អន្តរជាតិ
ថៃ​៖ កូនជ្រូក​ទឹក​មួយ​ក្បាល​ទៀត​ងាប់​ដោយសារ​ខ្សោយបេះដូង​
23, Aug 2019 , 10:39 pm        
រូបភាព
កូនជ្រូកទឹកដែលរកឃើញនៅថៃ។ រូបភាព Asiaone
កូនជ្រូកទឹកដែលរកឃើញនៅថៃ។ រូបភាព Asiaone
ដោយ: ថ្មីៗ
​ដោយ៖ ឈួន ឈី​វ​អ៊ីង​

​កូន​សត្វ​ជ្រូក​ទឹក​មួយ​ក្បាល​ទៀត​ឈ្មោះ Yameel ដែល​គេ​ជួយសង្គ្រោះ ក្នុងពេល​ថ្មីៗ​នេះ បាន​ងាប់​ហើយ ខណៈ​ក្រុមគ្រូពេទ្យ​ធ្វើការ​សុង​យក​ដុំ​ស្មៅ​សមុទ្រ​ចេញពី​ក្នុង​ពោះ​របស់​វា​។​
​កូនជ្រូក​ទឹក Yameel បាន​ងាប់​នៅ​ម៉ោង ៩:៣៥​នាទី​ថ្ងៃទី​២២ ខែសីហា ដោយសារ​ជំងឺខ្សោយបេះដូង បើទោះបីជា​ក្រុមគ្រូពេទ្យ​បាន​ខិតខំ​ប្រឹងប្រែង​សង្គ្រោះ​វា​អស់​រយៈពេល ៥១​ថ្ងៃ​ហើយក៏​ដោយ​។ នេះ​បើតាម​សារព័ត៌មាន​ថៃ The Nation នៅ​ថ្ងៃទី​២៣ ខែសីហា​។​


 
​នាយកដ្ឋាន​ធនធាន​សមុទ្រ​និង​ឆ្នេរ​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា ក្រុមគ្រូពេទ្យ​សត្វ​បាន​រកឃើញថា Yameel រងគ្រោះ​ដោយសារ​ការកើនឡើង​ក​ម្រិ​ត​ឧស្ម័ន​នៅក្នុង​ក្រពះ​និង​ពោះវៀន ព្រមទាំង​មាន​ចង្វាក់បេះដូង​ខ្ពស់ ហើយ​អាចធ្វើ​ឲ្យ​ប្រកាច់​ក៏​ថា​បាន​។ ក្រុមគ្រូពេទ្យ បាន​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់ និង​ថ្នាំ​ស្ងប់​អារម្មណ៍​មុនពេល​ប្រើ​ម៉ាស៊ីន X-ray ដើម្បី​ត្រួត​ពី​និត្យ​មើល​ប្រព័ន្ធ​ខាងក្នុង​របស់ Yameel​។​
 
​ក្រុមគ្រូពេទ្យ​បាន​រកឃើញថា ដុំ​ស្មៅ​សមុទ្រ​បាន​បន្ត​កើនឡើង​នៅក្នុង​ក្រពះ​របស់​កូន​សត្វ​ជ្រូក​ទឹក​នេះ ដូច្នេះ​ពួកគេ​បានសម្រេច​ចិត្ត​សុង​ក្រពះ​ដើម្បី​យក​ស្មៅ​ចេញ និង​កាត់បន្ថយ​ការផលិត​ឧស្ម័ន​។​
 
​នៅ​ម៉ោង​៥​ល្ងាច ក្រុមគ្រូពេទ្យ​មកពី Vachira Phuket បាន​នាំយក​កូន​សត្វ​ជ្រូក​ទឹក​ដោយ​រថយន្ត​សង្គ្រោះបន្ទាន់​ទៅ​មន្ទីរពេទ្យ​ដើម្បី​ទទួលបាន​ការព្យាបាល ប៉ុន្តែ វេជ្ជបណ្ឌិត​អាច​យក​ស្មៅ​ចេញ​បានតែ ២០%​តែប៉ុណ្ណោះ ដោយ​បារម្ភ​ថា Yameel មិនអាច​ទ្រាំទ្រ​បានជា​មួយ​ដំណើរការ​ព្យាបាល​នោះ​។​
 
​ដុំ​ស្មៅ​ជាប់​នៅក្នុង​ក្រពះ​របស់​កូនជ្រូក​ទឹក​នេះ ព្រោះ​ពោះវៀន​របស់​វា​មិនបាន​បំពេញ​នាទី​បាន ដែល​អាច​បណ្តាល​ឲ្យ​ងាយ​រង​ការឈឺចាប់ ហើយ​ឧស្ម័ន​អាច​ភាយ​ទៅដល់​សួត អាចធ្វើ​ឲ្យ​ពិបាក​ដកដង្ហើម​។​នៅ​ម៉ោង ៨:៣០​នាទី​យប់​កូន​សត្វ​ជ្រូក​ទឹក​មាន​អាកា​រៈ​ខ្សោយបេះដូង ហើយ​ដាច់ខ្យល់​នៅ​ម៉ោង ៩:៣៥​នាទី​។ 
 
Yameel និង​កូនជ្រូក​ទឹក​មួយ​ក្បាល​ទៀត​ឈ្មោះ Mariam ត្រូវបាន​រកឃើញ​នៅ​ឆ្នេរ Bor Muang ក្នុង​ខេត្ត ក្រា​ប៊ី (Krabi) កាលពី​ថ្ងៃទី​១ ខែកក្កដា និង​ត្រូវបាន​យកមក​មើលថែ​នៅ​មជ្ឈមណ្ឌល​ជីវសាស្ត្រ​នៃ​សមុទ្រ​ភូ​កេ​ត​។ កាលពី​ថ្ងៃទី​៥ ខែកក្កដា ព្រះ​នាង Sirivannavari Nariratana បាន​ប្រទាន​ឈ្មោះ​ដល់​កូន​សត្វ​នោះ​ថា Yameel និង​ស្ថិតក្រោម​ការឧបត្ថម្ភរ​បស់​ទ្រង់​។ Mariam បាន​ងាប់​កាលពី​ចុង​សប្ដាហ៍​មុន ដោយសារ​ស៊ី​ប្លា​ស្ទិ​ក​ចូលក្នុង​ពោះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com