ជាតិ
សង្គមជាតិ
កំណែវិញ្ញាសាប្រឡងបាក់ឌុប នឹងចាប់ផ្តើមនៅថ្ងៃទី២៥ សីហា សកម្មភាពកម្មការមេប្រយោគ និងគណៈកម្មការបច្ចេកទេស កំពុងកាត់ក្បាលសន្លឹកវិញ្ញាសាប្រឡងបាក់ឌុប រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា
× ភ្នំពេញ៖ ក្រសួងអប់រំ នឹងដំណើរការកែវិញ្ញាសាប្រឡងបាក់ឌុប នៅថ្ងៃទី២៥-២៨ សីហា នៅតាមមណ្ឌលប្រឡងទាំង១០ ក្នុងរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ពីលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ថា ក្រសួងបានផ្ទៀងផ្ទាត់សន្លឹកកិច្ចការបេក្ខជនប្រឡង ដើម្បីពិនិត្យមើលឈ្មោះ និងកន្លែងណា ដែលមានបញ្ហាផ្សេងៗរួចរាល់ហើយ សឹមបន្តការងារកាត់ក្បាលសន្លឹក និងចុះអក្សរសម្ងាត់ រហូតដល់ថ្ងៃទី២៤ ខែសីហា។ បើតាមលោក សុវាចា ក្រសួងនឹងចាប់ផ្តើមកែវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៨ សីហា ។
ក្នុងដំណើរការកំណែវិញ្ញាសានេះ នឹងមានការចូលរួមពីគណៈកម្មការអប្បមាទ គណៈកម្មការមេប្រយោគទូទាំងប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ រួមជាមួយនឹងក្រុមបច្ចេកទេសផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការកែវិញ្ញាសានេះប្រព្រឹត្តទៅដោយសុវត្ថិភាព និងគោរពតាមគោលការណ៍ទាំង៤ គឺ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ នេះបើតាមអ្នកនាំពាក្យក្រសួង ដែលបានបន្ថែមថា ក្នុងដំណើរការការកែវិញ្ញាសានេះ ក្រសួងក៏នឹងបំពេញកាមេរ៉ាសុវត្ថិភាពផងដែរ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក រស់ សុវាចា បានបញ្ជាក់ថា៖« ជនដែលប្រព្រឹត្តខុសក្នុងអំឡុងពេលកែវិញ្ញាសា នឹងត្រូវទទួលទោសរដ្ឋបាល ឬទោសព្រហ្មទណ្ឌទៅតាមកំហុសដែលជនបានប្រព្រឹត្ត»។
ក្រៅពីកែវិញ្ញាសាប្រឡងបាក់ឌុបរួច ក្រសួងនឹងបូកពិន្ទុដោយកុំព្យូទ័រ និងពិនិត្យផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី៣០ ខែសីហា រហូតដល់ថ្ងៃទី០៨ ខែកញ្ញា។ បន្ទាប់មក លទ្ធផលប្រឡងបាក់ឌុប នឹងប្រកាសនៅថ្ងៃទី១០ ខែកញ្ញា សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ។សម្រាប់បណ្តាខេត្តឆ្ងាយៗ នឹងប្រកាសនៅថ្ងៃទី១១ ខែកញ្ញា។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ មានបេក្ខជន១១៧ ០៤៣នាក់ (ស្រី៦០ ៤២៧នាក់) នៃមណ្ឌលប្រឡងមាន២០២មណ្ឌល។សម្រាប់ការប្រឡងនេះ មានបេក្ខជន ១៨៣៨នាក់អវត្តមាន ក្នុងនោះស្រី ៦៩៦នាក់។ ចំនួនអវត្តមានត្រូវជា ១.៥៧ភាគរយនៃចំនួនបេក្ខជនដែលបានចុះឈ្មោះប្រឡង៕
Tag:
កំណែវិញ្ញាសា
ប្រឡង
បាក់ឌុប
អប់រំ
BacII2019
© រក្សាសិទ្ធិដោយ thmeythmey.com