ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ឪពុកម្តាយ​ខ្ចីលុយ​ឲ្យ​កូន​ធ្វើការ​នៅ​ជប៉ុន ខណៈ​ការព្រួយបារម្ភ​អំពី​ការបំពាន​សិទ្ធិ​ការងារ​នៅតែមាន​
26, Aug 2019 , 7:59 pm        
រូបភាព
ដន ស្រីនាង ​​ឈប់​រៀន​ថ្នាក់​ទី​៩​និង​ជា​អតីត​កម្មការិនី​រោងចក្រ​កាត់​ដេរ​ នឹងទៅ​ធ្វើ​ការ​ក្នុង​ចម្ការ​ដោយ​ដាំ​ដំឡូង​ឆ្វា ​និង​ឆៃថាវនៅ​ប្រទេស​ជប៉ុន។
ដន ស្រីនាង ​​ឈប់​រៀន​ថ្នាក់​ទី​៩​និង​ជា​អតីត​កម្មការិនី​រោងចក្រ​កាត់​ដេរ​ នឹងទៅ​ធ្វើ​ការ​ក្នុង​ចម្ការ​ដោយ​ដាំ​ដំឡូង​ឆ្វា ​និង​ឆៃថាវនៅ​ប្រទេស​ជប៉ុន។
ដោយ: VOA
​ភូមិ​បែក​ពាង ខេត្តកំពង់ចាម ៖ នៅក្នុង​ភូមិ​បែក​ពាង​នៃ​ខេត្តកំពង់ចាម ក្រុមគ្រួសារ​មួយៗ​ចង់​ឲ្យ​កូន​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន ដោយ​ឃើញ​កូនៗ​ក្នុង​ក្រុមគ្រួសារ​ដែល​បាន​ទៅ បាន​ផ្ញើ​លុយ​មក​ឲ្យ​ឪពុកម្តាយ និង​ជីវភាព​មាន​ភាពល្អប្រសើរ​។ ប៉ុន្តែ​ការជ្រើសរើស​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​នៅតែ​ជា​បញ្ហា​នៅឡើយ​។​

 
​ភូមិ​បែក​ពាង ខេត្តកំពង់ចាម​- កញ្ញា ជា សុគន្ធា អាយុ​២២​ឆ្នាំ និង​កញ្ញា​ដន ស្រី​នាង អាយុ​១៨​ឆ្នាំ ដែលជា​បងប្អូនជីដូន​មួយ​នឹង​គ្នា នឹង​ចេញទៅ​ប្រទេស​ជប៉ុន​នៅ​សប្តាហ៍​នេះ ដើម្បី​ធ្វើការ​នៅ​រោងចក្រ​ពងមាន់ និង​ចម្ការ​បន្លែ​។​
 
​រស់នៅក្នុង​ភូមិ​បែក​ពាង ឃុំ​ជាលា ស្រុក​បាធាយ ខេត្តកំពង់ចាម ចម្ងាយ​ជាង​៥០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ  សុគន្ធា​បាន​ថ្លែងប្រាប់ VOA នៅផ្ទះ​ថា នាង​ចេញទៅ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃទី​២៣​ខែសីហា​ដើម្បី​ទៅធ្វើ​ការ​នៅ​រោងចក្រ​ដែល​នាង​ទទួលខុសត្រូវ​ផ្នែក​រើស​ពងមាន់​ដាក់​ក្នុង​ផែ​។​

 
 
​សុគន្ធា​ដែល​បាន​ឈប់រៀន​នៅ​ថ្នាក់​ទី​៨ និង​ធ្លាប់ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​នៅ​ស្រុកកំណើត បាន​និយាយថា នាង​សម្រេចចិត្ត​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​ដោយសារ​ឃើញ​អ្នកភូមិ​ផ្សេងៗ​ទៀត​បាន​ទៅធ្វើ​ការ​នៅ​ទីនោះ ហើយ​ពួកគេ​អា​ចរក​ចំណូល​ផ្ញើមក​ក្រុមគ្រួសារ​។​
 
