អន្តរជាតិ
លោក ប្រា​យុទ្ធ អំពាវនាវ​ឲ្យ​ពួក​អ្នកមាន​ប្រគល់​បណ្ណ​ក្រីក្រ​មកវិញ​
23, Aug 2019 , 7:19 pm        
រូបភាព
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ។ រូបភាព The Nation
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ។ រូបភាព The Nation
​ដោយ៖ ងួន សុ​ភាវ​ត្តី​
 
​នាយករដ្ឋមន្ត្រី​ថៃ  ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​២២ ខែសីហា បាន​បញ្ជា​អោយមាន​ការត្រួតពិនិត្យ​មើល​ឡើងវិញ​ពី​ការចេញ​បណ្ណ​ក្រីក្រ​។ លោក​បញ្ជា​ដូចនេះ ក្រោយ​មាន​ប្រទះ​ឃើញថា ពួក​អ្នកមាន​មួយចំនួន​ក៏​ទទួលបាន​បណ្ណ​សម្រាប់​ប្រជាជន​ក្រីក្រ​នេះដែរ​។​


 
​ក្នុង​គោលដៅ​ជួយ​ប្រជាជន​ក្រីក្រ​ពិតប្រាកដ ប្រមុខ​រដ្ឋាភិបាល​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បានចេញ​បញ្ជា​ឲ្យ​ត្រួតពិនិត្យ​ការផ្ដល់​បណ្ណ​ក្រីក្រ​នេះ​ឲ្យ​ច្បាស់លាស់ ខណៈ​មាន​របាយ​កា​រ៍ថា បណ្ណ​ក្រីក្រ​តែ​ធ្លាក់​ក្នុង​ដៃ​អ្នកមាន​។ 
 
​បើតាម​សារព័ត៌មាន The Nation លោក ប្រា​យុទ្ធ បាន​និយាយថា ការចេញ​បណ្ណ​សុខុមាលភាព​ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋ​នេះ ត្រូវតែមាន​ការត្រួតពិនិត្យ​ជា​រៀងរាល់ឆ្នាំ​ចាប់ពីពេលនេះ​តទៅ​។ លោក​លើក​មូល​ហេតុថា មានការ​រិះគន់ថា មាន​ម្ចាស់​ដី​និង​ផ្ទះ​ខ្លះ​ដែលជា​អ្នក ក៏​ទទួលបាន​កាត​ទាំងអស់​នេះដែរ ទោះជា​កាត​ទាំងអស់នេះ គឺ​ផ្តល់​អោយតែ​អ្នក​ចុះឈ្មោះ​ជា​ជនក្រីក្រ​តែប៉ុណ្ណោះ​។ 
 
​លោក ប្រា​យុទ្ធ បាន​លើកឡើងថា រដ្ឋាភិបាល​ផ្តល់ប្រាក់​ជំនួយ​ទាំងនេះ​ដោយ​ផ្អែកលើ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ហើយ​ជាពិសេស​នោះ​គឺ​ជួយ​ប្រជាជន​នៅពេលដែល​សេដ្ឋកិច្ច​មានការ​ថយចុះ​ឬ នៅពេលដែល​ផលិតផល​ក្នុងស្រុក​ធ្លាក់ចុះ​។​
 
​នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ ក៏បាន​បន្តថា ជន​ដែល​មិន​សក្តិសម​ទទួលបាន​ប​ណ្ណ​ក្រីក្រ ហើយ​បានទទួល​បណ្ណ​នេះ​គួរតែ​ប្រគល់​បណ្ណ​ទាំងនេះ​ដល់​អ្នក​ដែល​ត្រូវការ​វា ដើម្បីអោយ​ប្រាក់​ពន្ធ​អាច​ប្រើប្រាស់​ដោយមាន​តម្លាភាព​៕

© រក្សាសិទ្ធិដោយ thmeythmey.com