាន់ថ្មីយើងមិនសូវបានស្គាល់។ ខ្ញុំជឿថាការផ្សព្វផ្សាយតាមហ្វេសប៊ុកបន្ថែម នឹងអាចឱ្យគេដឹងបានច្រើនបន្ថែមទៀត»។
អ្វីដែលធ្វើឱ្យនារីរូបស្រស់រូបនេះចាប់អារម្មណ៍ខ្លាំងគឺការសម្ដែងល្ខោនទោល និងការបង្ហាញម៉ូដសម្លៀកបំពាក់ច្នៃប្រឌិតបែបប្រពៃណីខ្មែរ៖«ខ្ញុំចាប់អារម្មណ៍ជាងគេគឺលោកតាដែលសម្ដែងល្ខោនទោល ព្រោះខ្ញុំមិនដែលបានឃើញពីមុន។ នេះជាទេពកោសល្យពិសេសរបស់គាត់។ ហើយនឹងកម្មវិធីរបស់រំដួលលិចទឹកដែលគាត់បង្ហាញថ្មីៗរហូត។ គាត់អភិរក្សនិងច្នៃម៉ូដសម្លៀកបំពាក់ខ្មែរ»។
ចំណែកលោក ស្រ៊ិន សុខមាន ជាអ្នកស្រាវជ្រាវអគារបេតិកភណ្ឌដែលបានរៀបចំការតាំងពិព័រណ៍នេះ ថាខ្លួនស្វះស្វែងស្រាវជ្រាវអគារទាំងនោះ ព្រោះតែក្ដីស្រឡាញ់ និងការព្រួយបារម្ភ៖«មកពីខ្ញុំស្រឡាញ់អគារទាំងនោះ។ អគារទាំងនោះខ្លះគេកំពុងវៃចោល ឬគ្រោងនឹងវៃចោល ដូច្នេះខ្ញុំត្រូវទៅថតឱ្យហើយ និងចងក្រងទុកជាឯកសារ»។
ចំណាយពេលជិត១០ឆ្នាំក្នុងការចុះស្រាវជ្រាវស្ទើរទូទាំងប្រទេសកម្ពុជាលោក ស្រ៊ិន សុខមាន មានឧបសគ្គមួយចំនួន៖«ខ្ញុំមិនចេះជិះម៉ូតូ ខ្ញុំក៏មិនមានឡាន ដូច្នេះខ្ញុំត្រូវដឹងថាឡានឈ្នួលចេញម៉ោងប៉ុន្មានទៅដល់ម៉ោងប៉ុន្មាន។ ប្រាក់ខ្ញុំក៏មានកម្រិតដែរ អ៊ីចឹងការចំណាយមិនអាចកញ្ជះកញ្ជាយបានឡើយ។ ទោដល់ហើយ ពេលខ្លះម្ចាស់ផ្ទះមិនឱ្យខ្ញុំថតរូបផ្ទះរបស់គេទៀត។ ហើយខ្លះទៀតវត្តបុរាណត្រូវបានគេវៃចោលបាត់ទៅហើយ។ ដូច្នេះទៅមិនបានផលអ្វីទាំងអស់»។
ពាក់អាវពណ៌ផ្លាឈូកដោយផ្នែកខ្លះទទឹកដោយញើសព្រោះការរវល់ច្រើន ស្ថាបនិកទំព័រហ្វេសប៊ុក Amazing Cambodia អះអាងថាលោកព្យាយាមរកប្រវត្តិពិតរបស់សំណង់អគារតាមលទ្ធភាពដែលអាចធ្វើទៅបាន៖«ខ្ញុំមិនជឿតាមពាក្យសម្ដីប្រជាជនមូលដ្ឋានមួយរយភាគរយឡើយ។ មុននឹងទៅយ៉ាងហោចណាស់ខ្ញុំមានព័ត៌មានគោលៗខ្លះយកទៅផ្ទៀងផ្ទាត់។ ប៉ុន្តែករណីខ្លះនៅកន្លែងខ្លះមិនមានឯកសារអ្វីទាំងអស់ ដូច្នេះទោះបីយើងមិនដឹងថាអ្វីដែលយើងទទួលបានពីអ្នកនៅទីនោះត្រូវមួយរយភាគរយ ប៉ុន្តែយ៉ាងហោចណាស់គាត់គឺជាសាក្សីរស់។ នៅពេលក្រោយបើរកបានឯកសារបន្ថែមយើងអាចប្រៀបធៀបគ្នា»។
ភ្នែកសំឡឹងទៅរូបថតអគារដែលព្យួរជាប់ជញ្ជាំង អ្នកស្រាវជ្រាវរូបនេះថាយ៉ាងហោចណាស់ ក្នុងចំណោមរូបទាំង៥០ផ្ទាំង ក៏អ្នកទស្សនាចាប់អារម្មណ៍ប៉ុន្មានសន្លឹកដែរ៖«ក្នុងរូបថត៥០នេះហោចណាស់គាត់ចាប់អារម្មណ៍១ទៅ២ដែរ។ នៅពេលគាត់ចាប់អារម្មណ៍គាត់អាចនាំគ្រួសាររបស់គាត់ទៅលេង។ ពេលខ្លះគាត់បង្ហោះរូបនោះ ហើយមិត្តគាត់នឹងបានឃើញ។ យូរទៅកន្លែងនោះនឹងល្បី ហើយប្រជាជននៅទីនោះអាចរៀបចំភូមិរបស់ខ្លួនទៅជាកន្លែងទេសចរណ៍។ គាត់មិនសូវចាប់អារម្មណ៍ព្រោះមិនមានអ្នកត្រួសត្រាយផ្លូវ»។
ការងារបន្ទាប់របស់លោក ស្រ៊ិន សុខមាន គឺការចងក្រងជាសៀវភៅពីអ្វីដែលលោកបានស្រាវជ្រាវ៖«សៀវភៅនោះនិយាយពីកម្ពុជាកន្លះសតវត្សរ៍មុននឹងក្រោយ ដោយភាគ១ផ្ដោតទៅលើភ្នំពេញ ភាគ២អាចនៅបាត់ដំបង ភាគ៣នៅសៀមរាប និងកំពង់ចាមជាបន្តបន្ទាប់។ ខ្ញុំចាំមើលសម្ទុះនៃការគាំទ្រនិងថវិកាដែលយើងមានជាក់ស្ដែង។ បើមានប្រាក់តិចខ្ញុំអាចបោះពុម្ពជាសៀវភៅស្ដើងៗ ដែលនិយាយពីរោងកុន។ សៀវភៅក្រាស់និយាយពីប្រវត្តិអគារ។ បើសិនជាអាចគឺបោះពុម្ពសៀវភៅទាំងពីរក្បាលដំណាលគ្នា គ្រាន់តែ១ស្ដើងនិង១ក្រាស់»៕