​នាង​បាន​ថ្លែងថា​៖
 
«​ព្រោះ​គិត​ទៅ​ហ្នឹង​វា​អាច​រកបាន​ច្រើនជាង​ខ្មែរ​។ អ៊ីចឹង​អាច​រកលុយ​ចិញ្ចឹម​ម៉ែឪ​នៅផ្ទះ​បាន​»​។​
 
​នេះ​ជា​លើកដំបូង​ហើយ​ដែល​សុគន្ធា​ចេញទៅ​ក្រៅប្រទេស​។​
 
​នាង​បាន​បញ្ជាក់ថា​៖
 
«​មាន​អារម្មណ៍​ថា រំភើប អត់​ដែល​នឹកស្មានថា បាន​ទៅ​!»​។​
 
​សុគន្ធា​មាន​គម្រោង​ធ្វើការ​ថែម​ម៉ោង​ឲ្យ​បាន​ច្រើន​ដើម្បី​អាច​រក​ចំណូល​ឲ្យ​ក្រុមគ្រួសារ​បន្ថែម​លើ​ប្រាក់ខែ​ជាង​១​ពាន់​ដុល្លារ​។​
 
​នាង​បញ្ជាក់ថា​៖
 
«​ចង់​ថែម​ម៉ោង​ឲ្យ​ច្រើន មូលហេតុ​ចង់បាន​លុយ​ច្រើន ព្រោះ​យើង​ទៅ​ដើម្បី​រកលុយ​។ ពេល​អ៊ីចឹង​ត្រូវ​តស៊ូ​ថែម​ម៉ោង​ថែម​អី​»​។​
 
​បើតាម​សុគន្ធា នាង​សង្ឃឹមថា នឹង​អាច​ផ្ញើ​ប្រា​ក់មក​ផ្ទះ​យ៉ាងតិច​៥០០​ដុល្លារ​ក្នុង​មួយខែ​។​
 
​បងប្អូន​ជីដូនមួយរ​បស់​សុគន្ធា​គឺ​នាង​ដន ស្រី​នាង​ក៏​យល់​ស្រដៀង​គ្នា​ដែរ​។ ស្រី​នាង​ដែល​បាន​ឈប់រៀន​ថ្នាក់​ទី​៩​និង​ជា​អតីត​កម្មការិនី​រោងចក្រ​កាត់ដេរ​បាន​និយាយថា នាង​មិន​បារម្ភ​អំពី​សុវត្ថិភាព ឬ​គិតពី​ការរំលោភបំពាន​សិទ្ធិ​ការងារ​នៅ​ទីនោះ​ទេ ដោយសារ​ពលរដ្ឋ​នៅក្នុង​ភូមិ​របស់​នាង​បាន​ទៅធ្វើ​ការ​នៅ​ទីនោះ​ហើយ​ពួកគេ​មិនបាន​បង្ហាញ​ការព្រួយបារម្ភ​អ្វី​ទេ​។​
 
​នៅ​ប្រទេស​ជប៉ុន ស្រី​នាង​នឹងធ្វើ​ការ​ក្នុង​ចម្ការ​ដោយ​ដាំដំឡូង​ឆ្វា និង​ឆៃថាវ​។​
 
​ស្រី​នាង​បាន​ថ្លែងប្រាប់ VOA នៅ​ចំពោះមុខ​ឪពុកម្តាយ និង​យាយ​របស់​កញ្ញា​ថា​៖ «​អាចធ្វើ​បាន បើ​សិស្ស​ច្បង​ខ្ញុំ​គាត់​ឡើងទៅ គាត់​ថា ស្រួល​ហ្នឹង ធ្វើ​ហ្នឹង​ម៉ាស៊ីន​»​។​
 
​បើតាម​សុគន្ធា និង​ស្រី​នាង មុនពេល​ចាកចេញ​ទៅ​ប្រទេស​ជប៉ុន ពួកគេ​ត្រូវ​ឆ្លងកាត់​ការបណ្តុះបណ្តាល​ប្រមាណ​៩​ខែ ដោយ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​។ ពួកគេ​បាន​ចំណាយ​ប្រាក់​ក្នុង​មួយ​នាក់​ចំនួន​៣៥០០​ដុល្លារ​អាមេរិក បង់​ឲ្យ​ក្រុមហ៊ុន​សម្រាប់​ការបណ្តុះបណ្តាល រៀបចំ​ឯកសារ ទិញ​សំបុត្រ​យន្តហោះ និង​ធ្វើលិខិត​ឆ្លងដែន​ជាដើម​។​
 
