ជាតិ
សេដ្ឋកិច្ច
សេវា​រថភ្លើង​ពី​កណ្តាល​ក្រុងភ្នំពេញ​ទៅ​អាកាសយានដ្ឋាន​មិន​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកដំណើរ​
26, Aug 2019 , 1:39 pm        
រូបភាព
រូបឯកសារ៖ រថភ្លើង​ត្រៀម​ចេញ​ដំណើរ​ពី​ស្ថាននីយ​រថភ្លើង​ជាលើកដំបូង​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​១០​ ខែ​មេសា​ ឆ្នាំ​ ២០១៨។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ រថភ្លើង​ត្រៀម​ចេញ​ដំណើរ​ពី​ស្ថាននីយ​រថភ្លើង​ជាលើកដំបូង​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​១០​ ខែ​មេសា​ ឆ្នាំ​ ២០១៨។ (ហ៊ុល រស្មី/VOA)
ដោយ: VOA
​រាជធានី​ភ្នំពេញ ៖ វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក ស្ថិតក្នុង​ស្ថានីយ​រា​ជាយ​ស្ម័​យាន​ភ្នំពេញ សំឡេង​ស៊ី​ផ្លេ​ចេញពី​រថភ្លើង​មួយគ្រឿង​គឺជា​សញ្ញា​នៃ​ការចេញដំណើរ​។ រថភ្លើង​ដែលមាន​ក្បាល​ស្រួច​និង​មាន​ឆ្នូត​លឿង​លើ​ផ្ទៃ​ពណ៌​ស នៅ​ផ្នែក​ចំហៀង​ទាំងសងខាង ត្រូវ​ចេញដំណើរ​ពី​កណ្តាល​រាជធានី​ភ្នំពេញ​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ ទូ​នៅក្នុង​ទូរថភ្លើង​ដែល​អាច​ផ្ទុក​អ្នកដំណើរ​បាន​រហូតដល់​៥៦​នាក់​នេះ គ្មាន​អ្នកដំណើរ​អង្គុយ​សោះឡើយ​ក្រៅពី​អ្នកបើកបរ​ចំនួន​ពីរ​នាក់ នាពេល​ចេញដំណើរ​។​

 
​អ្នកបើកបរ​រថភ្លើង​ជើងចាស់​មួយរូប ដែល​កំពុង​បញ្ជា​រថភ្លើង​គឺ​លោ​កជឹង ចាន់ទី ក្នុង​វ័យ​៦០​ឆ្នាំ មិន​លាក់លៀម​ទេ​ថា រថភ្លើង​ហាក់ដូចជា​មិន​ទទួលបាន​ការពេញនិយម​នោះ​។​
 
«​វា​មិន​ទៀង​! ជាទូទៅ ជួនកាល​មួយ​ជើងមាន​២​ឬ​៣​នាក់​ក៏មាន ៥​នាក់​ក៏មាន​។ ពេលណា ថ្ងៃ​ណា​ជើង​ណា​ចំ​គេ​ចុះ​ពី​យន្ដហោះ​មក ៤​ទៅ​១០​នាក់​អ៊ីចឹង​ទៅមួយ​ជើងៗ​។ វា​អត់​ទៀងទាត់​ទេ​»​។​
 
​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន រ៉ូយ៉ាល់ រេល​វេ លោក ច​ន ហ្គា​រី​ទទួលស្គាល់ថា មិនទាន់មាន​ការនិយម​ជិះ​រថភ្លើង​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​រាជធានី​ភ្នំពេញ​នៅឡើយ​។ មូលហេតុ​គឺ​ដោយសារ​ក្រុមហ៊ុន​របស់លោក​បាន​ផ្ដោតទៅលើ​អ្នកដំណើរ​តាម​ព្រលានយន្ដហោះ​ច្រើនជាង​ការ​ផ្តោតលើ​អ្នកដំណើរ​ទូទៅ​។​
 
