និស្សិតកម្ពុជាចំនួន២៥រូបនឹងត្រូវបញ្ចប់ការសិក្សានៅចុងរដូវក្តៅខាងមុខនេះ ជាមួយនឹងការទទួលបានសញ្ញាបត្រទ្វេរ ពោលគឺពីសាលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅប្រទេសកម្ពុជា និង និស្សិតចំនួន១៥នាក់នឹង ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិធុរកិច្ចអន្តរជាតិពីសាកលវិទ្យាល័យ ULB (ប្រទេសប៊ែលហ្សិក) ហើយនិស្សិត១០នាក់ផ្សេងទៀតនឹងទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់នីតិសាធារណៈ ឯកទេសនីតិអន្តរជាតិ និងសហគមអឺរ៉ុបពីសាកលវិទ្យាល័យប៉ារីស៨ (ប្រទេសបារាំង)។
និស្សិតដែលនឹងបញ្ចប់ការសិក្សានាពេលខាងមុខនេះ ពួកគាត់មានសាវតាខុសៗគ្នារួមមាន៖ មន្ត្រីរដ្ឋាភិបាល ពាណិជ្ជករ បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល និងមេធាវីជាដើម។ ពួកគាត់ ត្រូវបានបង្រៀនដោយសាស្ត្រាចារ្យដែលមាន សមត្ថភាពខ្ពស់ ព្រមទាំងមកពីបរទេសដើម្បីមកបង្រៀននៅប្រទេសកម្ពុជា ជាមួយនឹងកម្មវិធីដែលតែងតែធ្វើបច្ចុប្បន្នភាពជា រៀងរាល់ឆ្នាំ។ អតីតនិស្សិតម្នាក់ដែលបានបញ្ចប់ការសិក្សាកាលពីឆ្នាំមុនពីកម្មវិធីបណ្តុះបណ្តាលនេះបានលើកឡើងថា« សាស្ត្រាចារ្យមានវិជ្ជាជីវៈខ្ពស់នៅក្នុងអាជីពពួកគាត់ ហើយពួកគាត់បានផ្តល់មុខវិជ្ជាដែលពាក់ព័ន្ធសំខាន់បំផុតសម្រាប់ទី ផ្សារការងារបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា។ ខ្ញុំតែងតែផ្ញើអ៊ីមែលទៅអតីតសាស្ត្រាចារ្យរបស់ខ្ញុំដើម្បីស្វែងរកគំនិត និងការ ណែនាំផ្សេងៗ។ ខ្ញុំតែងតែទទួលបានការឆ្លើយតប និងការជំរុញទឹកចិត្តដែលមានន័យបំផុតសម្រាប់ខ្ញុំ...»។
បន្ថែមពីនេះទៀត និស្សិតក៏ទទួលបានអត្ថប្រយោជន៍ផងដែរពីការធ្វើបាថកថាសាធារណៈរបស់ភ្ញៀវកិត្តិយស ដែលជាឱកាសដ៏ល្អមួយ ទៀតសម្រាប់ពួកគាត់ដើម្បីជួបសំណេះសំណាល និងរៀនជំនាញជាក់ស្តែង ព្រមទាំងចំណេះដឹងដែលអាចប្រើបានពី អ្នកជំនាញអន្តរជាតិទាំងនោះ។
ដោយត្រូវបានចោទសួរទៅកាន់និស្សិតម្នាក់ ដើម្បីផ្តល់នូវសេចក្តីសន្និដ្ឋានអំពីការសិក្សាររយៈពេល២ឆ្នាំ ក្នុងថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់នេះ លោក ណែន ចាន់សាមុត ដែលសព្វថ្ងៃនេះ កំពុងបំរើការងារជាអនុប្រធានអ្នកសម្របសម្រួល និងជាអ្នក គ្រប់គ្រងនៅមជ្ឈមណ្ឌល Sai នៅកម្ពុជាបានគូសបញ្ជាក់ថា៖ «ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នេះគឺជាកំណប់នៃជំនាញ របស់យើង រួមជាមួយនឹងការផ្តល់មូលដ្ឋានគ្រឹះដ៏មាំដល់អាជីពការងាររបស់ខ្ញុំ។ ការទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ នេះវា ពិតជាផ្តល់នូវការជឿទុកចិត្តពីថ្នាក់គ្រប់គ្រង និងមិត្តរួមការងាររបស់ខ្ញុំនៅកន្លែងធ្វើការរបស់ខ្ញុំ។ ឥឡូវនេះខ្ញុំអាចទទួល ខុសត្រូវយ៉ាងពេញលេញក្នុងការងាររបស់ខ្ញុំ ហើយខ្ញុំមានអារម្មណ៍ជឿជាក់ជាងមុននៅពេលធ្វើការជាពិសេសការបង្ហាញ ឬផ្លាស់ប្តូរទស្សនៈ និងគំនិតជាមួយមិត្តរួមការងារ។ ខ្ញុំអាចប្រើប្រាស់នូវចំណេះដឹងដែលខ្ញុំទទួលបានពីការសិក្សាដើម្បី យកទៅអនុវត្តពិតប្រាកដប្រកបដោយប្រសិទ្ធភាពនៅក្នុងជីវិតពិតជាក់ស្តែង។»។
បើទោះបីជាមានមតិវិជ្ជមានជុំវិញការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះក៏ដោយ និស្សិតភាគច្រើនសារភាពថាសម្រាប់ ការសិក្សារយៈពេលពីរឆ្នាំថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដែលមានកំរិតស្តង់ដារអឺរ៉ុបនេះគឺតម្រូវអោយមានភាពម៉ត់ចត់ កិច្ចខិត ខំប្រឹងប្រែងខ្លាំង លះបង់ពេលវេលា និងត្រូវឈរលើការឧស្សាហ៍ព្យាយាមផងដែរ។
