ជាតិ
សង្គមជាតិ
រថយន្ត​ដឹក​ក្រួស​បំផ្លាញ​ស្ពាន​មួយ​នៅ​ពោធិ៍សាត់ ប៉ុន្តែ​មិនមាន​មនុស្ស​រងគ្រោះ​ឡើយ​
26, Aug 2019 , 10:55 am        
រូបភាព
រូបភាព​ ស្ពានដែល​បាក់​​នៅ​ឃុំ​អូរសោម ស្រុកវាលវែង ខេត្ត​ពោធិ៍សាត់ ពី​​​មន្ទីរព័ត៌មាន​ខេត្ត​ពោធិ៍សាត់
រូបភាព​ ស្ពានដែល​បាក់​​នៅ​ឃុំ​អូរសោម ស្រុកវាលវែង ខេត្ត​ពោធិ៍សាត់ ពី​​​មន្ទីរព័ត៌មាន​ខេត្ត​ពោធិ៍សាត់
ដោយ:
​ទម្ងន់​របស់​រថយន្ត​ដឹក​ក្រួស បានធ្វើ​ឲ្យ​ស្ពាន​មួយ​នៅក្នុង​ភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់ បាក់​ខ្ទេចខ្ទី ហើយ​រថយន្ត​ក៏​ធ្លាក់ចុះ​ផងដែរ​។ នេះ​បើតាម​រូបភាព​ដែល​ផ្សាយ​ដោយ​មន្ទីរ​ព័ត៌មាន​ខេត្ត ដោយ​ករណីនេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២៥ ខែសីហា​។

 
​លោក ឃុ​ត ឧសភា ប្រធាន​រដ្ឋបាល​ខេត្តពោធិ៍សាត់​បាន​អះអាង​ករណីនេះ មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ឡើយ​។​លោក​បាន​បញ្ជាក់ថា ក្រោយពេល​អភិបាលខេត្ត បាន​ឭ​ដំណឹង​ពី​ការបាក់​ស្ពាន​នេះ​រួចមក គាត់​ក៏បាន​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច ជួសជុល​ឡើងវិញ​ហើយ ដើម្បី​កុំ​ឲ្យ​ខក​ស្ទុះ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ដែល​តែងតែ​ឆ្លងកាត់​ស្ពាន​នេះ​ជារឿយៗ​។​
 
​ស្ពាន​ឆាយ​លូក នៅ​ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ដែលជា​ស្ពាន​ឆ្លងកាត់​ទៅ​ខេត្តកោះកុង មាន​សភាព​ទ្រុឌ​ទ្រាម ដែល​អាច​ផ្ទុក​ទម្ងន់​បានតែ​១៥​តោន​។ លោក ឃុ​ត ឧសភា បាន​និយាយ​ដូច្នេះ​ថា​៖«​ពាក់ព័ន្ធ​នឹង​ការបាក់​ស្ពាន​នេះ អភិបាលខេត្ត​បាន​យកចិត្តទុកដាក់​ខ្ពស់​ណាស់ ក្នុង​ការដាក់​កម្លាំង សម្រាប់​ជួសជុល​ស្ពាន​ដែល​បាន​បាក់​នោះ​យ៉ាង​លឿន​ជាទីបំផុត ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ស្ពាន​នោះ​អាច​ដំណើរការបាន​ឡើងវិញ ព្រោះ​ស្ពាន​នេះ​ជា​តម្រូវការ​ចាំបាច់​រប​ស់​ប្រជាពលរដ្ឋ​ឆ្លងកាត់​»​។​
 
​យោងតាម​មន្ទីរ​ព័ត៌មាន​ខេត្តពោធិ៍សាត់ រថយន្ត​ដឹក​ក្រួស​ដែលជា​ដើមហេតុ​នោះ គឺ​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ចិន​មួយ​ដែល​ស្ថាបនា​ផ្លូវ​ក្នុង​ឃុំ​អូរ​សោម​៕

Tag:
 ​ស្ពាន
© រក្សាសិទ្ធិដោយ thmeythmey.com