«​ចរាចរណ៍​នៅតាម​ដង​មហាវិថី​សហព័ន្ធរុស្ស៊ី​គឺ​អាក្រក់​មែនទែន​។ អ្វីដែល​សំខាន់​គឺ​យើង​ត្រូវ​ចំណាយ​១​ម៉ោង​ទៅ​២​ម៉ោង ពេល​ជិះ​ទៅ​ព្រលានយន្ដហោះ​ម្ដងៗ ហើយ​វា​ប៉ះពាល់​ដល់​អ្នកជំនួញរ​ក​ស៊ី​ជាច្រើន​។ អ៊ីចឹង​គម្រោង​ខ្សែ​រថភ្លើង​ទៅ​ព្រលានយន្ដហោះ​គឺ​យើង​ផ្ដោតទៅលើ​អ្នក​ទាំងនោះ​។ ឥឡូវនេះ យើង​ត្រូវការ​តែ​៣០​នាទី​ប៉ុណ្ណោះ​សម្រាប់​ជិះ​ទៅ​ព្រលានយន្ដហោះ​ភ្នំពេញ​តាម​រថភ្លើង​។ ជា​មធ្យម ប្រហែល​២០​ទៅ​៥០​នាក់​ដែល​អ្នកធ្វើដំណើរ​តាម​យន្ដហោះ​ប្រើប្រាស់​សេវា​នេះ​»​។​
 
​ម្យ៉ាងវិញទៀត នាយក​ប្រតិបត្តិ​ក្រុមហ៊ុន រ៉ូយ៉ាល់ រេល​វេ បញ្ជាក់ថា ក្រុមហ៊ុន​ក៏​មិនទាន់​បានធ្វើ​ទីផ្សារ​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​បានល្អ​អំពី​ដំណើរការ​រថភ្លើង​ទៅកាន់​ព្រលានយន្តហោះ​នោះដែរ​។​
 
​កាលពីដើម​ខែមេសា​ឆ្នាំ​២០១៨ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង ក្រុមហ៊ុន រ៉ូយ៉ាល់ រេល​វេ របស់ អ្នកឧកញ៉ា គិត ម៉េង​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​សេវា​ដឹកជញ្ជូន​អ្នកដំណើរ​ពី​ស្ថានីយ​រថភ្លើង​ភ្នំពេញ ឆ្ពោះទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ជា​ផ្លូវការ​។ គោលបំណង​គឺ​ដើម្បី​ចូលរួម​កាត់បន្ថយ​ការស្ទះ​ចរាចរណ៍​និង​ជួយ​សម្រួល​ពេលវេលា​ដល់​អ្នកធ្វើដំណើរ​តាម​យន្តហោះ​។ ប៉ុន្តែ​ក្រោយពី​ដំណើរការ​អស់​រយៈពេល​ជាង​មួយឆ្នាំ​មកនេះ សេវា​រថភ្លើង​ហាក់ដូចជា​នៅតែ​មិនទាន់​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​អ្នកដំណើរ​នៅឡើយ​។​


រូបឯកសារ៖ ទីកន្លែង​អ្នកដំណើរ​ឡើង​ជិះ​រថភ្លើង​ ទៅ​ព្រលាន​យន្តហោះ​ភ្នំពេញ កាលពី​ថ្ងៃ​ទី​ ១០ ខែមេសា​ ឆ្នាំ​ ២០១៨។ (ហ៊ុល រស្មី/VOA)
 
​ទោះជា​យ៉ាងណា លោក ច​ន ហ្គា​រី យល់ថា ការ​ដំណើរ​តាម​រថភ្លើង​នឹង​ចំណេញ​ពេលវេលា​ច្រើនជាង​ការធ្វើដំណើរ​តាម​ដងផ្លូវ​។​
 
​រថភ្លើង​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ រេល​វេ ដែល​ផលិត​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក គឺជា​ប្រភេទ​រថភ្លើង​ទំនើប​ជាង​រថភ្លើង​បុរាណ​របស់​កម្ពុជា​។ រថភ្លើង​នេះ​មាន​បន្ទប់ទឹក មាន​ម៉ាស៊ីនត្រជាក់ ទូរទស្សន៍ មាន​ប្រព័ន្ធ Wi- Fi មាន​កៅអី​ធំ​ទូលាយ និង​មាន​កាំជណ្តើរ​ស្វ័យប្រវត្តិ​។ រថភ្លើង​នេះ​អាច​បើកបរ​ក្នុង​ល្បឿន​២៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ​ដប់​គីឡូម៉ែត្រ​ពី​កណ្តាល​ក្រុងភ្នំពេញ​ទៅកាន់​ព្រលានយន្តហោះ​។​
 
