រដ្ឋាភិបាល​តាំងពិព័រណ៍​ដើម្បី​រំឭក​អំពី​កំណើត​គុក​ទួលស្លែង​
ជាតិ
រដ្ឋាភិបាល​តាំងពិព័រណ៍​ដើម្បី​រំឭក​អំពី​កំណើត​គុក​ទួលស្លែង​
26, Aug 2019 , 10:19 pm        
រូបភាព
រូបថត​បង្ហាញពី​ការ​តាំង​ពិព័រណ៍ក្រោម​ប្រធាន​បទ «៤០ឆ្នាំ៖ ការ​ចង់​ចាំ​ជន​រង​គ្រោះ ស-២១» ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សារ​មន្ទីរ​ឧក្រិដ្ឋ​កម្ម ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង ដែល​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ចន្ទ​ ទី​១៩ ខែ​សីហា កន្លង​​ទៅ​នេះ។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
រូបថត​បង្ហាញពី​ការ​តាំង​ពិព័រណ៍ក្រោម​ប្រធាន​បទ «៤០ឆ្នាំ៖ ការ​ចង់​ចាំ​ជន​រង​គ្រោះ ស-២១» ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សារ​មន្ទីរ​ឧក្រិដ្ឋ​កម្ម ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង ដែល​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ចន្ទ​ ទី​១៩ ខែ​សីហា កន្លង​​ទៅ​នេះ។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
ដោយ: VOA
​រាជធានី​ភ្នំពេញ ៖ បន្ទាប់មក​គុក​ទួលស្លែង​បានក្លាយ​ជា​សារមន្ទីរ​ជាតិ​ទួលស្លែង​។ រដ្ឋាភិបាល​បាន​បង្កើត​ឲ្យ​មានការ​តាំងពិព័រណ៍​មួយ​ដើម្បី​រំឭក​អំពី​អំពី​គុក​នេះ​។​

 
​អ្នកស្រី ចាន់ គឹម​ស្រ៊ុន ពាក់អាវ​ខ្មៅ សក់​ខ្លី​ក្រោម​ត្រចៀក​បន្តិច កំពុង​បីកូន​ជាប់​នឹង​ដៃ​ប្រកបដោយ​ទឹកមុខ​ស្រពាប់​ស្រពោន​។ ស្លាក​លេខ​អ្នកទោស​ព្យួរ​ជាប់​នឹង​ក​របស់​អ្នកស្រី​។ ពួក​ខ្មែរក្រហម​បាន​ថតរូប​អ្នកស្រី​ទុក​ដើម្បី​បញ្ចូល​ក្នុង​បញ្ជី​អ្នកទោស​នៃ​មន្ទីរ​ស​២១ ដែល​គេ​ស្គាល់​ថា​គុក​ទួលស្លែង​។ រូបថត​របស់​ជនរ​ង​គ្រោះ​រូបនេះ​ត្រូវគេ​ដាក់​តាំងនៅ​ចន្លោះ​រូបថត​ធំៗ​ចំនួន​ពីរ​ផ្ទាំង​ផ្សេងទៀត នៅក្នុង​សាល​តាំងពិព័រណ៍​ក្នុង​សារមន្ទីរ​ជាតិ​ទួលស្លែង​។​
 
​ឈ្មោះ​ជនរងគ្រោះ​សរុប​ចំនួន​១៨០​នាក់​តំណាង​ឲ្យ​អ្នកទោស​ក្នុង​គុក​ទួលស្លែង​យ៉ាងតិច​១២៣៨០​នាក់ ដែល​ត្រូវបាន​សម្លាប់ ត្រូវបាន​គេ​ផ្តិត​លើ​ផ្ទាំង​សំពត់​ប្លា​ស្ទិ​ក​ក្នុង​ស៊ុម​កញ្ចក់​ក្បែរ​នឹង​រូបថត​អ្នកស្រី​ចាន់ គឹម​ស្រ៊ុន ដែល​កំពុង​បីកូន​តូច​មួយ​ដេកលក់​នៅលើ​ដៃ​ម្តាយ​។ នៅក្នុង​ស៊ុម​កញ្ចក់​ម្ចា​ង​ទៀត មាន​ពាក្យ​បួងសួង​មួយ​ផ្ទាំង​របស់​ភ្ញៀវ​ទេសចរណ៍ ដែលមាន​ខ្លឹមសារ​ជារួម​ចង់​ឲ្យ​ជនរងគ្រោះ​ក្នុង​គុក​ទួលស្លែង​ទាំងអស់​ស្ថិតក្នុង​សុគតិភព​។​
 
