កីឡាអន្តរជាតិ
អន្តរជាតិ
Dortmund បន្ថែមប្រាក់ឈ្នួលឲ្យ Sancho ២២ម៉ឺនដុល្លារមួយសប្តាហ៍ ក្រោយលេចធ្លោខ្លាំង
× ក្រោយមានការចាប់អារម្មណ៍ខ្លាំងពីក្លិបធំៗ Borussia Dortmund បានសម្រេចតម្លើងប្រាក់ឈ្នួលឲ្យខ្សែបម្រើស្លាប Jadon Sancho រហូតដល់ ១៩ម៉ឺនផោន (២៣ម៉ឺនដុល្លារអាមេរិក) ក្នុងមួយសប្តាហ៍រួមទាំងប្រាក់រង្វាន់ផ្សេងទៀត។ ការបន្ថែមប្រាក់ឈ្នួលបែបនេះដោយសារ Dortmund ចង់ឲ្យអតីតកីឡាករ Man City បន្តកិច្ចសន្យាថ្មីលើកិច្ចសន្យាចាស់ដែលនៅសល់។
ខ្សែបម្រើសញ្ជាតិអង់គ្លេស វ័យ ១៩ឆ្នាំកំពុងបង្ហាញទម្រង់លេងដ៏អស្ចារ្យ ពោលគឺចាប់តាំងពីចាកចេញពី Man City ទៅចូលរួមជាមួយក្រុមក្នុងក្របខណ្ឌ Bundesliga កាលពីឆ្នាំ២០១៧ ក្នុងតម្លៃផ្ទេរ ១២លានដុល្លារ។
Sancho បានបញ្ចេញទេពកោសល្យដ៏ល្អរបស់គេតាំងពីរដូវកាលដំបូងនៅ Dortmund ម្លេះ ដែលធ្វើឲ្យក្លិបជាច្រើននៅតំបន់អ៊ឺរ៉ុបចាប់អារម្មណ៍។ សម្រាប់រដូវកាលទីពីរ ២០១៨-១៩ អតីតយុវជនរបស់ Watford រូបនេះ ស៊ុតបាន១៣គ្រាប់ និងជួយក្រុមប្រជែងពានលីគកំពូលអាល្លឺម៉ង់ជាមួយ Bayern Munich ទៀតផង។
ថ្មីៗនេះក្រុមបិសាចក្រហម Manchester United បានដាក់ការចាប់អាម្មណ៍ខ្លាំង បន្ទាប់ពី Sancho អាចបន្តរកគ្រាប់បាល់នាជំនួបបើកឆាកលីគ Bundesliga រដូវកាលថ្មីក្នុងជ័យជម្នះ ៥-១ របស់ Dortmund លើក្រុម Augsburg កាលពីសប្តាហ៍មុន។
កិច្ចសន្យាចាស់រយៈពេល៥ឆ្នាំ របស់សមាជិកក្រុមជម្រើសជាតិអង់គ្លេសនេះជាមួយ Dortmund នៅសល់៣ឆ្នាំទៀត ពោលគឺដល់ឆ្នាំ២០២២។ ដូច្នេះការតម្លើងប្រាក់ឈ្នួលដល់២២ម៉ឺនដុល្លារក្នុងមួយសប្តាហ៍ក្នុងកិច្ចសន្យាចាស់នេះ ដោយសារ Dortmund ចង់ចងជើង Sancho ទុក ដោយសង្ឃឹមថាកីឡាករវ័យក្មេងរូបនេះ នឹងកើនតម្លៃខ្លួនកប់ពពកនាពេលខាងមុខ៕
Tag:
Borussia Dortmund
Jadon Sancho
© រក្សាសិទ្ធិដោយ thmeythmey.com