ជាង​១០​ថ្ងៃក្រោយ​ចាកចេញ​ពី​ភ្នំពេញ​ក្រោ​ន លោក Luis Fernando ចូលរួម​ជាមួយ​វិសាខា​
កីឡាជាតិ
ជាតិ
ជាង​១០​ថ្ងៃក្រោយ​ចាកចេញ​ពី​ភ្នំពេញ​ក្រោ​ន លោក Luis Fernando ចូលរួម​ជាមួយ​វិសាខា​
20, Aug 2019 , 7:59 am        
រូបភាព
​អតីត​គ្រូបង្វឹក​អ្នកចាំទី​របស់​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​លោក Luis Fernando Vitorino ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​គ្រូ​បង្គោល​ក្រុមយុវជន​អាយុ​ក្រោម​១៥​ឆ្នាំ​របស់​ក្លិប​វិសាខា ដែល​ទើប​បង្កើត​កាលពីពេល​ថ្មីៗ​។ គ្រូបង្វឹក​កម្រិត B-License រូបនេះ​បានមក​ប្រកប​អាជីព​នៅ​កម្ពុជា​ដោយ​ធ្វើជា​គ្រូបង្វឹក​អ្នកចាំទី​ក្រុម​ជម្រើសជាតិ​កម្ពុជា​នៅ​អំឡុង​ឆ្នាំ​២០១៧​។ នៅ​អំឡុង​ឆ្នាំ​២០១៨ គ្រូបង្វឹក​រូបនេះ​ត្រូវបាន​ក្លិប​ភ្នំពេញ​ក្រោ​ន​តែងតាំង​ឲ្យ​ធ្វើជា​គ្រូ​អ្នកចាំទី​ក្រុមយុវជន និង​បាន​ដំឡើង​មក​ឈុត​ធំ​នៅ​ឆ្នាំ​២០១៩​។

 
​ជាង​១០​ថ្ងៃក្រោយ​ចាកចេញ​ពី​ភ្នំពេញ​ក្រោ​ន​ប្អូនប្រុស​បង្កើត​របស់​អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា Leonardo Vitorino គឺ​លោក Luis Fernando Vitorino ត្រូវបាន​ក្លិប​បាល់ទាត់​វិសាខា តែងតាំង​ឲ្យ​ធ្វើជា​គ្រូ​បង្គោល​ក្រុមយុវជន​អាយុ​ក្រោម​១៥​ឆ្នាំ ដែល​ក្លិប​ទើប​បង្កើត​កាលពីពេល​ថ្មីៗ​។ ការ​ត្រឡប់មក​ប្រកប​អាជីព​នៅ​កម្ពុជា​លើក​ទី​៣​នេះ វា​ក្តី​បំណង​របស់​គ្រូបង្វឹក​កាន់​សញ្ញាបត្រ​កម្រិត B-License រូបនេះ​។ មុន​ចាក​ចេញពី​ភ្នំពេញ​ក្រោ​ន កាលពីដើម​ខែសីហា អតីត​គ្រូបង្វឹក​អ្នកចាំទី​របស់​ភ្នំពេញ​ក្រោ​ន​រូបនេះ​បាន​និយាយថា លោក​នៅតែ​ស្រលាញ់​បាល់ទាត់​កម្ពុជា និង​សង្ឃឹមថា នឹង​អាច​ត្រឡប់​មកកាន់​កម្ពុជា​ក្នុងពេល​ណាមួយ​។  
 
​លោក Luis Fernando Vitorino បាន​ចូលរួម​ជាមួយ​ភ្នំពេញ​ក្រោ​ន​កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០១៨ ដោយ​ធ្វើជា​គ្រូបង្វឹក​ក្រុមយុវជន​។ បន្ទាប់មក លោក ត្រូវបាន​ក្លិប​ភ្នំពេញ​ក្រោ​ន​តែងតាំង​ឲ្យ​ធ្វើជា​គ្រូបង្វឹក​ក្រុម​ឈុត​ធំ​នៅ​ឆ្នាំ​២០១៩ ដែលមាន​លោក Leonardo Vitorino ដែលជា​បងប្រុស​បង្កើត​ធ្វើជា​គ្រូបង្វឹក​។ ប៉ុន្តែ​លោក Leonardo Vitorino ត្រូវបាន​ក្លិប​ភ្នំពេញ​ក្រោ​ន​បញ្ចប់​កិច្ចសន្យា​ទាំង​ការប្រកួត​ជើង​ទី​១​មិនទាន់​ចប់​។​
 
​មុន​ចូលរួម​ជាមួយ​ភ្នំពេញ​ក្រោ​ន លោក Luis Fernando Vitorino ជា​អតីត​គ្រូបង្វឹក​អ្នកចាំទី​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក Leonardo Vitorino នៅ​អំឡុង​ឆ្នាំ​២០១៧​។ លោក ក៏​ធ្លាប់​ធ្វើជា​គ្រូបង្វឹក​អ្នកចាំទី​របស់​ក្លិប Larngsang United ពេល​ក្លិប​នេះ​ស្ថិតក្រោម​ការដឹកនាំ​រប​ស់បង​ប្រុស​ខ្លួន​ផងដែរ​៕  



Tag:
 Luis Fernando Vitorino
  វិសាខា​
  ភ្នំពេញ​ក្រោ​ន
© រក្សាសិទ្ធិដោយ thmeythmey.com