អត្ថបទពាណិជ្ជកម្ម
តម្លៃ​ជួល​អចលនទ្រព្យ​នៅ​ប៉ោយប៉ែត​បន្ត​កើនឡើង​
25, Aug 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​បច្ចុប្បន្ន អ្នកជំនាញ​ជាច្រើន​បាន​មើលឃើញ​សក្តានុពល នៃ​តំបន់​មួយចំនួន​នៅ​ទូទាំង​ប្រ ទេស​កម្ពុជា ហើយ​ប៉ោយប៉ែត ត្រូវបាន​គេ​ចាត់ទុកថា ជាទី​តាំង​ថ្មី​មួយ បន្ទាប់ពី​ក្រុងព្រះសីហនុ ឬ​សៀមរាប​។ នេះ​ក៏​ដោយសារតែ​តំបន់​ប៉ោយប៉ែត ដែលជា​ចំណុចប្រសព្វ រវាង​ច្រកព្រំដែន​កម្ពុជា​-​ថៃ និង​ក៏​ជា​ទិសដៅ​តំបន់​កាស៊ីណូ សម្រាប់​ជនបរទេស​ផងដែរ​។​
​កំណើន​សាងសង់​
​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប៉ោយប៉ែត​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន ពី​វិនិយោគិន​ជាតិ និង​អន្តរជាតិ​។ សំណង់​អគារ​តូចធំ បាន​រីកដុះដាល​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​។ លោក ហោ គ​ន្ធា ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Sokha Residences Group នៅក្នុង​ប៉ោយប៉ែត​បាន​ប្រាប់ Realestate.com.kh ថា ការសាងសង់​បាន​កំពុង​ដំណើរ​យ៉ាងច្រើន នៅក្នុង​តំបន់​ប៉ោយប៉ែត​ក្នុងពេល​បច្ចុប្បន្ន ក្នុងនោះ មាន​ទាំង​គម្រោង​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ និង​អគារ​ខ្ពស់​។  លោក​បាន​និយាយថា​៖ «​ឥឡូវនេះ គម្រោង​ដែល​កំពុងតែ​បុកគ្រឹះ​សាងសង់​មាន​ខ្ទង់ ២០ គម្រោង ជា​អគារ​ដែលមាន​កម្ពស់​ច​ន្លោះ​ពី ៨ ទៅ​ជាង ២០ ជាន់  ដែល​គម្រោង​ទាំងនេះ ជា​សណ្ឋាគារ ផ្ទះជួល និង​ខុន​ដូ​»​។ 
 
​លោក​បាន​ពន្យល់ថា កំណើន​នៃ​ការសាងសង់​ច្រើន​បែបនេះ គឺ​ដើម្បី​បំពេញ​តាម​តម្រូវការ កន្លែង​ស្នាក់នៅ កំពុង​កើនឡើង​។ មូលហេតុ​ចម្បង​គឺ​កំណើន​ឡើង​នៃ​វិនិយោគិន និង​ជនបរទេស ពិសេស​ជនជាតិ​ចិន ដែល​បាន​កំពុង​ផ្លាស់ប្តូរ​ទៅកាន់​តំបន់​ប៉ោយប៉ែត​។​
 
​តម្លៃ​ជួល​កើនឡើង​
​នៅពេល​និយាយ​ពី​ការជួល លោក គ​ន្ធា បញ្ជាក់ថា តម្លៃ​ជួល​កើនឡើង​ពីរដង បី​ដង ឬ​ខ្ពស់ជាង​នេះ ធៀប​នឹង​ឆ្នាំ​២០១៨​។ លោក​ថា ផ្ទះ​ប្រភេទ E0, E1 ដែល​ធ្លាប់ជួល​ចន្លោះ ៣០០ ទៅ ៥០០ ដុល្លារ កើនឡើង​ដល់ ១,៥០០ ទៅ ២,០០០​ដុល្លារ​។ ចំណែក​បន្ទប់​ជួល​ធម្មតា [​មួយ​បន្ទប់​] ពីមុន​ជួល​ត្រឹម ១៥០ ដុល្លារ កើនឡើង​ដល់ ៥០០ ដុល្លារ ទៅ ៨០០ ដុល្លារ​។ 
 
​កន្លងមក រដ្ឋាភិបាល​បាន​កំពុង​ប្រែក្លាយ​ទីក្រុង​ប៉ោយប៉ែត ឱ្យទៅជា​តំបន់ឧស្សាហកម្ម​ប្រកប​ដោ​សក្ដានុពល​មួយ​នៅ​កម្ពុជា​។ ក្នុងពេល​ថ្មីៗ​នេះ ច្រកព្រំដែន​សំខាន់​មួយទៀត គឺ​ច្រក​អន្តរជាតិ​ស្ទឹង​បត់ ត្រូវបាន​ឲ្យ​បើក​ដំណើរ​ជា​ផ្លូវការ​។ កត្តា​នេះ បាន​ជះឥទ្ធិពល​ជា​វិជ្ជមាន ដល់​ការទិញ​លក់​អចលនទ្រព្យ​អចលនទ្រព្យ និង​តម្លៃ​ដី​នៅក្នុង​តំបន់​។ 
 
​ដី​នៅ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥ កើនឡើង​ពី ក្រោម ១,០០០ ដុល្លារ ក្នុង​ម៉ែត្រ​មួយ​ការ៉េ​ទៅ ១,៥០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ នេះ​ជាការ​លើកឡើង​របស់លោក គ​ន្ធា​៕
(​អត្ថបទ​ពាណិជ្ជកម្ម​)

 

© រក្សាសិទ្ធិដោយ thmeythmey.com