ជាតិ
បាក់ឌុប
វីដេអូ
យុវជន អុឹម ដេវីដ ប្រាប់​គន្លឹះ​សំខាន់ៗ ដើម្បី​យក​អាហារូបករណ៍​នៅ DMC
22, Aug 2019 , 10:56 am        
រូបភាព
​ដោយ​៖ សុផល រតនៈ និង ​ហួ ឆេង​ស៊ីម 

​ភ្នំពេញ​៖ ការប្រឡងប្រជែង​យក​អាហារូបករណ៍ មិនមែនជា​រឿង​ងាយស្រួល សម្រាប់​សិស្សានុសិស្ស​ឡើយ គឺ​ទាមទារ​ឲ្យ​សិស្សានុសិស្ស ត្រូវ​សិក្សា​ស្រាវជ្រាវ និង​ស្វែងយល់​ពី​អាហារូបករណ៍​នីមួយៗ​ឲ្យ​បានច្បាស់លាស់​។ យុវជន អ៊ឹម ដេវីដ និស្សិត​ឆ្នាំ​ទី ២ នៃ​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ បញ្ជាក់ថា ដើម្បី​ជាប់​អាហារូបករណ៍​សិក្សា​ឥតគិតថ្លៃ​នៅ DMC តម្រូវ​ឲ្យ​សិស្ស​មានចំណេះដឹង​វប្បធម៌​ទូទៅ​, សំណេរ​ជា​ភាសា​ខ្មែរ និង​អង់គ្លេស រួមទាំង​តាមដាន​ព្រឹត្តិការណ៍​ព័ត៌មាន​ជាតិ និង​អន្តរជាតិ​។ ការប្រឡង នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០២ ខែតុលា នា​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​


 
​ដើម្បី​ចូល​សិក្សា​នៅក្នុង​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារព័ត៌មាន សិស្ស​និស្សិត​ត្រូវ​ឆ្លងកាត់​ការប្រឡង​ធ្វើតេស្ដ​សមត្ថភាព​ចំនួន​២ ដំណាក់កាល​។ ដំណាក់កាល​ទី​១ គឺ​ដំណាក់កាល​សរសេរ ដែលមាន​មុខវិជ្ជា វប្បធម៌​ទូទៅ និង​ភាសា​អង់គ្លេស​។ ដំណាក់កាល​ទី​២ គឺ​ដំណាក់កាល​សម្ភាស ដោយ​បេក្ខជន និង​បេ​ក្ខ​នារី​ត្រូវ​ជួប​ជាមួយ​សាស្ត្រាចារ្យ​ប្រចាំ DMC និង​ត្រូវ​ឆ្លងកាត់​សំណួរ​ជាច្រើន​។​
 
​ដើម្បី​ជ្រាប​ព័ត៌មាន​បន្ថែម​ពី​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​៖
 
 
​ក្នុង​មួយឆ្នាំៗ អាហារូបករណ៍​សិក្សា​ឥតគិតថ្លៃ​នៅ​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍  ផ្ដល់ជូន​ដល់​សិស្សានុសិស្ស​ត្រឹមតែ​៣០​នាក់​ប៉ុណ្ណោះ​។ អាហារូបករណ៍​សិក្សា​ឥតគិតថ្លៃ​នៅ DMC រួមមាន​មុខជំនាញ​ដូចជា សារព័ត៌មាន​, ទំនាក់ទំនង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ ចាប់ផ្ដើម​លក់​ពាក្យ​ចាប់ពី​ថ្ងៃទី ១៣ សីហា និង​ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃទី ២៣ ខែកញ្ញា មុន​ម៉ោង​១០​ព្រឹក​។ ដំណើរ​ការប្រឡង​វិញ្ញាសា​សំណេរ នឹង​ចាប់ផ្ដើម​នៅ​ម៉ោង​៧៖៣០-១១៖៣០ នា​អាគារ T​។​
 

Tag:
 អាហារូបករណ៍​
  DMC
© រក្សាសិទ្ធិដោយ thmeythmey.com