ONE Championship
កីឡាជាតិ
ជាតិ
ម្ចាស់​ខ្សែក្រវាត់​ពី​ភព​លោក Nong-O រៀបរាប់​ពី​អតីតកាល​ដ៏​ជូ​ជ​ត់ រហូត​ល្បីឈ្មោះ​ដល់​សព្វថ្ងៃ​
25, Aug 2019 , 8:30 pm        
រូបភាព
ដោយ: ថ្មីៗ
 
​អត្ថបទ​៖ ស៊ី​ធី 
​ម្ចាស់​ខ្សែក្រវាត់​លំដាប់​ពិភពលោក Nong-O Gaiyanghadao បង្ហាញ​អំពី​កម្លាំងចិត្ត​តាំងពីដើម​រៀងមក​ដែល​ធ្វើ​ឲ្យ​ជោគជ័យ​ក្រោយពេល​ហក់​ចូល​សង្វៀន​ប្រដាល់​។ វីរបុរស​របស់​ថៃ​នឹង​ចូលខ្លួន​មក​ការពារ​ខ្សែក្រវាត់ ONE Bantamweight Muay Thai World Title នៅ​សង្វៀន ONE: IMMORTAL TRIUMPH ទល់នឹង Brice Delval នា​ថ្ងៃទី ៦ ខែ កញ្ញា ខាងមុខ​ដែល​រៀបចំ​នៅ​ប្រទេស​វៀតណាម​។


​ដំបូង​ឡើយ Nong-O Gaiyanghadao កាល​នៅ​ក្មេង​គ្រាន់​តែមាន​ក្ដី​ប្រាថ្នា​សាមញ្ញៗ​ប៉ុណ្ណោះ ប៉ុន្តែ​គេ​មានការ​តាំងចិត្ត​ខ្ពស់​បង្កើត​ភាព​អស្ចារ្យ និង ជួយ​ឲ្យ​គ្រួសារ​របស់ខ្លួន​មាន​ជីវភាព​ល្អប្រសើរ​ទៀតផង​។ Nong-O មា​នទី​កំណើត​នៅ​ភូមិតូច​មួយ នៅ​ខេត្ត Sakon Nakhon ភាគ​ខាងជើង​ប្រទេស​ថៃ​។ គ្រួសារ​របស់ Nong-O មាន​កន្លែង​ហាត់​ប្រដាល់​តូច​មួយ ហើយ គេ​សារភាពថា​មិនមាន​គំនិត​ចង់​ហាត់​ឬ​ចង់​ក្លាយជា​អ្នកល្បី​ទេ​។
 
Nong-O រំលឹកថា​៖«​មុនដំបូង​ខ្ញុំ​ចាប់ផ្ដើម​ហាត់​ប្រដាល់​កន្លែង​តូច​មួយ​ក្បែរ​ផ្ទះ​របស់ខ្ញុំ​។ មាន​បាវ​សាក់​មួយ​, មាន​ហ្គ​ង់​មួយគូ និង ស្រោមដៃ​មួយចំនួនទៀត​»​។ ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​រូបនេះ​ចងចាំ​ទៀតថា​៖«​វា​ជា​កន្លែង​ហ្វឹកហាត់​តូច​មួយ​ជាមួយ​មនុស្ស​ពីរ​បីនាក់​។ ពេល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បាន​ដើរកាត់ ហើយ​មាន​ពូ​របស់ខ្ញុំ​នៅ​ទីនោះ និង​កំពុង​ហ្វឹកហាត់​។ ថ្ងៃមួយ គាត់​ឲ្យ​ខ្ញុំ​សាក​ទាត់​-​វ៉ៃ​បាវ​សាក់​ដើម្បី​ឲ្យ​គាត់​មើល​។ ដំបូង​ខ្ញុំ​អត់​ចូលចិត្ត​ទេ ដូច្នេះ​ខ្ញុំ​ប្រាប់​គាត់​ថា ខ្ញុំ​ឈឺពោះ​»​។​
  


 
​យ៉ាងណាក្ដី​ពូ​របស់ Nong-O មិន​ងាយ​បោះបង់​ការបញ្ចុះ​បញ្ចូល​ឡើយ ហើយ​លោក​បាន​ព្យាយាម​អន្ទង​ក្មួយ​ឲ្យ​ហ្វឹកហាត់​បន្តទៀត​។ បន្ទាប់មក Nong-O ក៏​ទទួលបាន​ការលើកទឹកចិត្ត​ពី​សំណាក់​មិត្ត​ភ័ក្ដិ​ផ្សេងទៀត​រហូតដល់​មិនអាច​ប្រកែក​បាន​ក្នុង​ការចូលទៅ​ហ្វឹកហាត់​ប្រដាល់​។ 
 
