ព្រឹទ្ធាចារ្យ គង់ ណៃ បាន​ធូរស្បើយ​ពី​ជំងឺ​ខ្លះ តែ​ត្រូវ​តាមដាន​បន្ត​
ជាតិ
ព្រឹទ្ធាចារ្យ គង់ ណៃ បាន​ធូរស្បើយ​ពី​ជំងឺ​ខ្លះ តែ​ត្រូវ​តាមដាន​បន្ត​
20, Aug 2019 , 11:30 am        
រូបភាព
រូប​ពី​ហ្វេសប៊ុក​លោក ពេជ សារ៉ាត
រូប​ពី​ហ្វេសប៊ុក​លោក ពេជ សារ៉ាត
​ភ្នំពេញ​៖ ឆ្លើយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាមរយៈ​ទូរ​សព្ទ លោក​ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង គង់ ណៃ មានប្រសាសន៍ថា អាការ​ជំងឺ​របស់លោក​បាន​ធូរស្បើយ​បន្តិច​ហើយ ប៉ុន្តែ​គ្រូពេទ្យ​នៅ​តាមដាន​ស្ថានភាព​បន្តទៀត​។​


 
​លោក​ព្រឹទ្ធាចារ្យ គង់ ណៃ បាន​បញ្ជាក់ថា ដំបូង​ឡើយ​លោក​ចេះតែ​អស់កម្លាំង មិន​ឃ្លាន​អាហារ ពិបាក​បត់ជើងតូច ហើយ​ពេលខ្លះ​ក្អកមាន​ធ្លាក់ឈាម​ផង​។ ក្រោយពី​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូរ្យ​វៀត គ្រូពេទ្យ​បាន​រកឃើញថា​លោក​មាន​ជំងឺ​សួត ឈាមស និង​ជំងឺរបេង​។ 
 
​ទោះជា​យ៉ាងណា ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង​ដែលមាន​អាយុ​៧៤​ឆ្នាំ​រូបនេះ ថា​ស្ថានភាព​សុខភាព​របស់លោក បាន​ធូរស្បើយ​បន្តិច​ហើយ​។ លោក​បញ្ជាក់​ដូច្នេះ​ថា​៖«​សុខភាព​ក្នុង​ខ្លួន​ពេលនេះ​មិន​ឡើង​មិន​ចុះ គ្រាន់តែ​ថា​បាន​ធូរ​ជាង​មុន​បន្តិច​។ ពេទ្យ ថាឱ្យ​នៅតាម​ដាន​ជំងឺ​សិន​។ បាន​លទ្ធផល​យ៉ាងណា​ខ្ញុំ​ក៏​មិនទាន់​ដឹង​ច្បាស់​ដែរ​»​។​
 
​លោក​ព្រឹទ្ធាចារ្យ គង់ ណៃ គឺជា​សិល្បករ​ចាប៉ីដងវែង​ដែល​ទទួលបាន​ពាន​ហ្វុ​កុ​អូ​កា​ពី​ប្រទេស​ជប៉ុន​កាលពី​ឆ្នាំ​២០១៧​។ ពានរង្វាន់​ដែល​លោក​ព្រឹទ្ធាចារ្យ​ទទួលបាន​នេះ មានតម្លៃ​ក្នុងនាម​ជា​បុគ្គល​ដែលមាន​ស្នាដៃ​ឆ្នើម​នៅ​តំបន់​អាស៊ី ពាក់ព័ន្ធ​ផ្នែក​អប់រំ​សិល្បៈ​និង​វប្បធម៌​៕  

Tag:
 គង់ ណៃ​
  ចាប៉ី​
  សិល្បៈ​
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com