ជ័យលាភី​ច្នៃ​ម៉ូត​អ្នកនាង ស សាន​៖ ទោះ​ពិការភាព តែ​យើង​ត្រូវ​ប្រឹង​ធ្វើ ដើម្បី​ឱ្យគេ​ឃើញ​ពី​សក្ដានុពល​យើង
ជាតិ
ជ័យលាភី​ច្នៃ​ម៉ូត​អ្នកនាង ស សាន​៖ ទោះ​ពិការភាព តែ​យើង​ត្រូវ​ប្រឹង​ធ្វើ ដើម្បី​ឱ្យគេ​ឃើញ​ពី​សក្ដានុពល​យើង
18, Aug 2019 , 5:59 pm        
រូបភាព
​ភ្នំពេញ​៖ អ្នកនាង ស សាន ជា​បេក្ខជន​មួយរូប ក្នុងចំណោម​បេក្ខជន​ទាំង​៥​រូប ដែល​បានឈ្នះ​ការប្រកួត​រចនា​ម៉ូត​សម្លៀកបំពាក់​ខ្មែរ បែប​លោកខាងលិច​១១​ឈុត ទៅ​ចូលរួម​ពិព័រណ៍​ពាណិជ្ជ​កម្មដ៍​ធំ​មួយ​(Bazaar Berlin) នៅ​ទីក្រុង​បែរ​ឡាំង ប្រទេស​អាល្លឺម៉ង់ ពីថ្ងៃ​ទី​៦ ដល់​ថ្ងៃទី​១០ ខែវិច្ឆិកា​ខាងមុខ​។ នារី​ពិការ​ជើង​ខាងស្តាំ​តាំងពី​កំណើត​រូបនេះ ចាត់ទុក​ជ័យជម្នះ​នៃ​ការប្រកួត​ច្នៃ​ម៉ូត​នេះ គឺជា​សារ​មួយ​ដែល​បង្ហាញ​ឱ្យ​មជ្ឈដ្ឋាន​ទូទៅ កុំ​មើលរំលង​ពីស​ក្កា​នុព​ល​ផ្សេងៗ​របស់​អ្នក​ពិការ​។

 
​ស្ថិតនៅ​ក្នុងចំណោម​បេក្ខជន​ជាច្រើន​នាក់ ដែល​កំពុង​រង់ចាំ​លទ្ធផល​នោះ អ្នកនាង ស សាន គឺជា​បេក្ខជន​ចុងក្រោយ​គេ​ដែល​គណៈកម្មការ​ប្រកាស​ឈ្មោះ​ជាប់ ក្នុងការ​ប្រកួត​រចនា​ម៉ូត​សម្លៀកបំពាក់​ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក និង​មានគំនិត​ច្នៃ​ម៉ូត​សម្លៀកបំពាក់​ផ្ទាល់ខ្លួន ដែល​មិន​ចម្លង​ពី​គំនិត ឬ​ម៉ូត​របស់​អ្នកដទៃ កាលពី​ថ្ងៃ​១១​សីហា ឆ្នាំ​២០១៩ ។ អ្នកនាង ស សាន នឹង​ត្រូវយក​សម្លៀកបំពាក់​ខ្មែរ ដែល​ខ្លួន​បាន​រចនា​ម៉ូត​បែប​លោកខាងលិច​នេះ ទៅ​បង្ហាញ​នៅក្នុង​ពិព័រណ៍​ដ៏​ធំ​មួយ នៅ​ប្រទេស​អាល្លឺម៉ង នៅ​ខែវិច្ឆិកា​ខាងមុខ​។​


រូបមុខគេ អ្នកនាង ស សាន ឈ្នះការប្រកួតម៉ូតសម្លៀកបំពាក់បែបអឺរ៉ុបច្នៃពីផលិតផលក្នុងស្រុក ជាមួយបេក្ខជន៤រូបទៀត កាលពីថ្ងៃទី១១ សីហា ឆ្នាំ២០១៩។ 

​តាមពិតទៅ​ស្ត្រី​ពិការភាព​វ័យ​២៥​ឆ្នាំ​រូបនេះ ទទួលបាន​អាហារូបករណ៍​សិក្សា​រយៈ​ពេល​មួយឆ្នាំ​ពេញ​លើ​ការច្នៃ​ម៉ូត​សម្លៀកបំពាក់​បែប​អឺរ៉ុប ក្នុង​មជ្ឈមណ្ឌល​រចនា​បែប​ទំនើប​(Modern Ethnic Design Center)​នៅ​កម្ពុជា មុននឹង​ជាប់​ចំណាត់ថ្នាក់​លេខ​៥​នេះ​។ សម្រាប់​អ្នកនាង ស សាន ការអត់ធ្មត់ និង​កំណត់​យក​ជំនាញ​មួយ​ឱ្យ​ច្បាស់លាស់ ទើប​វា​អាចធ្វើឱ្យ​ស្នាដៃ​ខ្លួន​លេចចេញ​ជា​រូបរាង​ឡើង ហើយ​ត្រូវបានគេទទួលស្គាល់​។​