«​បន្ទាប់មក ពូ​របស់ខ្ញុំ​សួរ​ទៀត ហើយ​ក៏មាន​មិត្ត​ភ័ក្ដិ​របស់ខ្ញុំ​ហាត់​នៅ​ទី​នោះដែរ​។​ដូច្នេះ ទើប​គាត់​សួរ​ខ្ញុំ​ឲ្យ​ចូលរួម​បន្ថែម​។ ពេលនោះ​ហើយ​ជាការ​ចាប់ផ្ដើម​»​។ Nong-O ចងចាំ​បែបនេះ​។ 
«​ខ្ញុំ​ចង់​សាក​ដែរ​ពេល​នៅ​ក្មេង​។ ខ្ញុំ​ឃើញ​ពួកម៉ាក​ខ្ញុំ​ធ្វើ​វា​។ ដូច្នេះ​ខ្ញុំ​ចង់​ធ្វើ​ដូច​គេ​ដែរ និង លេង​ជាមួយ​ពួកគេ​។ ពេល​ពួកគេ​ប្រកួត ពួកគេ​មានឱកាស​ធ្វើដំណើរ​ទៅ​ខេត្ត​ឆ្ងាយៗ​។ ខ្ញុំ​អត់​ដែល​ទៅ​ខេត្ត​ឆ្ងាយៗ​ទេ​។ ខ្ញុំ​ធ្វើដំណើរ​ត្រឹម​ពី​ផ្ទះ​ទៅ​សាលា​ប៉ុណ្ណោះ​»​។ 
 
Nong-O មិនបាន​ចូល​ហ្វឹកហាត់​ងាយៗ​ទេ ប៉ុន្តែ​ពេល​រូបគេ​ចូល​ហ្វឹកហាត់ គឺមាន​ផ្នត់គំនិត​ខិតខំ​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឲ្យ​កាន់តែ​ល្អប្រសើរ​។ «​នៅពេល ខ្ញុំ មាន​អាយុ ១០ ឆ្នាំ គឺ​ខ្ញុំ​មិន​ចាប់អារម្មណ៍​នឹង​ប្រដាល់​មួយ​ថៃ​ទាល់តែសោះ ប៉ុន្តែ ខ្ញុំ​មាន​ឆន្ទៈ​ពុះពារ​។ ទោះ​ពេល​ខ្ញុំ​ឈឺចាប់ ខ្ញុំ​មិន​បោះបង់​ទេ​។ ខ្ញុំ​ឈឺ​តែ​ខ្ញុំ​មិន​យំ​។ ខ្ញុំ​ចង់​ធ្វើ​វា និង​ផ្ដោតលើ​វា​»​។ Nong-O ថ្លែង​យ៉ាង​ដូច្នេះ​។ 
 
​វីដេអូ​ប្រកួត​៖ Nong-O vs. Hiroaki Suzuki

 
​ដោយ​បង្កើន​ក្ដី​ស្រលាញ់​ជា​បន្ត​បន្ទាប់មកទៀត Nong-O ក៏​ចាប់ផ្ដើម​សន្យា​ខ្លួនឯង មុនពេល​ពូ​របស់ខ្លួន​សម្រេចចិត្ត​ដាក់​រូបគេ​ឲ្យ​ប្រកួត​តេស្ត​នៅលើ​រេញ​។ ក្មេងៗ​ជំនាន់ Nong-O គឺត្រូវធ្វើ​តេស្ត​ឡើង​សង្វៀន​ដូចគ្នា​ពេល​ហ្វឹកហាត់​បាន​មួយរយៈ ប៉ុន្តែ Nong-O ត្រូវការ​ពង្រឹងសមត្ថភាព​យូរ​ដើម្បី​ទទួលបាន​ជោគជ័យ​។ នៅពេល​មានការ​ប្រកួត Nong-O តែងតែ​ចាក​ចេញពី​ភូមិ និង ធ្វើដំណើរ​ទៅ​ប្រកួត​។ Nong-O ពន្យល់ថា​៖«​បន្ទាប់ពី​ខ្ញុំ​បាន​ហ្វឹកហាត់​រយៈពេល​១​ខែ ពូ​របស់ខ្ញុំ​ប្រាប់​ខ្ញុំ​ថា គាត់​យក​ខ្ញុំ​ទៅ​ប្រកួត​។ ពេល​ប្រកួត​បាន​ម្ដង ខ្ញុំ​ត្រលប់មក​ហ្វឹកហាត់ ៣​ខែ​ដើម្បី​ទទួលបាន​ការប្រកួត​ទៀងទាត់​។ ការប្រកួត​ដំបូង​របស់ខ្ញុំ​នៅ​ស្រុក​ផ្សេង​ក្បែរ​ភូមិ​ដែល​ខ្ញុំ​រស់នៅ​។ នា​ប្រកួត​ដំបូង​ខ្ញុំ​រំភើប​ផង​ភ័យ​ផង​។ វា​ភ័យ​ដល់​ថ្នាក់​ជើង​របស់ខ្ញុំ​ញ័រ​នៅលើ​រេញ​ហើយ​អត់​ដឹងថា​ត្រូវធ្វើ​អ្វី​នោះទេ​»​។ 
 