​ជា​មធ្យម មាន​អ្នកជិះ​រថភ្លើង​ចន្លោះ​ពី​២០​ទៅ​៩០​នាក់​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ខណៈដែល​រថភ្លើង​ចាប់ផ្តើម​ដឹកជញ្ជូន​អ្នកដំណើរ​ពី​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​រហូតដល់​ម៉ោង​៧​យប់​។ នេះ​បើតាម​លោក ច​ន ហ្គា​រី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន រ៉ូយ៉ាល់ រេល​វេ​។ ទោះជា​យ៉ាងណា អ្នកទទួលខុសត្រូវ​រូបនេះ​ព្យាយាម​មិន​បង្ហាញ​ពី​តួលេខ​នៃ​ថវិកា​ដែល​ត្រូវ​ខាតបង់​ដោយសារ​មិនមាន​អ្នកដំណើរ​ជិះ​រថភ្លើង​នោះទេ​។​
 
​រថភ្លើង​ទើបនឹង​ដាក់​អ្នកដំណើរ​ចុះ​។​
 
​ដៃ​ម្ខាង​អូស​កាបូប​ដាក់​អីវ៉ាន់ ដៃ​ម្ខាង​ទៀត​កំពុងកាន់​ភេសជ្ជៈ លោក រស្មី ជា​ច័ន្ទ​តារា​ទើបនឹង​ចុះ​ពីលើ​រថភ្លើង​ដើរ​សំដៅ​ទៅរក​ស្ថានីយ​ចេញដំណើរ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងភ្នំពេញ​។​
 
​លោក​នឹងត្រូវ​ឡើង​យន្តហោះ​ទៅកាន់​ប្រទេស​ឡាវ​។ លោក រស្មី ជា​ច័ន្ទ​តារា​គឺជា​អ្នកដំណើរ​ម្នាក់​ក្នុងចំណោម​អ្នកដំណើរ​២​នាក់​ក្នុង​រថភ្លើង​។​
 
«​រទេះភ្លើង​វា​ល្អ វា​អត់​សូវ​ស្ទះ​ទេ ព្រោះ​ឥឡូវ​វា​ស្ទះ​ច្រើន​។ ដល់ពេល​ខ្ញុំ​ចង់​សាកមើល វា​ល្អ​»​។​
 
​អ្នកស្រី​សំបូរ រិ​ទ្ធ​អូ​នី​កា គឺជា​អ្នកប្រើប្រាស់​សេវាកម្ម​រថភ្លើង​នេះ​ម្នាក់ទៀត​។ អង្គុយចាំ​រថភ្លើង​នៅក្នុង​ស្ថានីយ​រថភ្លើង​ភ្នំពេញ អ្នកស្រី​ទើបនឹង​ចេញពី​ធ្វើការ​នៅ​ក្រុមហ៊ុន​មួយ​មិន​ឆ្ងាយ​ពី​ទីនោះ​។ អ្នកស្រី សំបូរ រិ​ទ្ធ​អូ​នី​កា​ត្រូវ​ធ្វើដំណើរ​ទៅកាន់​លំនៅដ្ឋាន​របស់​អ្នកស្រី​នៅក្បែរ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ ក្នុងការ​សាកល្បង​ជិះ​រថភ្លើង​ក្នុង​ក្រុង​លើកដំបូង អ្នកស្រី​យល់ថា ការ​ជិះ​រថភ្លើង​ហាក់ដូច​ជាមាន​ផាសុខភាព ប៉ុន្តែ​អ្នកដំណើរ​ត្រូវ​ចាំ​រហូតដល់​កន្លះ​ម៉ោង​មុននឹង​រថភ្លើង​ចេញដំណើរ​ម្តងៗ​។​
 
«​វា​ល្អ​ម្យ៉ាងដែរ ព្រោះ​វា​ជួយ​កាត់បន្ថយ​ពេលវេលា ឧទាហរណ៍​ពី​រ៉ា​រទេះភ្លើង​ទៅ​ព្រលានយន្ដហោះ បើសិន​ជិះ​មធ្យោបាយ​ខ្លួនឯង ស្ទះផ្លូវ​អី​ផង យ៉ាងហោចណាស់​មួយ​ម៉ោង​បាន​ដល់​។ ប៉ុន្ដែ​បើ​យើង​ជិះ​អានេះ មួយ​ម៉ោង​ដូចគ្នា ព្រោះ​អីយើ​ង​ចាំ​កន្លះ​ម៉ោង យើង​ជិះ​រថភ្លើង​កន្លះ​ម៉ោង​។ ក៏ប៉ុន្ដែ​កន្លះ​ម៉ោង​នេះ​គឺ​យើង​អង្គុយលេង​អ៊ីចឹង​វា​ធូរ​អារម្មណ៍ វា​អត់​ស្មុគស្មាញ​នៅលើ​ផ្លូវ​»​។​
 
