សម្តេច ហ៊ុន សែន និង កូនប្រសា រួមគ្នាប្តឹងលោក សម រង្ស៊ី ទៅតុលាការបារំាង
ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន និង កូនប្រសា រួមគ្នាប្តឹងលោក សម រង្ស៊ី ទៅតុលាការបារំាង
20, Aug 2019 , 5:50 pm        
រូបភាព
ដោយ: ថ្មីៗ
ដូចការប្រកាសកន្លងមក សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង កូនប្រសា គឺ លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានដាក់បណ្តឹងពីរផ្សេងគ្នា ក្នុងពេលតែមួយ ទៅកាន់តុលាការបារាំង ដើម្បីប្តឹងលោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់មេធាវី ការពារក្តីឲ្យសម្តេច ហ៊ុន សែន និង លោក ឌី វិជ្ជា ដែលចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ។



លោក សម រង្ស៊ី ចោទសម្តេច ហ៊ុន សែន ថា នៅពីក្រោយនៃការដាក់គ្រាប់បែកបំផ្ទុះឧទ្ធម្ភាគចក្រ របស់លោក ហុក ឡុងឌី កាលពីឆ្នាំ២០០៨ នៅខេត្តស្វាយរៀង។ លោក ចោទថា លោក ឌី វិជ្ជា មានគម្រោងសងសឹកឲ្យលោក ហុក ឡុងឌី ជាឪពុក ដោយមានការគាំទ្រពីសម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។ ការចោទប្រកាន់នេះហើយ ជាអង្គហេតុ ដែលសម្តេច ហ៊ុន សែន និង ឌី វិជ្ជា ដាក់ពាក្យប្តឹងលោក សម រង្ស៊ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ»។

លោក Brosselet និង លោក Doyez មេធាវីរបស់លោក ឌី វិជ្ជា បានសរសេរក្នុងសេចក្តីប្រកាសព័ត៌មានដូច្នេះថា៖«ឯកឧត្តម ឌី វិជ្ជា មិនអាចទទួលយកការទម្លាក់កំហុសបែបបរិហារកេរ្តិ៍នេះបានទេ។ ...ការនិយាយចោទប្រកាន់ដោយបុគ្គល សម រង្ស៊ី បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតចំពោះកិត្តិយស និងកិត្តិសព្ទរបស់ឯកឧត្តម ឌី វិជ្ជា ដែលតម្រូវឲ្យឯកឧត្តម ដាក់ពាក្យបណ្តឹងទៅតុលាការ»។  

លោក Brosselet និង លោក Doyez  ក៏ធ្វើជាមេធាវីឲ្យសម្តេច ហ៊ុន សែន ដែរ។ តែ សម្តេច ហ៊ុន សែន នៅមានមេធាវីម្នាក់ទៀត គឺលោក Leick។ ក្រុមមេធាវី បានសរសេរក្នុងសេចក្តីប្រកាសព័ត៌មានអំពីបណ្តឹងរបស់សម្តេច ហ៊ុន សែន ថា​៖«តាមមនសិការ និងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន និងនយោបាយរបស់សម្តេចតេជោ សម្តេច តែងអត់ឱននិងអនុគ្រោះ សន្តោសប្រណីចំពោះជនរួមជាតិបស់សម្តេច។ សម្តេច មិនចង់ប្តឹងបុគ្គល សម រង្ស៊ី នោះទេ ប៉ុន្តែ ការចោទប្រកាន់ខាងលើនេះ គឺមិនអាចអត់ឱនឲ្យបានជាដាច់ខាត និង ជាមូលហេតុ ដែលនាំឲ្យសម្តេច សម្រេចចិត្តប្តឹងបុគ្គលម្នាក់ ដែលជាជនរួមជាតិរបស់សម្តេច។ តុលាការបារាំង នឹងវិនិច្ឆ័យថា ករណីនេះ គឺជាការរំលោភបំពានលើដែនសេរីភាពបញ្ចេញមតិ»៕


Tag:
 សម រង្ស៊ី
  ហ៊ុន សែន
 ​ឌី វិជ្ជា
© រក្សាសិទ្ធិដោយ thmeythmey.com