ជាតិ
សង្គមជាតិ
កូនឈើជាង៤ម៉ឺនដើម ត្រូវបានយកដាំនៅខេត្តសៀមរាប និងព្រះវិហារ រូបពីហ្វេសប៊ុកក្រសួងបរិស្ថាន
× ភ្នំពេញ៖ កូនឈើចំនួន៤០០០០ដើម ត្រូវបានក្រសួងបរិស្ថាន យកទៅដាំនៅសហគមន៍ការពារធម្មជាតិក្នុងខេត្តសៀមរាប និងខេត្តព្រះវិហារ ដើម្បីបង្កើនគម្របព្រៃឈើ និងឆ្លើយតបការប្រែប្រួលអាកាសធាតុ។
ក្រសួងបរិស្ថាន បានយកដើមឈើ ១៥០០០ដើម ដាំនៅក្នុងព្រៃសហគមន៍តំបន់ការពារធម្មជាតិជីឪកបឹងពែរ ស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ នៅថ្ងៃទី២៤ សីហានេះ។ រដ្ឋលេខាធិការក្រសួងបរិស្ថានលោក សៅ សុភាព បាននិយាយថា ការដាំកូនឈើនេះ ដើម្បីកាត់បន្ថយការដាក់សម្ពាធទៅលើធនធានធម្មជាតិ និងផ្លាស់ប្តូរគំនិតចូលរួមថែរក្សាធនធាននេះ ។
«ធនធានធម្មជាតិមានតួនាទីសំខាន់ក្នុងការផ្តល់ជាជម្រកសត្វព្រៃ ទប់ស្កាត់បាននូវគ្រោះធម្មជាតិនានា និងជាប្រយោជន៍នៃការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈយន្តការកញ្ចប់ថវិការមូលនិធិបរិស្ថាន សង្គម ជួយដល់ការអភិរវឌ្ឍសហគមន៍ ក៏ដូចជាការពង្រឹងការអភិវឌ្ឍទេសចរណ៍ធម្មជាតិជាដើម»។ នេះជាការបញ្ជាក់របស់លោក សៅ សុភាព ដែលអះអាងថា កន្លងមកក្រសួងបានដោះស្រាយបញ្ហាប្រឈមនានា ដែលកើតឡើងនៅក្នុងតំបន់ការពារធម្មជាតិ ទប់ស្កាត់បទល្មើស ការទន្ទ្រានដីព្រៃ និងបានផ្តល់បច្ចេកទេស ។
រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែសីហានេះ ក្រសួងបរិស្ថាន បានដាំកូនឈើព្រៃចំនួន៤០០០០ដើម ដើម្បីស្តារព្រៃឈើឡើងវិញ នៅក្នុងតំបន់ការពារធម្មជាតិ ចំនួនពីរគឺនៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ខេត្តសៀមរាប និងនៅតំបន់ដែនជម្រកសត្វព្រៃបឹងពែរ ខេត្តព្រះវិហារ លើផ្ទៃដីចំនួន១៦ ហិចតា ដែលបានដកហូតពីការកាប់ទន្ទ្រានដីព្រៃដោយជនល្មើស នៅតាមតំបន់ការពារធម្មជាតិទាំងនោះ។
កន្លងមកនេះ ក្រសួងបានដាំដើមឈើព្រៃសរុបជិត១លានដើមមកហើយ ។ ដោយឡែកដើមឈើចំនួន ២០០,០០០ ដើមទៀត ក្រសួងគ្រោងដាំនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ៥ ក្នុងគោលដៅគម្រោង ព្រមទាំងសហគមន៍តំបន់ការពារធម្មជាតិនៅទូទាំងប្រទេស៕
Tag:
ព្រៃឈើ
ធនធានធម្មជាតិ
បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com