ជាតិ
សង្គមជាតិ
៣​ឆ្នាំ​នៃ​អាណត្តិ ទូត​ជប៉ុន បាន​នាំ​ទាំង​កម្ចី​និង​ជំនួយ​ជាង​៥០០​លាន​ដុល្លារ មក​កម្ពុជា​
25, Aug 2019 , 2:31 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងសេដ្ឋកិច្ច៖ លោក Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាផុតអាណត្តិ ជួបលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៩ សីហា ឆ្នាំ២០១៩
រូបពីហ្វេសប៊ុកក្រសួងសេដ្ឋកិច្ច៖ លោក Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាផុតអាណត្តិ ជួបលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៩ សីហា ឆ្នាំ២០១៩
​ភ្នំពេញ​៖ រយៈពេល​៣​ឆ្នាំ​នៃ​អាណត្តិ​ខ្លួន ឯកអគ្គរាជទូត​ជប៉ុន បាន​នាំយក​ទាំង​កម្ចី និង​ជំនួយ​ជាង​៥០០​លាន​ដុល្លារ មក​កម្ពុជា​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ធ្វើឡើង​ក្រោយពី​ជំនួប​ជម្រាបលា​របស់លោក Hidehisa HORINOUCHI ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ជាមួយ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​


​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បញ្ជាក់ថា នៅក្នុង​អាណត្តិ​៣​ឆ្នាំ​នៃ​ការបំពេញ​បេសកកម្ម​កា​រ​ទូត​របស់លោក HORINOUCHI នៅ​កម្ពុជា​នេះ ភាគី​ទាំង​ពីរបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ (Japan ODA) ដែលមាន​ទឹកប្រាក់​សរុប​ជាង​៥៥០​លាន​ដុល្លារ​អាមេរិក ដោយ​ក្នុងនោះ​ហិរញ្ញប្បទាន​ឥត​សំណង​មាន​ទឹកប្រាក់​ប្រមាណ​ជិត​១៥០​លាន​ដុល្លារ សម្រាប់​គាំទ្រ​លើ​វិស័យ​ជាច្រើន​រួមមាន ផ្លូវ ស្ពាន ការផ្គត់ផ្គង់​ទឹកស្អាត ថាមពល​អគ្គិសនី អប់រំ សុខាភិបាល និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​នានា​។​
 
​ចំណែក​ទឹកប្រាក់​ជាង​៤០០​លាន​ដុល្លារ ជា​ឥណទាន​សម្បទាន​សម្រាប់​ហិរញ្ញប្បទាន​បន្ថែម​ដល់​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥ (​ស្ពាន​ព្រែក​ក្ដាម​-​ក្រុង​ប៉ោយប៉ែត​) , គម្រោង​អភិវឌ្ឍន៍​ចំណត​កុងតឺន័រ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​, គម្រោង​ស្ដារឡើងវិញ​នូវ​ប្រព័ន្ធធារាសាស្ត្រ និង​គម្រោង​ពង្រីក​ប្រព័ន្ធ​ខ្សែ​បញ្ជូន និង​ចែកចាយ​អគ្គិសនី​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច​។​
 
​ត្រង់ចំណុច​នេះ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាន​និយាយថា ក្នុង​អាណត្តិ​កា​ទូត​របស់លោក HORINOUCHI នេះ បាន​បំពេញភារកិច្ច និង​តួនាទី​យ៉ាងសំខាន់​ជួយ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ដោយ​សម្រេចបាន​នូវ​សមិទ្ធផល​ផ្លែផ្កា​ជាច្រើន ទាំង​ក្នុង​ទំនាក់ទំនង​ការទូត កិច្ចសហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន និង​បានរួម​ចំណែក​យ៉ាងសកម្ម​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​។ «​វិភាគទាន​របស់​ប្រជាជន​ជប៉ុន សុទ្ធសឹងតែ​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​នៃ​ការអភិវឌ្ឍ​ជាតិ​របស់​កម្ពុជា​»​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​។​
 
​លោក HORINOUCHI ឯកអគ្គរាជទូត​ជប៉ុន​ផុត​អាណត្តិ បាន​និយាយថា រដ្ឋាភិបាល​ជប៉ុន​នឹង​បន្ត​ពង្រីក​ទំនាក់ទំនង​ការទូត និង​កិច្ចសហប្រតិបត្តិការ​នា​នា​លើ​គ្រប់​វិស័យ​អាទិភាព​ជាមួយ​កម្ពុជា រួមទាំង​បន្ត​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស ដើម្បី​ជួយ​ដល់​ការអភិវឌ្ឍ ,​ការវិនិយោគ​សាធារណៈ និង​ឯកជន​នានា​នៅ​កម្ពុជា​។ 
​គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០១៩​នេះ ទំហំ​នៃ​ការវិនិយោគ និង​ពាណិជ្ជកម្ម​ជប៉ុន មាន​ទឹកប្រាក់​កើនឡើង​ជិត​៥០០​លាន​ដុល្លារ​អាមេរិក រីឯ​ការនាំ​ចេញទៅ​ជប៉ុន មាន​ទឹកប្រាក់​ជាង ១,៧០០​លាន​ដុល្លារ​អាមេរិក​។​
 
​គួរ​បញ្ជាក់ថា ទំហំ​នៃ​ការវិនិយោគ​ឯកជន​ពី​ប្រទេស​ជប៉ុន មាន​ទឹកប្រាក់​៤៤០​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៨​។ រីឯ​ការនាំ​ចេញពី​កម្ពុជា​ទៅ​ជប៉ុន​វិញ មាន​ទំហំ​ទឹកប្រាក់​១៦០០​លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​៕

Tag:
 អូន ព័ន្ធមុនីរ័ត្ន​
  ជប៉ុន​
  ហិរញ្ញប្បទាន​
© រក្សាសិទ្ធិដោយ thmeythmey.com