អន្តរជាតិ
លោក ប្រា​យុទ្ធ អំពាវនាវ​ប្រជាជន​ថៃ​ឲ្យ​ចូលរួម​ការប្រយុទ្ធប្រឆាំង​ថង់​ប្លា​ស្ទិ​ក​
21, Aug 2019 , 4:00 pm        
រូបភាព
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា កាន់តុក្កតាសត្វជ្រូកទឹក។ រូបភាព The Nation
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា កាន់តុក្កតាសត្វជ្រូកទឹក។ រូបភាព The Nation
​ដោយ៖ ឈួន ឈី​វ​អ៊ីង (

​នៅ​ថ្ងៃទី​២០ ខែសីហា លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​អំពាវនាវ​ដល់​ប្រជាជន​ថៃ​ទាំងអស់​ឲ្យ​ចូលរួម​ជួយ​រាជរដ្ឋាភិបាល​ដើម្បី​សម្រេចបាន​គោលដៅ​នៃ​ការថែរក្សា​សមុទ្រ​ឲ្យ​ស្អាត​ដោយ​គ្មាន​ថង់​ប្លា​ស្ទិ​ក​។ ការអំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់ពី​កូន​សត្វ​ជ្រូក​ទឹក (dugong) កម្រ​មួយ​ក្បាល​ដែល​ទើបតែ​មាន​អាយុ ៨​ខែ បាន​ងាប់​ដោយសារ​ស៊ី​ថង់​ប្លា​ស្ទិ​ក​ចូល​ពោះ​។​


 
​ការ​ងាប់​របស់​កូនជ្រូក​ទឹក​មួយ​ក្បាល​ឈ្មោះ Mariam ដែល​បណ្ដាលមកពី​ថង់​ប្លា​ស្ទិ​ក ធ្វើ​ឲ្យ​មានការ​សោកស្ដាយ​យ៉ាងខ្លាំង​។ នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បានស្នើ​ឲ្យ​ប្រជាជន​ថៃ​ចូលរួម​យុទ្ធនាការ​សមុទ្រ​គ្នា​ថង់​ប្លា​ស្ទិ​ក​ដើម្បី​ការពារ​ធនធាន​សមុទ្រ​។ 
 
​សំដៅ​ទៅដល់​កូនជ្រូក​ទឹក​មួយ​ផ្សេងទៀត​ឈ្មោះ Yameel ដែល​ស្ថិតក្រោម​ការមើល​ថែ​រប​ស់​ក្រុម​អាជ្ញាធរ លោក ប្រា​យុទ្ធ​បាន​និយាយថា Yameel មិនអាច​ងាប់​បានទេ​។  លោក​បាន​ជំរុញ​មន្ត្រី​និង​ក្រុម​អ្នកស្ម័គ្រចិត្ត​ឲ្យ​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ដើម្បី​ការពារ​វា​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន The Nation ។ 
 
​លោក​បាន​បន្ថែមទៀតថា លោក សោកស្តាយ​ណាស់​ដែល​មិនបាន​ទៅ​មើល Mariam ហើយ​វា​ពិតជា​គួរ​ឲ្យ​អាណិត​ដែល​ក្នុង​ក្រពះ​របស់​សត្វ​មួយ​នេះ​មាន​ប្លា​ស្ទិ​ក​ដែលជា​ប្រភេទ​កាកសំណល់​ត្រូវការ​ពេល ៤៥០​ឆ្នាំ​ដើម្បី​រលាយ​។​
 
​លោកនាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដូចនេះ នៅពេល​ទទួល​ជួប​រដ្ឋមន្ត្រី​ធនធានធម្មជាតិ លោក Warawuth Silpa-archa និង អគ្គនាយក​នៃ​នាយកដ្ឋាន​ធនធាន​សមុទ្រ​និង​ឆ្នេរ លោក​Jatuporn Burutpat ដែល​ដឹកនាំ​ក្រុមមន្ត្រី​ទៅ​វិមាន​រដ្ឋាភិបាល​ដើម្បី​ជួប​លោក និង​ផ្តល់​ពត៌មាន​អំពី​យុទ្ធនាការ កាត់បន្ថយ ទប់ស្កាត់ និង​បញ្ឈប់​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ដើម្បី​ការពារ​ជីវិត​ក្នុង​សមុទ្រ​។​
 
​ជាមួយនេះ មន្ត្រី​មួយក្រុម​នៃ​គណៈកម្មាធិការ​ធនធាន​សមុទ្រ​ជាតិ ក៏បាន​រៀបចំ​សំណើ​មួយ​ដើម្បី​ឲ្យ​គណៈរដ្ឋមន្ត្រី​ដើម្បី​ពិចារណា​អំពី​ការកាត់បន្ថយ​អាត្រា​ការស្លាប់​របស់​សត្វ​ជ្រូក​ទឹក ពី​២០ ទៅ ៤៥ ភាគរយ និង​ការបង្កើន​ចំនួន​សត្វ​នេះ​យ៉ាងតិច ៥០​ភាគរយ​នៅ​ដប់ឆ្នាំ​ក្រោយ​។ បច្ចុប្បន្ននេះ មាន​សត្វ​ជ្រូក​ទឹក​ត្រឹមតែ ២៥០​ក្បាល​ប៉ុណ្ណោះ កំពុង​រស់នៅក្នុង​ប្រទេស​ថៃ​៕

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  ជ្រូក​ទឹក
© រក្សាសិទ្ធិដោយ thmeythmey.com