​ទាំងនេះ​គឺជា​ទិដ្ឋភាព​មួយចំនួន​ក្នុង​ពិធី​តាំងពិព័រណ៍​រយៈពេល​ពេញ​មួយឆ្នាំ​ក្នុង​សារមន្ទីរ​ជាតិ​ទួលស្លែង​។ ពិធី​តាំង​ពិ​ព័រ​ណ៌​នេះ​បាន​បើកសម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១៩​ខែសីហា​ក្រោម​ប្រធានបទ​«៤០​ឆ្នាំ​៖ ការចង់ចាំ​ជនរងគ្រោះ​ស​-២១» ដើម្បី​រំឭក​ដល់​ការបង្កើត​សារមន្ទីរ​ជាតិ​ទួលស្លែង​។ សាធារណជន​អាច​ចូល​ទស្សនាការ​តាំងពិព័រណ៍​នេះ​ដោយ​សេរី​និង​ឥតគិតថ្លៃ​។​
 
​លោក ហង្ស និស្ស័យ ប្រធាន​ផ្នែក​គម្រោង និង​ផែនការ និង​ជា​អ្នកសម្របសម្រួល​កម្មវិធី​អប់រំ និង​ពិព័រណ៍​នេះ ឲ្យ​ដឹងថា ពិធី​តាំងពិព័រណ៍​នេះ​គឺ​ដើម្បី​បង្ហាញ​ដល់​សាធារណជន​ឲ្យ​ដឹង​ពី​កំណកំណើត​នៃ​សារមន្ទីរ​ជាតិ​ទួលស្លែង​និង​ឧក្រិដ្ឋកម្ម​ដែល​បង្កឡើង​ដោយ​ពួក​ខ្មែរក្រហម​នៅទីនេះ​។​
 
«​យើង​ដឹង​ហើយ​ថា ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​មាន​អ្នកស្រាវជ្រាវ​ច្រើនណាស់ ស្ទើរតែ​ទាំងអស់​ហើយ​។ ប៉ុន្តែ​ចំពោះ ប្រវត្តិ​សារមន្ទីរ​ដែល​ការកកើត ការរៀបចំ រហូតមកដល់​៤០​ឆ្នាំមាន​ការងារ​អី​ខ្លះ​ដែល​យើង​អនុវត្ត ខ្ញុំ​ជឿថា នៅមាន​កន្លែង​ចំណុច​ចំណេះដឹង​ដែល​កូនសិស្ស យុវជន និង​ប្រជាជន​អាចមក​មើល​ស្វែងរក​បន្ថែមទៀត​»​។​


លោក ហង្ស និស្ស័យ​ ប្រធានផ្នែក​គម្រោង និង​ផែនការ​ និង​ជា​អ្នក​សម្របសម្រួល​កម្មវិធី​អប់រំ និង​ពិព័រណ៌​ «៤០ឆ្នាំ៖ ការ​ចងចាំ​ជន​រង​គ្រោះ ស-២១» ថ្លែងប្រាប់ VOA ពីពិព័រណ៌​។ (កាន់ វិច្ឆិកា/VOA)
 
​សម្រាប់​លោក​ហង្ស និស្ស័យ​ពិព័រណ៍​នេះ​ក៏​ដើម្បី​ឧទ្ទិស​ដល់​ការរក្សា​សារមន្ទីរ​ជាតិ​ទួលស្លែង​ជា​កេរតំណែល​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ផងដែរ ជាពិសេស​វា​ទាក់ទង​នឹង​ការគោរព ការចងចាំ​អំពី​ជនរងគ្រោះ​។​
 
​នៅក្នុង​ពិ​ព័រ​ណ៌​នេះ មាន​ការដាក់​តាំងនូវ​រូបភាព រូបថត សំណេរ គ្រឿង​សម្ភារៈ​ផ្សេងៗ​ដែលជា​តឹកតាង​បង្ហាញ​ពី​ស្ថានភាព​របស់​វិទ្យាល័យ​ទួលស្លែង​មុន​ឆ្នាំ​១៩៧៥ មុន​ពួក​ខ្មែរក្រហម​បានប្រែក្លាយ​សាលារៀន​នេះ​ទៅជា​មន្ទីរឃុំឃាំង​នៅ​ឆ្នាំ​១៩៧៦​។ មន្ទីរ​ឃុំ​ឃាំ​នេះ​ត្រូវ​ពួក​ខ្មែរក្រហម​ប្រើ​ដើម្បី​ធ្វើ​ទារុណកម្ម​ជម្រិត​សួរចម្លើយ​អ្នកទោស​ដែល​ពួកគេ​ចោទថា បាន​ក្បត់​អង្គការ​ខ្មែរក្រហម ឬ​ចោទថា ជា​ចារកម្ម​របស់​ភ្នាក់ងារ​បរទេស​ប្រឆាំងនឹង​របប​ខ្លួន មុននឹង​អ្នកទោស​ទាំងនោះ​ត្រូវ​សម្លាប់​នៅក្នុង​គុក​នេះ ឬ​យកទៅ​សម្លាប់ចោល​នៅ​វាលពិឃាដ​បឹង​ជើងឯក​។ រូបថត​មួយចំនួន​បង្ហាញ​ពី​ការ​ពុះ​ខណ្ឌ​បន្ទប់រៀន​ទៅជា​បន្ទប់​តូចៗ​ដើម្បី​ឃុំឃាំង​អ្នកទោស​ដែល​គ្មាន​កំហុស​។​
 