​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​មួយ​នេះ​តែងតែ​ចង់​ឲ្យ​កូន​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​ក្រោយ​ដឹងថា អ្នកភូមិ​មួយចំនួន​ដែល​ធ្វើការ​នៅ​ទីនោះ​អាច​ផ្ញើ​ប្រា​ក់មក​គ្រួសារ​របស់​ពួកគេ និង​ជីវភាព​គ្រួសារ​មាន​ភាពល្អប្រសើរ​។​
 
​ឪពុកម្តាយ​បាន​ខ្ចីប្រាក់​ពី​មីក្រូហិរញ្ញវត្ថុ​រាប់ពាន់​ដុល្លារ​ដើម្បី​ឲ្យ​កូន​បាន​ចេញទៅ​ក្រៅប្រទេស​។​
 
​ឪពុក​របស់​កញ្ញា​សុគន្ធា​គឺ​លោក​សុខ សា​វន អាយុ​៤២​ឆ្នាំ ធ្វើជា​ទាហាន និង​លក់​នំចំណី​បន្តិចបន្តួច​ខាងមុខផ្ទះ​។ លោក​មានប្រសាសន៍ថា លោក​បាន​យកប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រមាណ​៥​ពាន់​ដុល្លារ​ដើម្បី​ចំណាយ​ឲ្យ​កូន​រៀបចំ​ទៅ​ប្រទេស​ជប៉ុន​។ លោក​ត្រូវ​បង់​សង​ក្នុង​រយៈពេល​បី​ឆ្នាំ​។​
 
​លោក​មានប្រសាសន៍ថា លោក​ទុកចិត្ត​ក្រុមហ៊ុន​ដែល​បញ្ជូន​កូនលោក​ទៅ​ប្រទេស​ជប៉ុន​។​
 
​លោក​បាន​ថ្លែងថា​៖
 
«​យើង​បញ្ជាក់​នឹង​ក្រុមហ៊ុន​ហ្នឹង ហើយ​សួរ​ម្តាយមីង​ដែល​នៅ​ហ្នឹង​គាត់​ថា អត់​អី​ដែរ​។ យើង​ក៏​ហ៊ាន​ធានា​ទុក​ចិត្តនឹង​ក្រុមហ៊ុន​ដែរ​»​។​
 
​ចំណែក​លោក​ធុ​យ ឌី អាយុ​៤០ ជា​ឪពុក​របស់​ស្រី​នាង មានប្រសាសន៍ថា លោក​នៅតែ​បារម្ភ​អំពី​សុវត្ថិភាព និង​សុខទុក្ខ​កូន​ពេល​ទៅ​ទីនោះ ព្រោះ​ជា​ដំណើរ​ចេញទៅ​ក្រៅប្រទេស​លើកដំបូង​របស់​នាង​។​
 
​លោក​បាន​ថ្លែងប្រាប់ VOA ថា​៖
 
«​ព្រួយបារម្ភ​! ព្រួយបារម្ភ​ខ្លះ​ដែរ​ហ្នឹង​។ ការធ្វើដំណើរ ហើយ​ទៅដល់​ប្រទេស​គេ មិនដឹង​ម៉េច​ម៉ា ព្រោះ​យើង​មិនដែល​បាន​ទៅ​»​។​
 
​បច្ចុប្បន្ន​មាន​ពលករ​កម្ពុជា​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ចំនួន​ជាង​៩០០០​នាក់​ក្រោម​កម្មវិធី​ធ្វើ​កម្មសិក្សា​។ ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង​ត្រូវបាន​គេ​មើលឃើញថា​ជា​ប្រទេសមួយ​ដែល​ពលករ​ខ្មែរ​អាច​រក​ចំណូល​ផ្ញើមក​គ្រួសារ ច្រើនជាង​ប្រទេស​ដទៃ​។​
 