 
​អ្នកនាង ស សាន ដែល​បញ្ចប់​ការសិក្សា​ក្នុង​កម្រិត​បរិញ្ញាបត្រ​លើ​ជំនាញ​ព័ត៌មានវិទ្យា និង​កំពុង​បម្រើ​ការងារ​ក្នុង​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ន បានបញ្ជាក់​ដូច្នេះ​ថា​៖«​អ្វីដែល​កាន់តែ​ជំរុញ និង​លើក​ទឹក​ខ្ញុំ​កាន់តែខ្លាំង គឺ​ការលើកកម្ពស់​ផលិតផល​ខ្មែរ ឱ្យ​ទីផ្សារ​អឺរ៉ុប​ទទួលស្គាល់ថា ខ្មែរ​យើង​មាន​ផលិតផល​ត្បាញ​ដោយ​ដៃ​ជាច្រើន​ដែល​ពួកគេ​មិន​ធ្លាប់​ដឹង​ពីមុនមក​»​។ 


 
​បើតាម​នារី​សម្បុរ​ស សក់ត្រង់​ពណ៌​ខ្មៅ​លើ​ចង្កេះ ដោយ​ធ្វើដំណើរ​ទៅណា​មក​ណា​ត្រូវមាន​ឈើច្រត់ សម្រាប់​សម្រួល​ដល់​ការ​បម្លាស់​ទី​រូបនេះ ការប្រកួតប្រជែង​ពិតប្រាកដ​មួយ​ដោយ​ទទួលបាន​ជ័យជម្នះ​នេះ គឺជា​សារ​មួយ​ទៅដល់​អ្នក​ពិការ​ដទៃទៀត ឱ្យមាន​ឆន្ទៈ តស៊ូ និង​ខិតខំ​រៀនសូត្រ ហើយ​កុំ​តូចចិត្ត​នូវ​អ្វីដែល​ខ្លួន​មិនមាន​ដូច​គេ ឬ​ខុសពី​គេ​។ 


 
​ជា​កូន​ទី​២​ក្នុងចំណោម​បងប្អូន​៦​នាក់ ក្នុង​គ្រួសារ​មួយ​ដែលមាន​ជីវភាព​រស់នៅ​សមរម្យ នៅក្នុង​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖ «​មិន​ថា​អ្នក​ពិការ ឬ​មិន​ពិការ​ទេ គឺ​សុទ្ធសឹង​តែមាន​សក្ដានុពល ឬ​ភាពខ្លាំង​រៀងៗ​ខ្លួន​។ គ្រាន់តែ​អ្នក​ពិការ ត្រូវ​ទាមទារ​ការខិតខំ និង​ប្រឹងប្រែង​ឱ្យ​ខ្លាំង​ជាង​អ្នកមាន​កាយសម្បទា​ពេញលេញ ដើម្បី​បង្ហាញ​សមត្ថភាព​របស់​យើង​ឱ្យគេ​មើលឃើញ​ពី​សក្ដានុពល​យើង​មាន ដែលមាន​កាយសម្បទា​ពេញលេញ​ចំនួន មិនមាន​ដូច​យើង​។   ហើយ​នៅពេល យើង​បាន​ទទួលបាន​ជោគជ័យ ដោយ​ប្រកប​នូវ​ភាពត្រឹមត្រូវ នោះ​គឺ​គ្មាន​នរណា​មើលងាយ​យើង ឬថា​ឱ្យ​យើង​ជា​មនុស្ស​គ្មាន​បានការ ឬ​ជា​បន្ទុក​គេ​ឡើយ​»​។​


 
​ជ័យលាភី​លេខ​៥ នៃ​ការប្រកួតប្រជែង​រចនា​ម៉ូត​សម្លៀកបំពាក់​រូបនេះ បាន​លើកទឹកចិត្ត​ដល់​អ្នក​ពិការភាព​គ្រប់រូប កុំឱ្យ​ផ្ដេកផ្ដួល​លើ​ពិការភាព​ខ្លួន និង​កុំ​គិតថា​ខ្លួនឯង​ជា​បន្ទុក​របស់​នរណាម្នាក់ ប៉ុន្តែ​ត្រូវ​គិត​នឹង​ស្វែងរក​ចំណុចខ្លាំង​របស់ខ្លួន​ឯង​វិញ ដើម្បី​ធ្វើ​អ្វីមួយ ដែលជា​ប្រយោជន៍​ដល់​អ្នក​នៅ​ជុំវិញខ្លួន និង​សហគមន៍​របស់ខ្លួន​។ ក្រៅពី​លើកទឹកចិត្ត​នេះ​អ្នកនាង ស សាន ក៏បាន​ចូលរួមចំណែក​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ក្រុម​អ្នក​ងាយ​រងគ្រោះ ដូចជា​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ក្រុម​អ្នក​ពិការ ក្រុម​អតីត​ស្ត្រី​បម្រើ​សេវាកម្ម​កម្សាន្ត​នានា​ផងដែរ តាមរយៈ​ការទទួល​ទិញ​ផលិតផល​ខ្មែរ​ពី​ពួកគេ យកទៅលក់​បន្ត​៕
 



Tag:
 ពិការ​
  ច្នៃ​ម៉ូត​
  សម្លៀកបំពាក់​
  ស សាន
© រក្សាសិទ្ធិដោយ thmeythmey.com