Nong-O រៀបរាប់​ទៀតថា ៖«​ក្រោយ​ចប់​ទឹក​ទី​១ ភាពភ័យខ្លាច​ក៏​រសាត់​បាត់ទៅ ពេល​ចប់​ទឹក​ទី​៣ ខ្ញុំ​ក៏​ឈ្នះ​ពិន្ទុ ហើយ ពូ​របស់ខ្ញុំ​ក៏​ផ្ដល់ប្រាក់​រង្វាន់​លើកទឹកចិត្ត​។ ខ្ញុំ​ទទួលបាន ១០០ បាត ។ ខ្ញុំ​សប្បាយចិត្ត​ដែល​ខ្ញុំ​អាច​ឈ្នះ​»​។ 
Nong-O ទទួល​ការឈឺចាប់​ច្រើន​ក្នុង​ការប្រកួត​ដំបូង​។ នេះ​ជា​បទពិសោធន៍​ដំបូង​ក្នុង​ការប្រកួត ប៉ុន្តែ​វា​បាន​ផ្ដល់នូវ​ទំនុកចិត្ត​នា​ប្រកួត​បន្ទាប់​។ អារម្មណ៍​របស់ Nong-O មានការ​ផ្លាស់ប្ដូរ​ច្រើន​ពេល​មានការ​ប្រកួត​ញឹក ហើយ​បង្កើតជា​ចំណង់​ចំណូលចិត្ត​រួមទាំង​បានធ្វើ​ដំណើរ​ទៅតាម​តំបន់​នានា​ទៀតផង​។ «​ខ្ញុំ​ចង់​នៅ​ជាមួយ​ពួកម៉ាក​និង​ធ្វើដំណើរ​ជាមួយ​ពួកគេ​។ ពេល​ខ្ញុំ​ឡើង​ប្រកួត  វា​ជា​ពេល​រីករាយ​ដែល​បាន​ទៅ​ខេត្ត​ផ្សេងៗ​។ ហើយ​ពេល​ខ្ញុំ​ឈ្នះ ខ្ញុំ​ទទួលបាន​លុយ​ដើម្បី​ទិញ​ឧបករណ៍​ដែល​ខ្ញុំ​ចូលចិត្ត​»​។ Nong-O សង្កត់ធ្ងន់​បែបនេះ​។ 
 
​ការប្រកួត​ទល់នឹង Delval នៅ​សង្វៀន ONE: IMMORTAL TRIUMPH គេ​នឹង​បង្កើត​ក្ដី​ស្រលាញ់​បន្ថែមទៀត​សម្រាប់​អ្នកគាំទ្រ និង បង្ហាញ​អំពី​ស្នៀត​ដ៏​អស្ចារ្យ​ដើម្បី​ការពារ​ខ្សែក្រវាត់​របស់ខ្លួន​។​
 
​សូម​ទស្សនា​ការផ្សាយ​ផ្ទាល់ ពីស​ង្វៀន ONE: IMMORTAL TRIUMPH នៅ​ថ្ងៃទី ៦ ខែ កញ្ញា ដែល​រៀបចំ​នៅ​ប្រទេស​វៀតណាម​ចាប់ពី​ម៉ោង​៧​ល្ងាច​តទៅ​តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA ៕  
 

 

© រក្សាសិទ្ធិដោយ thmeythmey.com