​ប្រជាពលរដ្ឋ​ផ្សេងទៀត​នៅក្នុង​ភូមិ​បែក​ពាង​នេះ​ក៏បាន​សម្រេចចិត្ត​ឲ្យ​កូន​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​ផងដែរ ហើយ​ពួកគេ​បាន​សល់​លុយ​មួយចំនួន​ដែល​កូន​ផ្ញើ​ឲ្យ​។​
 
​អ្នកភូមិ​ម្នាក់​លោក​សួន ភឿន អាយុ​៦៩​ឆ្នាំ មានប្រសាសន៍ថា ជីវភាព​របស់​គ្រួសារ​មាន​ភាពល្អប្រសើរ​ជាង​មុន ក្រោយ​កូនស្រី​ពីរ​នាក់​របស់លោក​បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​។​
 
​លោក​បាន​ថ្លែងប្រាប់ VOA នៅផ្ទះ​របស់លោក​ថា​៖
 
«​វា​មិន​ធូរ​ណាស់ណា​ទេ​។ វា​គ្រាន់​ដោះបំណុល​គេ​ចាស់​បាន​រួច​ខ្លះ ហើយ​ការហូបចុក​ខ្លួន​យើង​។ ឈឺ​ស្កាត់​យប់​ព្រលប់​អី វា​មាននៅ​ក្នុង​ខ្លួន​ខ្លះ​។ វា​មិន​ពិបាក​ដូច​មុន​។ មុន​យើង​មានការ​អី យប់​ព្រលប់ ឈឺ​ស្កាត់​យប់​ព្រលប់​អី យើង​ពិបាក​រត់​រកលុយ​គេ​ក្រៅ​ភ្លាមៗ រត់​មិនទាន់​ចិត្ត​»​។​
 
​ភរិយា​របស់លោក​សួន ភឿន​គឺ​អ្នកស្រី​ឡុង វឿន មានប្រសាសន៍ថា ពីដំបូង​ឡើយ​អ្នកស្រី​ព្រួយបារម្ភ​ខ្លាច​កូន​ត្រូវគេ​បោក​យកទៅលក់ ដោយសារ​ធ្លាប់​ឮ​គេ​និយាយ​ពី​ការធ្វើ​បាបកម្ម​ករ​ខ្មែរ​នៅក្រៅ​ប្រទេស​។​
 
​អ្នកស្រី​មានប្រសាសន៍ថា​៖
 
«​ពីមុន ខ្ញុំ​ឃាត់​អត់​ឲ្យ​ទៅ​មែន​! អត់​ឲ្យ​ទៅ​ខ្លាច​! ដូច​ថា ខ្លាច​គេ​យកទៅលក់ ទៅ​ដូរ​អីចឹង​ណា៎​។ ដល់ពេល​ឃើញ​គេ​ទៅ​លាន់ៗ អត់​អី​»​។​
 
​ចំណែក​អ្នកភូមិ​ម្នាក់ទៀត​គឺ​អ្នកស្រី​សេង ណ​យ អាយុ​៥៨​ឆ្នាំ មានកូន​ស្រី​ចំនួន​ពីរ​នាក់​ទៅ​ប្រទេស​ជប៉ុន​។ អ្នកស្រី​ដែលមាន​កូន​៦​នាក់​ក៏មាន​បំណង​បញ្ជូន​កូន​២​នាក់​ទៀត​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​នៅពេល​ខាងមុខ ខណៈ​ពួកគេ​ទើប​រៀន​ថ្នាក់​ទី​១០ និង​ថ្នាក់​ទី​៤​។​
 
​អ្នកស្រី​បាន​ថ្លែងថា​៖
 
«​ខ្ញុំ​អត់​បង្ខំ​កូន​ទេ ប៉ុន្តែ​កូន​វា​ចង់ទៅ​ខ្លួន​វា​។ បើ​មួយៗ​វា​ថា ឲ្យ​តែ​រៀន​ចប់  វា​ទៅហើយ​»​។​
 
