ជាតិ
បាក់ឌុប
បាក់​ឌុប​៖ គីមីវិទ្យា ភូមិវិទ្យា និង​ភាសាបរទេស មុខវិជ្ជា​ដែល​ត្រូវ​ប្រឡង​ពេល​រសៀល​
19, Aug 2019 , 11:50 am        
រូបភាព
ដោយ: ថ្មីៗ
​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) បន្ត​ត្រៀមខ្លួន​ប្រឡង​នៅ​រសៀល​នេះ បន្ទាប់ពី​ដំណើរការ​ប្រឡង​ពេញ​មួយ​ព្រឹក នា​សម័យ​ប្រឡង​១៩ សីហា ២០១៩​។​

 
​កាលពីពេល​ព្រឹក បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ដំណើរ​ការប្រឡង​មុខវិជ្ជា ផែនដី និង​បរិស្ថានវិទ្យា បន្ទាប់មក​ប្រវត្តិវិទ្យា រីឯ​ថ្នាក់​វិទ្យាសាស្ត្រ ប្រឡង​លើ​មុខវិជ្ជា​ប្រវត្តិវិទ្យា និង​ជីវវិទ្យា​។​
 
​ក្រោយ​ប្រឡង​ពេលព្រឹក បេក្ខជន​ខ្លះ​រូតរះ​ទៅ​បរិភោគ​បាយ​នៅផ្ទះ បេក្ខជន​ខ្លះ​បរិភោគ​នៅ​អាហា​រដ្ឋា​ន​ក្បែរ​មណ្ឌល​ប្រឡង រីឯ​អ្នក​ខ្លះទៀត ញ៉ាំ​ជាមួយ​គ្រួសារ​ដែល​បាន​វេច​ខ្ចប់​ទុក​សម្រាប់​ពួកគេ និង​ឆ្លៀតពេល​មើល​មេរៀន​បន្ថែម​។​
 
​នៅ​រសៀល​នេះ បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ ត្រូវ​ប្រឡង​មុខវិជ្ជា «​គីមីវិទ្យា​» រយៈពេល​៩០​នាទី ចន្លោះ​ពី​ម៉ោង​២​រសៀល​ដល់​ម៉ោង​៣ និង​៣០​នាទី ហើយពី​ម៉ោង​៤​ដល់​ម៉ោង​៥​ល្ងាច ពួកគេ​ត្រូវ​ប្រឡង «​ភាសាបរទេស​»​។ 
 
​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម «​ភាសាបរទេស​» ត្រូវ​ប្រឡង​ម៉ោង​ដូច​ថ្នាក់​វិទ្យាសាស្ត្រ ដែលមាន​រយៈពេល​៦០​នាទី ប៉ុន្តែ​នៅ​ម៉ោង​ដំបូង ពួកគេ​ត្រូវ​ប្រឡង​មុខវិជ្ជា «​ភូមិវិទ្យា​»៕


© រក្សាសិទ្ធិដោយ thmeythmey.com