រថយន្ត
អន្តរជាតិ
អាជ្ញាធរបាងកក ហាមរថយន្តធុនធំចូលក្រុងចាប់ពីម៉ោង៤ព្រឹកដល់ម៉ោង១២យប់ ប្រភពរូប៖ AFP
× រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោក Saksayam Chidchob មានផែនការដាក់បម្រាមរថយន្តដឹកជញ្ជូនធុនធំពីការធ្វើចរាចរណ៍ក្នុងរាជធានីបាងកក រយៈ២០ម៉ោង ពោលគឺចាប់ពីម៉ោង ៤ព្រឹកដល់ម៉ោង១២យប់។ ការកំណត់បែបនេះ មានគោលដៅបន្ធូរបន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុងដែលមានប្រជាជនរស់នៅជាង៨,២លាននាក់ (ជំរឿនឆ្នាំ ២០១០)។
រថយន្តដឹកស៊ីម៉ង់ ប្រេងឥន្ធនៈ និងចំណីអាហារ នឹងពុំត្រូវលើកលែងពីការដាក់បម្រាមនេះឡើយ។ នេះបើតាមលោករដ្ឋមន្ត្រី Saksayam Chidchob ដោយព្យាករទៀតថា បម្រាមនេះ នឹងជួយសម្រួលដល់ការធ្វើចរាចរណ៍ក្នុងទីក្រុងប្រកបដោយប្រសិទ្ធភាព ដ្បិតជារៀងរាល់ថ្ងៃ រថយន្តធុនធំប្រមាណ៥ម៉ឺនគ្រឿងបើកបរលើដងផ្លូវនានាក្នុងទីក្រុងបាងកក។
ព្រំដែននៃការអនុវត្តចំណាត់ការនេះ នឹងរាប់បញ្ចូលផ្នែកខ្លះនៃខេត្តជាប់រាជធានីបាងកកចំនួន៣ ដូចជា Pathum Thani, Nonthaburi និង Samut Prakan ។ តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី១៦ ខែសីហា លោករដ្ឋមន្ត្រី Saksayam លើកឡើងថា រថយន្តដឹកជញ្ជូនធុនធំ នឹងអនុញ្ញាតឲ្យធ្វើចរាចរណ៍រយៈពេល ៩ម៉ោង ក្នុងមួយថ្ងៃ ចាប់ពីម៉ោង ៩យប់ ដល់ ៦ព្រឹក ក្នុងផ្នែកដែលពុំរាប់បញ្ចូលនៃខេត្តទាំងបីខាងលើនេះ។
ចំណែកបណ្តាខេត្តផ្សេងៗទៀតក្នុងប្រទេស ការកំណត់ម៉ោងឲ្យធ្វើចរាចរណ៍ដែលមានស្រាប់សម្រាប់រថយន្តធុនធំ នឹងនៅតែបន្តអនុវត្តដដែល ពោលគឺនៅចន្លោះម៉ោង ១០ព្រឹកដល់ ៤ល្ងាច និងចន្លោះពីម៉ោង ៩យប់ដល់ ៦ម៉ោង។ លោក Saksayam បញ្ជាក់បែបនេះ។
ទន្ទឹមនឹងគ្នានេះ ដើម្បីបង្ការការធ្វើបាតុកម្មពីសំណាក់ម្ចាស់រថយន្តដឹកជញ្ជូនធំៗទាំងនោះ លោករដ្ឋមន្ត្រីថៃរូបនេះ ក៏បញ្ជាក់ទៀតថា លោក នឹងត្រៀមរៀបចំវិធានការថ្លៃសំណងសម្រាប់អ្នកទាំងនោះផងដែរ។ ដោយឡែក ភាគីពាក់ព័ន្ធក្នុងរឿងនេះ នឹងត្រូវទុកពេល១ខែសម្រាប់ត្រៀមលក្ខណៈ ហើយលោក នឹងដាក់ស្នើគំនិតនេះទៅកាន់គណៈរដ្ឋមន្ត្រីថៃសម្រាប់ពិចារណា និងអនុម័ត។
សូមបញ្ជាក់ថា បច្ចុប្បន្ន រថយន្តដឹកជញ្ជូនធុនធំ ដែលមានកង់ចាប់ពី១០ឡើងទៅ ត្រូវកំណត់ឲ្យចូលទីក្រុងបាងកក នៅចន្លោះម៉ោង ៩យប់ និង ៦ព្រឹក ហើយរថយន្តដឹកទំនិញធំៗ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរជុំវិញនោះ អាចធ្វើចរាចរណ៍ចាប់ពីម៉ោង ១០យប់ដល់ ៦ព្រឹក៕
Tag:
ថៃ
បាងកក
រថយន្តធុនធំ
ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com