ONE Championship
កីឡាជាតិ
ជាតិ
មាស ម៉ើ ជើង​ខ្លាំង​នៅ​សង្វៀន ONE ចង់បង្ហាញ​ខ្លួន​នៅ​ស៊ី​ហ្គេម​ឲ្យ​កម្ពុជា​បាន​ម្តង​ចុងឆ្នាំ​នេះ​
25, Aug 2019 , 2:58 pm        
រូបភាព
ដោយ: ថ្មីៗ
​អត្ថបទ​៖ ស៊ី​ធី 
​អ្នកលេង​គុន​ចម្រុះ មាស ម៉ើ ដែលមាន​បទពិសោធន៍​ក្នុងការ​ប្រកួត​គុន​ចម្រុះ​នៅ​ប្រទេស​ថៃ និង សង្វៀន ONE Championship នាពេល​កន្លងមក​បាន​វិល​មក​ប្រឡូក​ការប្រកួត​ម្ដងទៀត​ពេល​គេ​ឃើញ​ចូលរួម​ក្រុមកីឡា​នគរបាលជាតិ​ទៅ​ប្រកួត​នៅ​ចិន​ក្នុង​រយៈពេល ២ សប្ដាហ៍​កន្លងទៅនេះ​។ រឿងនេះ​បង្កើតជា​ចម្ងល់​យ៉ាងច្រើន ថា​តើ​អ្នកលេង​ក្បាច់គុន​ជើងចាស់​រូបនេះ​អាច​វិល​មករក​សង្វៀន​វិញ​ឬ​យ៉ាងណា​?


​ទាក់ទិន​ចម្ងល់​នេះ មាស ម៉ើ គូសបញ្ជាក់ថា​៖«​បាទ​!​ខ្ញុំ​បាន​ទៅ​ចូល​រួមជាមួយ​ក្រុមកីឡា​នគរបាលជាតិ​ដែល​ប្រកួត​នៅ​ចិន​តាម​ការស្នើសុំ​របស់​ថ្នាក់ដឹកនាំ​។ ខ្ញុំ​ប្រកួត​ក្នុង​ប្រភេទ​កីឡា​ជី​ជិត​ស៊ូ​។ ស្ដាយ​ខ្ញុំ​ឈ្នះ​ជុំ​ទី​១ និង ទី​២ តែ​ចាញ់​ជុំ​ទី​៣​។ តាមពិត​ខ្ញុំ​ត្រូវ​ប្រកួត​យូ​ដូ តែមាន​កីឡាករ​យើង​ម្នាក់ទៀត​ប្រកួត​ហើយ​។ ដូច្នេះ​កុំ​ឲ្យ​ជាន់គ្នា ខ្ញុំ​ក៏​ទៅ​វ៉ៃ វិញ្ញាសា​ជី​ជិត​ស៊ូ​វិញ​ទៅ​»​។ 
 
​ម្ចាស់​ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ​២​កំពុងតែ​រក្សា​លំនឹង​គីឡូ​ត្រឹម ៦៥ ឬ ៦៦ គីឡូក្រាម​ដើម្បី​ដាក់​គោលដៅ​ទៅ​ប្រកួត​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​បាន​ម្ដង​ក្នុង​ជីវិត​។ អ្នកលេង​ក្បាច់គុន​យូ​ដូ​ដែល​ឡើង​ប្រកួត​សង្វៀន​គុន​ចម្រុះ​តាំង​ឆ្នាំ ២០១៣ មក​នោះ​ធ្លាប់​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ និង កម្មវិធី​យុវជន​មួយចំនួន​ក្នុង​វិញ្ញាសា​យូ​ដូ ប៉ុន្តែ​មិន​ធ្លាប់​ចូលរួម​ប្រកួត​ស៊ី​ហ្គេម​តំណាង​ឲ្យ​កម្ពុជា​នោះឡើយ​។ 
 
