កីឡាជាតិ
ជាតិ
អួន ច័ន្ទ​ភក្ត្រា បាន​មេដាយប្រាក់​នៅ​ចិន​លើ​វិញ្ញាសា​ហែល​ទឹក​១,៥​គីឡូម៉ែត្រ ជិះ​កង់​៤០​គីឡូម៉ែត្រ និង​រត់​១០​គីឡូម៉ែត្រ​
20, Aug 2019 , 3:28 pm        
រូបភាព
ដោយ:
​កីឡាការិនី​ទី​យ៉ា​ត្លុង អួន ច័ន្ទ​ភក្ត្រា បានបង្ហាញ​ភាពខ្លាំង​របស់ខ្លួន តាមរយៈ​ដណ្តើមបាន​មេដាយប្រាក់​ពី​ការប្រកួត​ជើងឯក​ពិភពលោក World Police and Fire Games នៅ​ប្រទេស​ចិន​។ ក្រុម​អត្ត​ព​លិ​ក​កម្ពុជា បានបញ្ចប់​បេសកកម្ម ដោយ​ដណ្តើមបាន​មេដាយមាស​១៨ ប្រាក់​១៧ និង​សំរឹទ្ធ​១១ ហើយ​បាន​នាំយក​មេដាយ​ទាំងនេះ​មកដល់​មាតុភូមិ​នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩​។

 
​កីឡាការិនី អួន ច័ន្ទ​ភក្ត្រា បានធ្វើ​រឿង​ភ្ញាក់ផ្អើល​មួយ​ក្នុង​ព្រឹត្តិការណ៍ World Police and Fire Games តាមរយៈ​ដណ្តើមបាន​មេដាយប្រាក់​១ លើ​វិញ្ញាសា​ហែល​ទឹក​ចម្ងាយ​១,៥​គីឡូម៉ែត្រ ជិះ​កង់​៤០​គីឡូម៉ែត្រ និង​រត់​១០​គីឡូម៉ែត្រ​។ តាមរយៈ​លទ្ធផល​នេះ​អាច​បញ្ជាក់បាន​ថា ច័ន្ទ​ភក្ត្រា ជា​កីឡាការិនី​អំណត់​អត់ធន់ និង​មាន​សក្តានុពល​មួយរូប​សម្រាប់​វិស័យ​កីឡា​ទ្រី​យ៉ា​ត្លុង ដែល​ខ្សត់​ធនធាន​កីឡាការិនី​។ កីឡា​នេះ​តម្រូវ​ឲ្យ​កីឡាករ ឬ​កីឡាការិនី​ម្នាក់​លេង​៣​វិញ្ញាសា​ក្នុងពេល​តែមួយ គឺ​ហែល​ទឹក ជិះ​កង់ និង​រត់​។​


 
​មេដាយ​នេះ មិន​ត្រឹមតែ​ជួយ​លើក​មុខមាត់​កីឡាការិនី​រូបនេះ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​លើក​កិត្តិយស​ជូន​កីឡា​ទ្រី​យ៉ា​ត្លុង និង​អង្គភាព​កីឡា​នគរបាលជាតិ​នៃ​ក្រសួងមហាផ្ទៃ​ទៀតផង​។ លើសពីនេះ វា​នឹង​ក្លាយជា​ចលករ​មួយ​កនុងការ​ទាក់ទាញ​កីឡាករ​ឲ្យ​ចូលរួម​លេង​កីឡា​នេះ​កាន់តែច្រើន​ផងដែរ​។​
 
​ក្រោយ​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ​រយៈ​មួយ​សប្តាហ៍​ពីថ្ងៃ​ទី​១២-១៨ ខែសីហា ក្រុម​អត្ត​ព​លិ​ក​អង្គភាព​កីឡា​នគរបាលជាតិ​ដណ្តើមបាន​មេដាយ​សរុប​ចំនួន​៤៦ រួមមាន​មេដាយមាស​១៨ ប្រាក់​១៧ និង​សំរឹទ្ធ​១១​។ ក្រុម​អត្ត​ព​លិ​ក​កម្ពុជា​បាន​នាំ​ជ័យលាភី ក៏ដូចជា​មេដាយ​មកដល់​មាតុប្រទេស​កាលពី​ថ្ងៃទី​១៩ ខែសីហា ដោយ​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង ប្រធាន​អង្គភាព​កីឡា​នគរបាលជាតិ រួមជាមួយ​ថ្នាក់ដឹកនាំ​ជាច្រើនរូប​ទៀត នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​
 