​ប្រធាន​ក្រុមអ្នកវិភាគ​វ័យក្មេង កញ្ញា​លី ស្រី​ស្រស់​មើលឃើញថា ដោយសារ​ខ្សែ​រថភ្លើង​មាន​ប្រវែង​ខ្លី រថភ្លើង​មាន​គោលដៅ​តែមួយ​គឺ​រវាង​ព្រលានយន្តហោះ និង​រា​ជាយ​ស្ម័​យាន ដូច្នេះហើយ​ទើប​ខ្សែ​រថភ្លើង​ក្នុង​ក្រុង​មួយ​នេះ​មិនទាន់​ក្លាយជា​តម្រូវការ​ចាំបាច់​សម្រាប់​អ្នកធ្វើដំណើរ​ទូទៅ​នៅឡើយ​។ មួយវិញទៀត មិនមាន​ប្រជាពលរដ្ឋ​ច្រើន​ទេ​ដែល​ធ្វើដំណើរ​តាម​យន្ដហោះ​ក្នុង​មួយថ្ងៃៗ​។​
 
​ដោយឡែក អ្នកវិភាគ និង​អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី​យល់ថា ចំណត​រថភ្លើង​គួរ​ស្ថិតនៅ​ចំណុចប្រសព្វ​នៃ​ចំណត​យានជំនិះ​ផ្សេងទៀត​។​
 
«​វា​ត្រូវតែ​ចាប់​ផ្ដើមចេញពី​ទីប្រជុំជន​ណា​ដែល​ឡានក្រុង​គ្រប់​ខ្សែ​ទាំងអស់​ទៅ​សំចត​កន្លែង​ហ្នឹង ដើម្បី​ឲ្យ​ងាយស្រួល​សម្រាប់​ពលរដ្ឋ​ហ្នឹង សំដៅ​មកពី​ទិស​ណាក៏ដោយ​គឺ​ត្រូវតែ​ចុះ​នៅមុខ​ស្ថានីយ​រទេះភ្លើង​ហ្នឹង​ទាំងអស់​។ វា​ងាយស្រួល​ក្នុង​ការឡើង​រថភ្លើង​ទៅកាន់​ព្រលានយន្តហោះ​»​។​
 
​ឆ្លើយតប​នឹង​ចំណោទ​ដែល​មិនសូវមាន​អ្នកដំណើរ​ជិះ​រថភ្លើង​ភ្នំពេញ​ព្រលានយន្តហោះ​នេះ លោក ច​ន ហ្គា​រី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន រ៉ូយ៉ាល់ រេល​វេ លើកឡើងថា ក្រុមហ៊ុន​មាន​គម្រោង​នឹង​ចំណាយ​ប្រាក់​ប្រមាណ​ជា​១០០០០​ដុល្លារ​អាមេរិក ដើម្បី​ធ្វើ​ទីផ្សារ​ផ្សព្វផ្សាយ​ពី​សារៈសំខាន់​នៃ​ការ​ជិះ​រថភ្លើង​ក្នុង​ក្រុង​។ ហើយ​ក្រុមហ៊ុន​អាច​នឹងដាក់​ឲ្យ​ដំណើរការ​នូវ​រថភ្លើង​មួយ​ខ្សែ​ទៀត ដើម្បី​កាត់បន្ថយ​ការរង់ចាំ​យូរ​របស់​អតិថិជន​។ ជាមួយគ្នានេះ ក្រុមហ៊ុន រ៉ូយ៉ាល់ រេល​វេ សហការ​ជាមួយ​ក្រុមហ៊ុន​ចិន China Southern Rail កំពុង​សិក្សា​លទ្ធភាព​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកា​សត​ភ្ជាប់​ពី​ព្រលានយន្តហោះ​ទៅកាន់​ស្ថានីយ​រថភ្លើង​ក្រុងភ្នំពេញ និង​ពី​ព្រលានយន្តហោះ​ទៅកាន់​កាស៊ីណូ ណាហ្គា​។​
 
​លោក ច​ន ហ្គា​រី រំពឹងថា រថភ្លើង​ពី​ភ្នំពេញ​ទៅកាន់​ព្រលានយន្តហោះ​អាចនឹងទទួល​បាន​អ្នកដំណើរ​រហូតដល់​១០០០​នាក់​ក្នុង​មួយថ្ងៃ នាពេល​អនាគត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com