​នៅក្នុង​ភូមិ​ពាង​បែក ឃុំ​ជាលា ខេត្តកំពង់ចាម ប្រជាពលរដ្ឋ​ពេញកម្លាំង​តែងតែ​ធ្វើជា​កម្មករ​កាត់ដេរ និង​កម្មករសំណង់​។ ចំពោះ​ចាស់ៗ ពួកគេ​តែងតែ​ធ្វើស្រែ​ចម្ការ​សម្រាប់​ជីវភាព​របស់​ពួកគេ​។ ប៉ុន្តែ​ពួកគេ​ត្អូញត្អែរថា ឆ្នាំនេះ​មិនអាច​ធ្វើស្រែ​បាន​ផល​ល្អ​នោះទេ ដោយសារ​កង្វះ​ទឹក​។ ចំណាកស្រុក​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ជា​ជម្រើស​សំខាន់​មួយ​សម្រាប់​ពលរដ្ឋ​នៅក្នុង​ភូមិ​មួយ​នេះ​។​
 
​លោក​ជិន លី មេភូមិ​បែក​ពាង មានប្រសាសន៍ថា ប្រជាពលរដ្ឋ​មួយចំនួន​បាន​ចំណាកស្រុក​ទៅ​ប្រទេស​ផ្សេងៗ ដូចជា​ប្រទេស​កូរ៉េ និង​ជប៉ុន ហើយ​ពួកគេ​បាន​ខ្ចីលុយ​ពី​មីក្រូហិរញ្ញវត្ថុ​ដើម្បី​ឲ្យ​កូន​បាន​ទៅ​ប្រទេស​ជប៉ុន​។ លោក​បន្តថា ជីវភាព​គ្រួសារ​របស់​ពួកគេ​មាន​ភាពល្អ​ប្រសើរឡើង ក្រោយ​មានកូន​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​។​
 
​លោក​ឌី ថេ​ហូ​យ៉ា មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស​(Central)​មានប្រសាសន៍ថា ការជ្រើសរើស​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​នៅតែ​ជា​បញ្ហា​នៅឡើយ ដោយសារ​មាន​ករណីខ្លះ សាលា​បណ្តុះបណ្តាល​ភាសា​ជប៉ុន​បាន​ដើរតួនាទី​ក្នុងការ​ជ្រើសរើស​ពលក​រ ហើយ​មាន​ករណីខ្លះ​ពលករ​បាន​ចំណាយលុយ ហើយ​មិនបាន​ចេញទៅ​ប្រទេស​ជប៉ុន​។​
 
​លោក​បាន​ថ្លែងថា​៖
 
«​ក្នុង​កាលៈទេសៈ​នេះ មាន​ក្រុមហ៊ុន​មួយចំនួន​ក៏ដូចជា​សាលា​មួយចំនួន បន្លំ​ខ្លួន​បើក​សាលា បន្លំ​ជ្រើសរើស​[​ពលករ​]​អីចឹង​ទៅ​។ អ្នកខ្លះ​យកលុយ​គេ​១​ពាន់​២​ពាន់​ដុល្លារ គ្នា​មិនបាន​ទៅ​អី​ជាដើម​»​។​
 
​លោក​បន្តថា នៅ​ឆ្នាំនេះ អង្គការ​របស់លោក​ក៏​ទទួលបាន​ករណី​ដែល​ពលរដ្ឋ​ខ្មែរ​ជាង​១០០​បាន​រងគ្រោះ​ដោយសារ​ក្រុមហ៊ុន​មិនបាន​បញ្ជូនទៅ​ប្រទេស​ជប៉ុន​តាម​ការសន្យា​។​
 
​កាលពី​ចុងឆ្នាំ​២០១៧ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បានចេញ​ផ្សាយ​អត្ថបទ​មួយ​ថា ប្រជាជន​១១​នាក់​បានចេញ​មុខ​តវ៉ា ដោយ​ពួកគេ​អះអាងថា ត្រូវបាន​ក្រុមហ៊ុន​យកលុយ​រាប់ពាន់​ដុល្លារ ហើយ​ពួកគេ​មិនបាន​ចេញទៅ​ប្រទេស​ជប៉ុន​តាម​ការសន្យា​។​
 