​ក្រៅពីនោះ​មាន​រូបថត​ស្តីពី​សកម្មភាព​អភិរក្ស​ឯកសារ​ក្នុង​បណ្ណសារដ្ឋាន និង​រូបថត​ស្តីពី​ដំណើរការ​ការកាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ដោយ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ដែល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​។​
 
​លោក Ing Phythanara ជនជាតិខ្មែរ​កាត់​បាំ​រាំង ធ្លាប់​បានមក​ទស្សនា​សា​រ​មន្ទីរ​ជាតិ​ទួលស្លែង​កាលពី​ជាង​១០​ឆ្នាំមុន​។ លោក​បាន​នឹករឭក​ពី​ការដែល​លោក​ត្រូវ​បង្ខំ​ចាក​ចេញពី​កម្ពុជា​ពេល​ខ្មែរក្រហម​ចូលកាន់​កាប់​អំណាច​។​
 
«​គឺជា​ការ​រំឭក​កុំ​ឲ្យ​ភ្លេច​។ មាន​មនុស្ស​ខ្លះ​អាចមាន​ចិត្តអាក្រក់​មែន​ទែន ធ្វើបាប​ប្រជាជន​ខ្លួនឯង​។ យើង​មិនត្រូវ​ភ្លេច​ទាំងអស់​»​។​
 
​លោក Jose Puente អ្នកទេសចរ​មកពី​ប្រទេស​ម៉ិចស៊ិក គិតថា ទួលស្លែង​គឺជា​កន្លែង​រំឭក​ពី​សោកនាដកម្ម​ដែល​បានកើត​ឡើង​។​
 
«​ខ្ញុំ​គិតថា សារមន្ទីរ​នេះ​សំខាន់ និង​ទាក់ទាញ​អារម្មណ៍​យ៉ាងខ្លាំង​។ វា​សំខាន់​ពីព្រោះថា ហេតុផល​នៅ​ពីក្រោយ​សារមន្ទីរ​នេះ​គឺ​ដើម្បី​បង្ហាញថា ពេលខ្លះ​មនុស្ស​អាចមាន​ភាពព្រៃផ្សៃ​។ ហើយ​វា​សំខាន់​នៅក្នុង​ការ​មាន​កន្លែង​រំឭក​ដូចនេះ​ដើម្បី​កុំ​ឲ្យ​រឿងនេះ​កើតមានឡើង​សារជាថ្មី​»​។​
 
​យូរៗ​ម្តង អ្នកទស្សនា​មួយ​ឬ​ពីរ​នាក់​បាន​ចូលមក​កាន់​បន្ទប់​តាំង​ពិ​ព័រ​ណ៌​។ យោងតាម​របាយការណ៍​នៃ​ការចុះបញ្ជី​អ្នកទស្សនា មាន​អ្នកទស្សនា​ពិព័រណ៍​ចំនួន​ជាង​២០០​នាក់ ប្រាំ​ថ្ងៃ​ក្រោយពី​ការបើក​សម្ពោធ​ជា​ផ្លូវការ​កាលពី​ទី​១៩​ខែសីហា​។ ក្នុងចំណោម​នោះ​ភាគច្រើន​គឺជា​ជនជាតិ​បរទេស ដោយសារ​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ទៅ​ទស្សនា​នៅ​ទីនោះ​មាន​ចំនួន​តិចតួច​។​
 
​លោក Hadrien Cornut ជា​និស្សិត​ពេទ្យ​អាយុ​២៨​ឆ្នាំ​មកពី​ក្រុងប៉ារីស ប្រទេស​បារាំង​។ លោក​ចាប់អារម្មណ៍​អំពី​ដំណើរការ​កាត់ទោស​ខ្មែរក្រហម​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​។​
 
«​វា​ជា​រឿង​អាក្រក់​ណាស់ ដែល​ប្រជាជន​ត្រូវ​រង់ចាំ​ជិត​៤០​ឆ្នាំ​ដើម្បី​ការកាត់ក្តី​ពួក​ខ្មែរក្រហម​។ ប៉ុន្តែ ខ្ញុំ​ចង់​និយាយថា យឺតយ៉ាវ​ក៏​នៅតែ​ល្អ​ជាង​មិន​ធ្វើ​សោះ​ដែរ​។ វា​ត្រូវតែមាន​ការកាត់ក្តី បើ​មិន​អ៊ីចឹង​ទេ គឺ​នឹងមាន​ការបាត់បង់​ភាពជឿជាក់​លើ​មនុស្សជាតិ​»​។​
 
​ទោះជា​យ៉ាងណា អតីត​ប្រធាន​គុក​ទួលស្លែង​ឈ្មោះ កាំ​ង ហ្គេ​ច​អ៊ា​វ ហៅ ឌុ​ច ត្រូវ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​(ECCC) ដែល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​ចំពោះ​ការទទួលខុសត្រូវ​លើ​អំពើ​ឃោរឃៅ​ចំពោះ​ជនស្លូតត្រង់​ខ្មែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com