​លោក ជា ប៊ុនហេង បានចាត់ទុក​ជោគជ័យ​ជម្នះ​ដ៏​ធំធេង​នេះ ជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​សម្រាប់​អង្គភាព​កីឡា​នគរបាលជាតិ និង​លើសពី​អ្វីដែល​បាន​រំពឹងទុក​។ ជាមួយ​លទ្ធផល​ជោគជ័យ​ដ៏​ធំធេង​សម្រាប់​ការចូលរួម​លើកដំបូង​នេះ លោក ប្តេជ្ញា​ថា លោក​នឹង​បញ្ជូន​កីឡាករ​កីឡាការិនី​ឲ្យ​ចូលរួម​ប្រកួត​នៅលើ​ក​ក្រោយៗ​ទៀត​។ 


 
​ទោះបី​មេដាយ​នេះ គ្មាន​គោលការណ៍​ក្នុង​អនុ​ក្រឹ​ត​អន្តរក្រសួង​ក្នុងការ​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល​ក៏ដោយ ប៉ុន្តែ​ម្ចាស់​ជ័យលាភី​ទាំងអស់​នឹង​ទទួលបាន​ថវិកា​លើកទឹកចិត្ត​ពី​ក្រសួងមហាផ្ទៃ​។ បើតាម​លោក ជា ប៊ុនហេង កីឡាករ​ដណ្តើមបាន​មេដាយមាស​នឹង​ទទួលបាន​ថវិកា​លើកទឹកចិត្ត ១​ពាន់​ដុល្លារ មេដាយប្រាក់​៨០០​ដុល្លារ និង​មេដាយ​សំរឹទ្ធ​៥០០​ដុល្លារ​។   
 
​មេដាយ​ទាំងនេះ កម្ពុជា​ដណ្តើមបាន​លើ​កីឡា​កា​រ៉ា​តេ​(​មាស​៧ ប្រាក់​២), តេ​ក្វាន់​ដូ​(​មាស​៣ ប្រាក់​១ សំរឹទ្ធ​២), ចំបាប់​(​មាស​២ ប្រាក់​៣ សំរឹទ្ធ​២), ជឺ​ជី​តស៊ូ​(​មាស​២ សំរឹទ្ធ​១), ហែល​ទឹក​(​មាស​១ ប្រាក់​២ សំរឹទ្ធ​២), ចំបាប់​/​កាច់​ដៃ​(​មាស​១ ប្រាក់​២ សំរឹទ្ធ​១), អត្តពលកម្ម​(​មាស​១ ប្រាក់​២), ប្រណាំងទូក​នាគ​(​មាស​១), យូ​ដូ​(​ប្រាក់​៣ សំរឹទ្ធ​១), វាយ​សី និង​ទ្រី​យ៉ា​ត្លុង​ទទួល​មេដាយប្រាក់​១ ខណៈ​វាយ​កូនឃ្លី​លើ​តុ និង​បាល់ឱប​បាន​មេដាយ​សំរឹទ្ធ​ម្នាក់​១​។ 
 
​សម្រាប់​ការប្រកួត World Police and Fire Games ដែល​រៀបចំ​នៅ​ប្រទេស​ចិន​ចាប់ពី​ថ្ងៃទី​១២-១៨ សីហា អង្គភាព​កីឡា​នគរបាលជាតិ​នៃ​ក្រសួងមហាផ្ទៃ​បាន​បញ្ជូន​អត្ត​ព​លិ​ក​៩៤​រូប​លើ​១២​ប្រភេទ​កីឡា​ឲ្យ​ចូលរួម​។  កីឡា​ទាំង​១២​រួមមាន​តេ​ក្វាន់​ដូ​, កា​រ៉ា​តេ​, យូ​ដូ​, ជឺ​ជី​តស៊ូ​, ចំបាប់​, វាយ​សី​, វាយ​កូនឃ្លី​លើ​តុ​, ហែល​ទឹក​, ទ្រី​យ៉ា​ត្លុង​, អត្តពលកម្ម​, បាល់ឱប និង​ប្រណាំងទូក​៕  


លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង (ឆ្វេង)ពេលទៅទទួលប្រតិភូកីឡាករនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ


កីឡាការិនី អួន ច័ន្ទភក្ត្រា ពេលរត់(ឆ្វេង)និងពេលឡើងបំពាក់មេដាយប្រាក់

Tag:
 ទ្រី​យ៉ា​ត្លុង​
  អួន ច័ន្ទ​ភក្ត្រា​
  World Police & Fire Games
© រក្សាសិទ្ធិដោយ thmeythmey.com