​បើតាម​លោក​ឌី ថេ​ហូ​យ៉ា តម្លៃ​ក្នុងការ​ជ្រើសរើស​ពលក​រ​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​ក៏​នៅ​ថ្លៃ​នៅឡើយ​គឺ​រហូតដល់​៦​ពាន់​ដុល្លារ ដែល​លោក​ថា ពលរដ្ឋ​ខ្មែរ​បាន​បង្ខំចិត្ត​ខ្ចីប្រាក់​គេ​ដើម្បី​រៀបចំ​ឲ្យ​កូន​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​។​
 
VOA មិនអាច​សុំ​ការឆ្លើយតប​ពី​លោក​ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​នៅឡើយ​ទេ​។​
 
​បើតាម​ទិន្នន័យ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចុះ​ខែសីហា​ឆ្នាំ​២០១៩ ទីភ្នាក់ងារ​ឯកជន​ដែលមាន​សិទ្ធិ​ជ្រើសរើស​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​មាន​ចំនួន​១០២​ក្រុមហ៊ុន​។​
 
​កន្លងទៅ រដ្ឋាភិបាល​ជប៉ុន​ក៏បាន​រកឃើញ​ក្រុមហ៊ុន​ដែល​យក​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​នានា បាន​រំលោភសិទ្ធិ​ការងារ ក្នុងនោះ​មាន​បង្ខំ​ឲ្យ​ធ្វើការ​ជាច្រើន​ម៉ោង ការផ្តល់​ប្រាក់កម្រៃ​តិចជាង​កម្រិត​អប្បបរមា​ដែល​ច្បាប់​តម្រូវ បង្ខំ​ឲ្យ​ធ្វើការ​លើស​ម៉ោង និង​កន្លែងធ្វើការ​មិន​ត្រូវ​តាម​និយាម​សុវត្ថិភាព​។​
 
​កាលពី​ខែមីនា​ឆ្នាំ​២០១៩ ប្រទេស​កម្ពុជា​និង​ជប៉ុន​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​លើ​កិច្ចសហប្រតិបត្តិការ​បញ្ជូន​ពលករ​ជំនាញ​ទៅធ្វើ​ការ​ដោយ​ស្របច្បាប់ និង​ជាការ​បង្កើន​ទីផ្សារការងា​រ និង​ឱកាស​ដល់​ពលករ​កម្ពុ​ជា​។ ពលករ​ជំនាញ​ទាំងនោះ​នឹងធ្វើ​ការ​នៅ​ផ្នែក​ថែទាំ​មនុស្ស​ចាស់ សម្អាត​អគារ ផលិត​គ្រឿងបន្លាស់ គ្រឿង​រថយន្ត គ្រឿងអគ្គិសនី និង​សំណង់​ជាដើម​។​
 
​កញ្ញា​សុគន្ធា ដែល​សម្រេចចិត្ត​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន និយាយថា កញ្ញា​មិន​ព្រួយបារម្ភ​អ្វី​នោះទេ បើទោះជា​មិន​ធ្លាប់​ទៅ​ក្រៅប្រទេស ហើយ​ចាត់ទុកថា  នេះ​ជាការ​ចេញដំណើរ​ទៅធ្វើ​ការងារ​រកលុយ​ដើម្បី​ដោះបំណុល​គ្រួសារ​។​
 
​កញ្ញា​បាន​បញ្ជាក់ថា​៖
 
«​មើលទៅ​អត់​ផង​! មាន​សិស្ស​ច្បង​នៅ​ហ្នឹង​! គាត់​អត់​មានអី​ផង​! គាត់​ថា​[​ធ្វើការ​នៅ​ហ្នឹង​]​ស្រួល ហើយ​ថៅកែ​ក៏​ស្រួល​ដែរ​។ ពេល​អ៊ីចឹង អត់​មាន​អារម្មណ៍​ថា ភ័យ​ផង​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com