ត្រង់ចំណុចនេះ លោក ណែន ចាន់សាមុត បានរំឭកយ៉ាងដូច្នេះថា៖«ខ្ញុំនៅចាំបានសម្តីសាស្ត្រាចារ្យម្នាក់លើកឡើងថា ការងារច្បាប់មិនងាយស្រួលនោះទេ។ ការសរសេរនិក្ខេបបទ វារឹតតែពិបាកទៅទៀត។ វាចាំបាច់ណាស់ក្នុងការមានពេលវេលាគ្រប់គ្រាន់ កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តក្នុងការអាន និងផ្តោតលើប្រធានបទដែល យើងកំពុងធ្វើការលើវា” ។
សម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩ មាននិស្សិតប្រមាណ៣៥% បានបោះបង់ការសិក្សាក្នុង កំឡុងឆ្នាំសិក្សានោះដោយសារពួកគេមិនអាចទប់ទល់នឹងការទាមទារលើការងារលើមុខវិជ្ជាសិក្សា។
ទន្ទឹមនឹងនេះ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្ត្ររយៈពេល២ឆ្នាំ(សិក្សាភាសាអង់គ្លេស) មានលក្ខណៈទាន់សម័យ និងក្លាយជាយុទ្ធសាស្ត្រមួយដើម្បីផ្តល់ឱ្យនិស្សិតនូវចំណេះដឹង និងជំនាញដ៏ចាំបាច់ផ្សេងៗដើម្បីជាការតម្រង់ទិសទៅរក ទីផ្សារពិភពលោក៖ «ភាពរីករាយបំផុតក្នុងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះគឺថា នៅពេលដែលអ្នកបញ្ចប់សេចក្តីព្រាង លើកទី ១ ទី ២ និងទី ៣ នៃនិក្ខេបបទរបស់យើងហើយដាក់ជូនទៅអ្នកត្រួតពិនិត្យរបស់អ្នកដើម្បីពិនិត្យ។ អ្នកត្រួត ពិនិត្យរបស់ខ្ញុំពិតជាជួយគាំទ្រនិងជួយជ្រោមជ្រែងខ្លាំងណាស់ ទោះបីជាគាត់រវល់ ខ្លាំងយ៉ាងណាក៏ដោយគាត់បានធានា ថាខ្ញុំដើរលើផ្លូវត្រូវ។ ខ្ញុំយល់ថារាល់មតិយោបល់របស់គាត់គឺធានាថាការសរសេររបស់ខ្ញុំនឹងត្រឹមត្រូវនិងបញ្ចប់ទៅ ដោយ មានតម្លៃដែលវាអាចផ្តល់ផលវិជ្ជមានដល់សង្គម។ សរុបមក ការសិក្សាកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ មិនត្រឹមតែ បានបង្រៀនយើងទាំងអស់គ្នាឲ្យចេះតម្រង់ទិសដល់ខ្លួនឯងនោះទេ វាក៏បានបង្រៀនយើងផងដែរ ពីវិធីសាស្ត្រគិតិយុត្ត ក្នុងការសរសេរ និងការវិភាគបែបគិតិយុត្តិ ព្រមទាំងគំនិតផ្សេងៗជាភាសាអង់គ្លេសផងដែរ»។
ដើម្បីធានាបាននូវចំណេះដឹងពេញលេញអំពីច្បាប់អន្តរជាតិ (ទាំងច្បាប់សាធារណៈ និងឯកជន) និស្សិតត្រូវបំពេញនូវ កម្មវិធីសិក្សាសំខាន់ៗដែលត្រូវបានរៀបចំឡើងដោយសាកលវិទ្យាល័យចំនួន ៥ ក្នុងភាពជាដៃគូ៖ សាកលវិទ្យាល័យ RULE សាកលវិទ្យាល័យប្រ៊ុចសែល (យូអិលប៊ី) សាកលវិទ្យាល័យប៉ារីស Fribourg និងម៉ុងត្រេអាល់។ ចំពោះលក្ខខណ្ឌចូល រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ គឺត្រូវបានអនុញ្ញាតទាំងនិស្សិត ដែលបញ្ចប់ការ សិក្សាផ្នែកច្បាប់ និងមិនមែនផ្នែកច្បាប់ ព្រមទាំងនិស្សិតដែលត្រូវការចំណេះដឹងផ្នែកច្បាប់សម្រាប់តួនាទីរបស់ពួកគេ។
ចំពោះនិស្សិតដែលអាចនិយាយបានថានឹងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះដោយជោគជ័យនោះ នឹងអាច ដឹងបាននៅដើមខែតុលានេះ ពីព្រោះថា នាយកកម្មវិធីនៅពី ULB លោកសាស្ត្រាចារ្យបណ្ឌិត Erik Van den Haute នឹង អញ្ជើញមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមការការពារនិក្ខេបបទ ហើយនឹងប្រកាសលទ្ធផលក្នុងអំឡុងពេលពិធីបញ្ចប់ ការសិក្សាដែលបានគ្រោងធ្វើនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩។
ថ្ងៃផុតកំណត់៖ ខែកញ្ញាឆ្នាំ ២០១៩ ។