​បារាំង​៖ មន្ត្រី​សាលាក្រុង​រត់ចេញ​ព្រាត ក្រោយ​បុរស​ម្នាក់​យក​គ្រាប់បែក​ដែល​ខ្លួន​ប្រទះឃើញ ទៅ​រាយការណ៍​
ប្លែកៗ
អន្តរជាតិ
​បារាំង​៖ មន្ត្រី​សាលាក្រុង​រត់ចេញ​ព្រាត ក្រោយ​បុរស​ម្នាក់​យក​គ្រាប់បែក​ដែល​ខ្លួន​ប្រទះឃើញ ទៅ​រាយការណ៍​
26, Aug 2019 , 8:19 pm        
រូបភាព
ដោយ: ធីតា
​បុរស​ម្នាក់​ដែល​រស់នៅ​ក្រុង Auby ភាគ​ខាងជើង​ប្រទេស​បារាំង កាលពីពេល​ថ្មីៗ​កន្លងមកនេះ បាន​កាន់​គ្រាប់បែក​មួយ​គ្រាប់​ទៅ​សាលាក្រុង​ដើម្បី​រាយការណ៍​បន្ទាប់ពី​គាត់​បាន​ប្រទះឃើញ​នៅក្នុង​សួនច្បារ​របស់ខ្លួន​។ គ្រាន់តែ​ឃើញ​វត្ថុតាង មន្ត្រី​សាលាក្រុង​បាននាំគ្នា​រត់​ចែក​ជើង ដោយ​មិន​ហ៊ាន​ចុះ​កំណត់ហេតុ​ភ្លាមៗ​នោះឡើយ​។​

 
«​ពេល​ជីកដី​ឃើញ​គ្រាប់បែក​នៅក្នុង​សួនច្បារ​របស់ខ្លួន គាត់ [​ម្ចាស់ផ្ទះ​] មិន​ថា ត្រូវធ្វើ​យ៉ាងណា​នោះឡើយ ទីបំផុត​គាត់​បានសម្រេច​ចិត្ត​យក​គ្រាប់បែក​នោះ​ទៅកាន់​សាលាក្រុង Auby ផ្ទាល់​តែម្តង នា​វេលា​ម៉ោង​៣​រសៀល​»​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ La Voix du Nord​។​
 
​ឃើញ​វត្ថុតាង​ភ្លាម មន្ត្រី​សាលាក្រុង​ដែល​ត្រូវ​ទទួល​ពាក្យបណ្តឹង នាំគ្នា​រត់​យក​ព្រះ​អាយូស ដោយសារ​ភ័យខ្លាច​គ្រាប់បែក​នោះ​ផ្ទុះ​។ ពួកគាត់​បាន​ទូរ​សព្ទ​ហៅ​ប៉ូលិស និង​មន្ត្រី​ជំនាញ ដើម្បី​ទៅយក​គ្រាប់បែក​នោះ​ចេញ​។ ក្រោយមក មន្ត្រី​ផ្នែក​ដោះមីន​ប្រចាំ​មជ្ឈមណ្ឌល Arras ទៅ​ដោះ​គន្លឹះ​គ្រាប់​បែកចេញ​។​
 
​កាសែត La Voix du Nord បាន​បញ្ជាក់ថា ករណី​យក​វត្ថុតាង​ដ៏​ភ្ញាក់ផ្អើល​បែបនេះ ទៅ​រាយការណ៍ បាន​នាំ​ឲ្យ​សាលាក្រុង Auby ទាំងមូល​ត្រូវ​ផ្អាក​សកម្មភាព​ជាង​១​ម៉ោង រីឯ​មន្ត្រី​ទាំងអស់​របស់​សាលាក្រុង ក៏ត្រូវ​បានស្នើ​ឲ្យ​ទៅ​នៅក្រៅ​ការិយាល័យ នា​អំឡុង​ប្រតិបត្តិការ​របស់​សមត្ថ​កិច្ច​ផងដែរ​។​
 
​តំណាង​មន្ត្រី​សាលាក្រុង បាន​លើកទឹកចិត្ត​ពលរដ្ឋ​ឲ្យ​រាយការណ៍​ទៅ​សមត្ថកិច្ច​នៅពេលដែល​ពួកគេ​ប្រទះឃើញ​អាវុធជាតិផ្ទុះ ប៉ុន្តែ​ត្រូវ​ហៅ​សមត្ថកិច្ច​ជំនាញ​ចុះទៅ​ទីតាំង​ផ្ទាល់ មិនមែន​យក​វត្ថុតាង​នោះ ទៅ​រាយការណ៍​នោះឡើយ​។ ជា​សំណាងល្អ ករណី​ខាងលើ មិន​បណ្តាល​ឲ្យ​មាន​អ្នករងគ្រោះថ្នាក់​នោះឡើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម