ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី សប្បាយចិត្ត ដែលសម្តេច ហ៊ុន សែន ប្តឹងលោក ទៅតុលាការបារាំង
21, Aug 2019 , 10:34 am        
រូបភាព
លោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង ប្រកាសថាលោក សប្បាយចិត្តណាស់ ដែលសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្តឹងលោក ទៅតុលាការបារាំង។ លោក និយាយក្នុងកិច្ចសម្ភាសជាមួយ VOA ថា៖«ពាក្យបណ្តឹងរបស់លោក ហ៊ុន សែន ជាឱកាសដ៏កម្រ និងជាលើកទីមួយហើយ ដែលខ្ញុំនឹងតតាំងជាមួយលោក ហ៊ុន សែន ចំពោះមុខតុលាការបារាំងដែលជាតុលាការឯករាជ្យ»។



សម្តេច ហ៊ុន សែន ប្តឹងលោក សម រង្ស៊ី ព្រោះលោក ចោទសម្តេចថា ជាអ្នកនៅពីក្រោយនៃការដាក់គ្រាប់បែកបំផ្ទុះឧទ្ធម្ភាគចក្ររបស់លោក ហុក ឡុងឌី អតីតអគ្គស្នងការនគរបាលជាតិ និង ជាឪពុករបស់លោក ឌី វិជ្ជា កាលពីឆ្នាំ២០០៨។ លោក អះអាងថា លោក ឌី វិជ្ជា ដែលជាអគ្គស្នងការរងនគរបាលជាតិ មានគម្រោងសងសឹកឲ្យឪពុក ដោយមានការគាំទ្រពីសម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។

មិនមែនតែសម្តេច ហ៊ុន សែន ទេ លោក ឌី វិជ្ជា ក៏ប្តឹងលោក សម រង្ស៊ី ទៅតុលាការបារាំងដែរ។ ដោយឡែក សម្តេច ស ខេង បានប្តឹងលោក សម រង្ស៊ី នៅតុលាការស្រុកខ្មែរ។ សម្តេចទាំងពីរ និង លោក ឌី វិជ្ជា ប្តឹងលោក សម រង្ស៊ី  ក្នុងបទល្មើសដូចគ្នា គឺ «បទបរិហារកេរ្តិ៍»។

តាមរយៈសារលើបណ្តាញសង្គម លោក សម រង្ស៊ី ដែលមានសញ្ជាតិបារាំងនោះ ស្វាគមន៍ចំពោះការប្តឹងលោក ទៅតុលាការបារាំង។ លើសពីនេះ លោក បានពន្យុះសម្តេច ហ៊ុន សែន ឲ្យប្តឹងលោកទៅតុលាការបារាំង លើបទល្មើសពីរបន្ថែមទៀត ដែលលោកបានចោទប្រកាន់សម្តេច ហ៊ុន សែន ថាជាអ្នកប្រព្រឹត្ត។

លោក ចោទសម្តេច ហ៊ុន សែន ថា បានសម្លាប់លោក ជា វិជ្ជា ប្រធានសហជីព កាលពីឆ្នាំ២០០៤ និង បានសម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ កាលពីឆ្នាំ២០១៦។ លោក ឌឺដូច្នេះថា៖«បើលោក ហ៊ុន សែន គ្រាន់បើមែន ហើយចង់ការពារកិត្តិយសគាត់មែន គាត់គួរតែប្តឹងខ្ញុំ [ពីការចោទប្រកាន់នេះ] ផងដែរ»។

មេដឹកនាំក្រុមប្រឆាំងដែលកំពុងនិរទេសរូបនេះ ថែមទាំងលើកទឹកចិត្តឲ្យសម្តេច ប៊ុន រ៉ានី ភរិយារបស់សម្តេច ហ៊ុន សែន ប្តឹងលោកផងដែរ ដោយលោក ចោទថា សម្តេច ប៊ុន រ៉ានី ជាអ្នកសម្លាប់សិល្បការិនី ពិសិដ្ឋ ពិលីកា កាលពីឆ្នាំ១៩៩៩៕

Tag:
 សម រង្ស៊ី
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com