អន្តរជាតិ
ស្រឡាញ់គ្នា​១២​ឆ្នាំ «The Rock» និង​ដៃគូ​សម្រេចចិត្ត​រៀបការ​
20, Aug 2019 , 10:40 am        
រូបភាព
ដោយ:
​តារា​សម្តែង​ជនជាតិ​អាមេរិក Dwayne Johnson ដែល​ស្គាល់​ថា «The Rock» និង​មិត្តស្រី​លោក Lauren Hashian បានសម្រេច​ចិត្ត​រៀប​អា​ពា​ហ៍​ពិ​ពាណ៍​ជា​ផ្លូវការ បន្ទាប់ពី​អ្នក​ទាំងពី​បាន​រួមរស់​ជាមួយគ្នា​អស់​រយៈពេល​១២​ឆ្នាំ​។ គូ​ស្វាមីភរិយា បានរៀបចំ​ពិធីមង្គលការ​ដ៏​ភ្ញាក់ផ្អើល​មួយ នៅ​ថ្ងៃអាទិត្យ ទី​១៨ សីហា ក្នុង​រដ្ឋ​ហា​វ៉ៃ ។ ​

 
​មួយថ្ងៃ​ក្រោយមក ពោលគឺ​នៅ​ថ្ងៃ​ចន្ទ ទី​១៩ សីហា លោក Johnson បាន​បង្ហោះ​រូបថត​ពីរ​សន្លឹក​លើ​គណនី Instagram លោក ដែល​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​ពិធី​រៀបការ​ដ៏​ពិសេស​នេះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អតីត​អត្ត​ព​លិ​ក (​កីឡាកាស​) ប្រចាំ​សង្វៀន WWE នេះ បានសរសេរថា​៖«​យើង​រៀបការ​។ ថ្ងៃទី ១៨ ខែសីហា ឆ្នាំ​២០១៩ ក្នុង​រដ្ឋ ហា​វ៉ៃ​»​។ 
 
 
​តាមរយៈ​រូបថត​ទាំងពីរ​សន្លឹក​នេះ កូនក្រមុំ និង​កូនកំលោះ គ្រង​ឈុត​ពណ៌​ស ដោយ The Rock ពាក់អាវ​ខ្លី  និង​ខោ​ពណ៌​ស ចំណែក​កូនក្រមុំ​របស់​លោក Hashian ស្លៀក​រ៉ូ​ប​ពណ៌​ស ភ្លឺ​។ ក្នុង​រូបថត​ទី​១ អ្នក​ទាំងពីរ កាន់​ដៃ​គ្នា ហើយ Hashian លើក​បាច់ផ្កា​ឡើងលើ​ជាមួយ​ទឹកមុខ​ពោរពេញ​ដោយ​ក្តី​រីករាយ​។ ក្នុង​រូបថត​ទី​២ ពួកគេ ឱប​គ្នា និង​ថើប​គ្នា អមដោយ​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​នៃ​ផ្ទៃសមុទ្រ និង​ថ្ងៃ​រៀប​លិច​ពណ៌​មាស​ផងដែរ​។​
 
​សូមបញ្ជាក់ថា គូស្នេហ៍​នេះ បាន​ជួបគ្នា នៅពេល​លោក Johnson បាន​ថត​ភាពយន្ត​មួយ​កាលពី​ឆ្នាំ​២០០៧ ដោយមាន​ចំណងជើង​ថា «The Game Plan»​។ បច្ចុប្បន្ន ពួកគេ មានកូន​ស្រី​២​នាក់ ដែល​ក្នុងនោះ​ម្នាក់​ឈ្មោះ Tiana អាយុ ១៦​ខែ និង​ម្នាក់ទៀត​ឈ្មោះ Jasmine អាយុ ៣​ឆ្នាំ​។ ម្យ៉ាងវិញទៀត លោក Johnson ក៏មាន​កូនស្រី​ភរិយា​មុន ដែលមាន​ឈ្មោះ Simone អាយុ ១៨​ឆ្នាំ ៕

Tag:
 The Rock
  កម្សាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com