​កីឡាករ​មានបទពិសោធន៍​ក្រាស់ក្រែល​វ័យ ២៩ ឆ្នាំ​គូសបញ្ជាក់ថា​៖«​ខ្ញុំ​អាច​សម្រក​គីឡូ​បាន​ពី ជាង​៨០​គីឡូ​មក​ត្រឹម ៦៦ គីឡូក្រាម​ក្នុង​រយៈពេល ២ ទៅ ៣ ខែ​។ ហើយ​ខ្ញុំ​នៅតែ​បន្ត​រក្សា​លំនឹង​គីឡូ​នេះ​ដដែល​។ ខ្ញុំ​ខំ​ហាត់​ខ្លួនឯង ត្រូវ​តម​ការ​ញុំ​ា​បន្ថែម ហើយ បើ​មានឱកាស​គឺ​ចង់​ឡើង​ប្រកួត​នៅ​សង្វៀន ONE ជាថ្មី​ដែរ​។ ប៉ុន្តែ ខ្ញុំ​ដាច់ខាត​ខ្ញុំ​ត្រូវ​វ៉ៃ​គីឡូ ៦៦ មិន​វ៉ៃ​គីឡូ​លើស​ហ្នឹង​ទេ ព្រោះ​ខ្ញុំ​ធ្វើ​បានល្អ​មែនទែន​ត្រឹម​ទម្ងន់​នេះ​។ បើ​ប្រកួត​គីឡូ​លើស​ហ្នឹង គឺ ខ្ញុំ​អត់​វ៉ៃ​ទេ​»​។ 
​កីឡាករ​មកពី​ស្រុក​បារាយណ៍​ខេត្តកំពង់ធំ​សង្កត់ធ្ងន់ថា​៖«​ខ្ញុំ​ធ្លាប់​ចូលរួម​លំដាប់​អន្តរជាតិ​ច្រើន​ដែរ តែ​ខ្ញុំ​អត់​ដែល​បាន​ទៅ​ស៊ី​ហ្គេម​ទេ​។ ដូច្នេះ​ខ្ញុំ​ស្នើ​ទៅ​ថ្នាក់លើ​ធ្វើតេស្ត​។ ខ្ញុំ​វ៉ៃ​ឈ្នះ​កីឡាករ​ជម្រើសជាតិ​ខ្មែរ​រហូត ៥ នាក់​កាល​ថ្ងៃ​សុក្រ​ក្នុង​វិញ្ញាសា​យូ​ដូ​។ ខ្ញុំ​រង់ចាំ​ធ្វើតេស្ត​វ៉ៃ​ម្នាក់ទៀត​ដែល​គាត់​ទៅ​ហាត់​នៅ​បារាំង​យូរ​ឆ្នាំ​។ ខ្ញុំ​នឹង​តេស្ត​ថ្ងៃទី​៣១ ខែ តុលា ខាងមុខ​ជាមួយ​គាត់​។ បើ​ខ្ញុំ​ឈ្នះ ខ្ញុំ​ចង់ទៅ​ប្រកួត​ឲ្យ​ជម្រើសជាតិ​។ ប៉ុន្តែ​បើ​ខ្ញុំ​ចាញ់ ឲ្យ​គេ​ទៅ​ចុះ​ក្នុង​គីឡូ​៦៦​គីឡូក្រាម​»​។​
 
​គួរ​ដឹងថា មាស ម៉ើ ជា​ម្ចាស់​ខ្សែក្រវាត់​ព្រឹត្តិការណ៍​ប្រកួត​គុន​ចម្រុះ​នៅ​កម្ពុជា ឬ ខ្សែក្រវាត់ Khmer Warriors Challenges វគ្គ ២ ដែល​រៀបចំ​ដោយ​ស៊ី​ធី​អិន និង MyTV​។ ទោះ​ឃ្លាត​ពីស​ង្វៀន​មួយរយៈ​ដោយសារ​ជាប់​រត់​ឡាន​ទូ​រី​ស ១២ កៅអី​ពី​ភ្នំពេញ​-​កំពង់ធំ ដើម្បី​រកលុយ​ចិញ្ចឹម​គ្រួសារ ក៏​កីឡាករ​រូបនេះ​មាន​ទំនាក់ទំនង​ល្អជា​មួយ​គ្រូបង្វឹក ហ៊ុន ច័ន្ទ​រាជ្យ ហើយ​គ្រូបង្វឹក​នៅ Cambodian Top Team នៅតែ​ចង់​ឲ្យ មាស ម៉ើ  ត្រលប់មក​ហ្វឹកហាត់​វិញ​ដើម្បី​ចាប់​គូប្រកួត​។  មាស ម៉ើ  ផ្អាក​ឡើង​សង្វៀន និង ហ្វឹកហាត់​តាំងពី​ចុងខែ វិច្ឆិកា ឆ្នាំ ២០១៨​មកម្ល៉េះ ក្រោយ ចាញ់​កីឡាករ​ហុ​ល្លង់ Anthony Engelen នៅ​សង្វៀន ONE: HEART OF THE LION នា​ប្រទេស​សិង្ហ​បុរី​។  មាស ម៉ើ ចាប់ផ្ដើម​ហ្វឹកហាត់​ក្បាច់គុន​ដំបូង​គឺ យូ​ដូ​។ មាស ម៉ើ ជា​អតីត​កីឡាករ​ជម្រើសជាតិ​យូ​ដូ និង ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ជាច្រើន​ដង​។ មាស ម៉ើ ប្រឡូក​ក្នុង​សង្វៀន​គុន​ចម្រុះ​ទាំង​ក្នុងស្រុក និង ឆាក​អន្តរជាតិ​ចំនួន ៨ ដង​ក្នុងនោះ​ឈ្នះ ៥ ដង និង ចាញ់ ៣​។ 
 
​សូម​ទស្សនា​ការផ្សាយ​ផ្ទាល់ ពីស​ង្វៀន ONE: IMMORTAL TRIUMPH នៅ​ថ្ងៃទី ៦ ខែ កញ្ញា ដែល​រៀបចំ​នៅ​ប្រទេស​វៀតណាម​ចាប់ពី​ម៉ោង​៥:៣០ ល្ងាច​តទៅ​តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA ៕  
 
 

© រក្សាសិទ្ធិដោយ thmeythmey.com