ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ហាម​មន្ត្រី​យកប្រាក់​ក្រៅផ្លូវការ​ពី​វិស័យ​ឯកជន​
25, Aug 2019 , 1:55 pm        
រូបភាព
រូបភាពពីក្រសួងពាណិជ្ជកម្ម
រូបភាពពីក្រសួងពាណិជ្ជកម្ម
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ហាម​មន្ត្រី​យកប្រាក់​ក្រៅផ្លូវការ​ពី​វិស័យ​ឯកជន ដែលនាំឱ្យ​ប៉ះពាល់​ការអភិវឌ្ឍ​នៅក្នុង​វិស័យ​ឯកជន​។ បម្រាម​របស់​ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម​នេះ ធ្វើឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៣ ខែសីហា ឆ្នាំ​២០១៩​។​

 
​ជួប​ជាមួយ​មន្ត្រី​ជំនាញ​ក្រសួង​នេះ លោក ប៉ាន សូរ​សក្តិ បានដាក់​សំណើ​៤​ចំណុច ឱ្យ​មន្ត្រី​ខ្លួន​អនុវត្ត​បំពេញ​កិច្ចការ​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​ជាតិ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ជាពិសេស​ធានា​ការអភិវឌ្ឍ​សង្គម និង​ការធ្វើ​ពិពិធ​កម្ម​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។​
 
​កិច្ចការ​សំខាន់ៗ​ទាំង​៤ ដែល​លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ប្រាប់​ឱ្យ​មន្ត្រី​អនុវត្ត​នោះ គឺ​ត្រូវខិតខំ​ពង្រីក​ចំណេះដឹង​ទាំង​កម្រិត​ជំនាញ និង​ភាសាបរទេស ,​សហការ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ផ្សព្វផ្សាយ​កម្មវិធី​កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងពាណិជ្ជកម្ម ,​សហការ​ជាមួយ​ក្រុមការងារ​ចុះ​ពង្រឹង​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​-​ខេត្ត ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅក្នុង​អង្គភាព​របស់ខ្លួន និង​បញ្ចៀស​ដាច់ខាត​ការយក​កម្រៃ​សេវា​ក្រៅផ្លូវការ​ពី​វិស័យ​ឯកជន ។​
 
​ក្រៅពី​ការពង្រឹង​សមត្ថភាព​ការងារ​របស់​មន្ត្រី ការអនុវត្ត​ច្បាប់​ក៏​ជា​រឿង​ចាំបាច់​ផងដែរ​។ លោក ប៉ាន សូរ​សក្តិ បាន​និយាយ​ដូច្នេះ​ថា​៖«​ក្រសួង​បាន​ពង្រឹង​ការការពារ​កម្មសិទ្ធិបញ្ញា និង​យន្តការ​ត្រួតពិនិត្យ ដើម្បី​ទប់ស្កាត់​ការ​ក្លែងបន្លំ សំដៅ​ការពារ​សុខមាលភាព​ប្រជាជន​ទាំងមូល តាមរយៈ​ច្បាប់​ចំនួន​បី ដែល​នឹងត្រូវ​ដឹកនាំ​អនុវត្ត​ដោយ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ថ្មី​គឺ ច្បាប់​ស្ដីពី​សុវត្ថិភាព​ម្ហូបអាហារ​, ច្បាប់​ស្ដីពី​ការប្រកួតប្រជែង និង​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ដែល​ច្បាប់​ទាំងអស់នេះ បានអនុម័ត​រួច​ហើយដោយ​គណៈរដ្ឋមន្ត្រី ហើយ​បាន​បញ្ជូន​ទៅដល់​រដ្ឋសភា ដើម្បី​អនុម័ត នៅពេល​បើក​បវេសនកាល​ឡើងវិញ​»​។​
 
​បើតាម​លោក ប៉ាន សូរ​សក្តិ ក្រសួង​កំពុង​ចរចា​ទាញយក​អត្ថប្រយោជន៍​ផ្សេងៗ ពី​កិច្ចព្រមព្រៀងទ្វេភាគី និង​ពហុភាគី​ទៀតផង​៕

Tag:
 ប៉ាន សូរ​សក្តិ​
  សេដ្ឋកិច្ច​
  ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com